en     km
en     km

មាតាធម្មជាតិ៖ តើក្រសួងបរិស្ថាននឹងរាប់គម្របឈើរបៀបណានៅឆ្នាំ២០៥០ បើបញ្ហាចម្រូងចម្រាសនៅកើតមាន?

Share

ក្រុមចលនាមាតាធម្មជាតិបានចោទសួរទៅកាន់រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញថា តើក្រសួងនឹងរាប់គម្របព្រៃឈើបែបណា  ខណៈដែលក្រសួងបរិស្ថានប្តេជ្ញាពង្រីកគម្របព្រៃឈើឱ្យបាន៦០ភាគរយនៅក្នុងឆ្នាំ២០៥០ តែបញ្ហាព្រៃឈើនៅតែមានភាពចម្រូងចម្រាសកើតឡើងដដែល។

ក្រុមចលនាមាតាធម្មជាតិបញ្ជាក់ថា បញ្ហាដែលនៅតែកើតមាន មានដូចជាសហគមន៍មិនត្រូវបានអនុញ្ញាតឱ្យចូលល្បាតព្រៃ។ ព្រៃតំបន់ការពារដោយច្បាប់ត្រូវបានកាត់ឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍជាបន្តបន្ទាប់ដូចជា នៅឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិកែប ឧទ្យានជាតិគិរីរម្យ និងការកាប់បំផ្លាញរាល់ថ្ងៃនៅព្រៃឡង់ និងព្រៃព្រះរការ។ បន្ថែមពីនេះ ក្រុមចលនាមាតាធម្មជាតិថា ការផ្ដល់អាជ្ញាបណ្ណឱ្យទៅក្រុមហ៊ុននាំឈើចេញក្រៅប្រទេសនៅតែបន្តមាន ដូចជាក្រុមហ៊ុនអង្គរផ្លាយវ៉ូតជាដើម។

កន្លងមកសារព័ត៌មានជាតិ និងអន្ដរជាតិនានា តែងតែចុះផ្សាយពីបញ្ហាបរិស្ថាននៅកម្ពុជានៅបន្ដកើតមានហូរហែរដូចគ្នា។ បញ្ហាទាំងនេះ ហាក់មិនទទួលបានការឆ្លើយតបមកវិញនោះទេ តែសកម្មជនបរិស្ថានមួយចំនួនដែលឈឺឆ្អាលរឿងទាំងនេះ បែរទទួលបានការដាក់ទោសទណ្ឌទៅវិញ។

រដ្ឋមន្ដ្រីក្រសួងបរិស្ថានថ្មីក្នុងអាណត្តិទី៧នេះ កាលពីអំឡុងខែតុលា បានចេញបញ្ជាឱ្យចាប់ផ្ដើមដាំកូនឈើឡើងវិញជារៀងរាល់ឆ្នាំមិនឱ្យខកខាននោះទេ។ ក្នុងនោះក្រោយពេលលោក អ៊ាង សុផល្លែតចូលកាន់តំណែងរយៈពេល៣ខែដំបូង ក៏បានធ្វើសកម្មភាពដាំកូនឈើប្រមាណ១លានដើម នៅឧទ្យានជាតិគិរីរម្យ។

ជាមួយគ្នា លោកធ្លាប់បានអះអាងវេទិកាសន្និសីទកំពូល ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃថា កម្ពុជាមានយុទ្ធសាស្ដ្របៃតង តាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ចំនួន១លានដើមក្នុងមួយឆ្នាំ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

លោក ហេង គឹមហុង ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលគួរបើកចំហឱ្យអ្នកស្រលាញ់បរិស្ថានចូលរួមការពារទ្រព្យសម្បត្តិជាតិនៅក្នុងឆ្នាំថ្មីនេះ ដើម្បីការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពជាងឆ្នាំចាស់៕

 

Share

Image
Image
Image