en     km
en     km

រកឃើញមនុស្ស៤នាក់ផ្ទុកកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1

Share

 

មនុស្ស៤នាក់ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវិដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ក្រោយពីទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ ក្រោយពីរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីនេះ ក្រសួងសុខាភិបាលក្រើនរំលឹកដល់ ប្រជាពលរដ្ឋពីការបង្ការការចម្លងជំងឺផ្តាសាយ និងការឆ្លងជំងឺកូវីដ-១៩ គាប់ជួននឹងរដូវធ្លាក់ខ្យល់នេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន៤ករណី។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ អ្នកជំងឺទាំង៤នាក់ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តា ឡីស័កនៅតាមផ្ទះរាងៗខ្លួន។

ទន្ទឹមនឹងនេះ ប្រព័ន្ធតាមជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានកត់សម្គាល់ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដោយតេសរហ័សនៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានាមានការកើនឡើង។ ហេតុនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងសុខាភិបាល ក្រើនរំលឹក ប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីបង្ការនៅការចម្លងវីរុស បំប្លែងថ្មីនៃជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការបង្ការដែលបានផ្សព្វផ្សាយ។

វិធានការទាំងនោះរួមមាន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬ អាល់កុល ឬ ដែលលាងដៃ។ ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើ ផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។

អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាកុមារ ជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះជាដើម មិនត្រូវចូលរួមជាមួយព្រឹត្តិការណ៍ដែលមានមនុស្សច្រើន បើមិនមានការ ចាំបាច់បំផុតនោះ ត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នា ព្រមទាំងមាន អ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តវិធានការខាងលើ។

វិធានការបន្ទាប់ក្រសួងណែនាំឱ្យគ្រប់គ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួនឱ្យបានសមស្រប។ និងចុងក្រោយ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានទាន់ពេលវេលា៕

 

Share

Image
Image
Image