en     km
en     km

គ.ជ.ប៖គណបក្សនយោបាយទាំង៤ បានឯកភាពលើលេខរៀងក្នុងការបោះឆ្នោតព្រឹទ្ធសភាខាងមុខ

Share

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា គណបក្សនយោបាយទាំងអស់ដែលចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភា នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ បានឯកភាពលើលេខរៀងរបស់ខ្លួនលើបញ្ជីបោះឆ្នោត។

ក្រោយធ្វើការចាប់ឆ្នោតយកលំដាប់លេខរៀង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ គណបក្សប្រជាជនកម្ពុជា បានឈរនៅលំដាប់លេខរៀងទី១ គណបក្សឆន្ទៈខ្មែរ ដែលជាបក្សសម្ព័ន្ធជាមួយគណបក្សភ្លើងទៀន និងបក្ស២ផ្សេងទៀតឈរនៅលំដាប់លេខរៀងទី២។ ចំណែកគណបក្សហ៊្វុន ស៊ិន ប៉ិច ឈរនៅលំដាប់លេខរៀងទី៣ និងចុងក្រោយគណបក្សទើបបង្កើតថ្មី គឺគណបក្សកម្លាំងជាតិឈរនៅលំដាប់លេខរៀងទី៤។ នេះបើផ្អែកតាមសេចក្ដីប្រកាសព័ត៌មានពីគ.ជ.ប។

លោកប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានលើកឡើងក្នុងពិធីចាប់ឆ្នោតថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ គ.ជ.ប នឹងរៀបចំបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ដើម្បីបម្រើឱ្យមានការប្ដឹងតវ៉ា ឬប្ដឹងជំទាស់ បន្ទាប់មកនឹងផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

គួរជម្រាបថា អាសនៈក្នុងព្រឹទ្ធសភា ដែលត្រូវបោះឆ្នោតជ្រើសតាំង ត្រូវកំណត់ត្រឹមចំនួន៥៨ ដែលបែងចែកតាមភូមិភាគ។ ក្នុងនោះមានភូមិភាគទី១ រាជធានីភ្នំពេញ មាន៥អាសនៈ ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំមាន៨អាសនៈ ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥អាសនៈ។ ចំណែកភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងប៉ៃលិន មាន១០អាសនៈ ភូមិភាគទី៥ តាកែវ កំពត កែប មាន៧អាសនៈ។ បន្ថែមពីនេះ ភូមិភាគទី៦ ខេត្តព្រៃវែង និងស្វាយរៀង មាន៧អាសនៈ ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ កោះកុង និងខេត្តព្រះសីហុ មាន៩អាសនៈ។ ចុងក្រោយភូមិភាគទី៨ មានកំពង់ធំព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ៦អាសនៈ។ នេះបើយោងតាមាត្រ៩នៃច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

យ៉ាងណាមាត្រា៥ និង៦ នៃច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដដែល បនបញ្ជាក់ថា សមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និងសមាជិក២រូបទៀត ត្រូវបារដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន៕

Share

ព័ត៌មានទាក់ទង

Image