en     km
en     km

អង្គការសមធម៌រកឃើញទីតាំងឧស្សាហកម្មរ៉ែមាសចំនួន៤ មានការរំលោភសិទ្ធិមនុស្ស និងបំផ្លាញបរិស្ថាន

Share

របាយការណ៍ថ្មីមួយពីអង្គការសមធម៌បានឱ្យដឹងថា មានការរំលោភសិទ្ធិមនុស្ស និងបំផ្លាញបរិស្ថាន នៅក្រោយឧស្សាហកម្មរ៉ែមាស នៅតាមទីតាំងរុករករ៉ែចំនួន៤។ តែយ៉ាងណាមន្ដ្រីរាជរដ្ឋាភិបាលមិនទាន់មានការឆ្លើយតបនោះទេ ទោះរបាយការណ៍នេះចេញផ្សាយ២-៣ថ្ងៃទៅហើយក្ដី។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

អង្គការសមធម៌កម្ពុជា បានចេញរបាយការណ៍ថ្មីមួយ ដោយបានដាក់ចំណងជើងថា“របាយការណ៍ស្ដីពីស្ថានភាពឧស្សាហកម្មរ៉ែមាសនៅកម្ពុជា៖ ការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញបរិស្ថាន”។ របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០២៣នេះ បានបង្ហាញពីស្ថានភាពនៃបញ្ហាពាក់ព័ន្ធនឹងពាណិជ្ជកម្មឧស្សាហកម្មរ៉ែមាស ថាមានការរំលោភសិទ្ធិមនុស្ស ការធ្វើឱ្យខូចខាតបរិស្ថាន ការកាប់បំផ្លាញព្រៃឈើ ការពិគ្រោះយោបល់ជាសាធារណៈមិនពេញលេញ និងស្ថានភាពក្រោមស្តង់ដាសិទ្ធិការងារ។

របាយការណ៍កម្រាស់៦៣ទំព័រ បានលម្អិតឱ្យដឹងថា ខ្លួនបានស្រាវជ្រាវលើករណីសិក្សាចំនួន៤ក្រុមហ៊ុន ដែលរុករករ៉ែមាស។ ក្នុងនោះមានក្រុមហ៊ុនអង្គរ ហ្គោល ខប មេស្កូ ហ្គោល នៅខេត្តរតនគិរី ក្រុមហ៊ុន រុងឆេង អ៊ីនដាសស្ទ្រៀល អ៊ីនវេសមេន នៅខេត្តមណ្ឌលគិរិ  ក្រុមហ៊ុន ឌែលខម កម្ពុជា នៅខេត្តព្រះវិហារ និងក្រុមហ៊ុន ស៊ីនយ័ន កាយៀក ខូអិលធីឌី តែមិនបានបញ្ជាក់ទីតាំងនោះទេ។

អង្គការសមធម៌អះអាងក្នុងរបាយការណ៍ច្បាស់ៗថា ការពង្រីក ការធ្វើគ្រឿងយន្ដកម្ម និងការប្រើប្រាស់សារធាតុគីមី ក្នុងឧស្សាហកម្មរ៉ែមាស បានបង្កើនហានិភ័យនៃការទន្ទ្រានដីធ្លី ការបំផ្លាញបរិស្ថាន សុខភាព សុវត្ថិភាពការងារសម្រាប់ប្រជាពលរដ្ឋ និងសហគមន៍ជនជាតិដើមភាគតិច។ បន្ថែមពីនេះ ការគាស់កាយសាងសង់ផ្លូវទៅកាន់តំបន់ដាច់ស្រយាលសម្រាប់ទាញយករ៉ែ និងការចម្រាញ់យករ៉ែមាស ក៏បង្កើនអត្រាហានិភ័យខ្ពស់ដល់ការកាប់បំផ្លាញព្រៃឈើជាសកលផងដែរ។ ជាមួយគ្នា សំឡេងជនជាតិដើមភាគតិចនៅតែត្រូវបានគេព្រងើយកន្ដើយ ឬមិនត្រូវបានគិតគូរ។ ក្ដីបារម្ភទាំងនេះមិនត្រូវបានដោះស្រាយទាន់ពេលវេលានោះទេ។ នេះបើយោងតាមរបាយការណ៍ដដែល។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល មិនបានឆ្លើយតបសំណួរអ្នកសារព័ត៌មានវិទ្យុស្ដ្រីនៅឡើយទេ ទាំងតាមប្រព័ន្ធតេឡេក្រាម​ និងតាមទូរសព្ទផ្ទាល់ គិតត្រឹមរសៀលថ្ងៃនេះ។ ផ្អែកតាមក្រសួងរ៉ែ និងថាមពលថា នៅប្រទេសកម្ពុជាមានទីតាំងរុករករ៉ែមាសនៅតាមបណ្តាខេត្តនីមួយៗមានដូចជា ខេត្តក្រចេះ១ទីតាំង, ខេត្តព្រះវិហារ២ទីតាំង, ខេត្តមណ្ឌលគីរី ២ទីតាំង, ខេត្តរតនគីរី១ទីតាំង និងខេត្តបាត់ដំបង១ទីតាំង។

គួរជម្រាបថា របាយការណ៍នេះ បានដាក់បញ្ចូលអ្នកផ្ដល់បទសម្ភាស៍សំខាន់ដូចជា កម្មករក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន មានមេភូមិ និងមេឃុំ និងសង្គមស៊ីវិលនានា ចំនួន៥៩ នាក់។ លើសពីនេះ របាយការណ៍នេះ បានផ្ដល់អនុសាសន៍ ដោយ​ស្នើ​ឱ្យ​មន្ត្រី​ពាក់​ព័ន្ធ​ត្រូវ​គិត​គូរ​ពី​ក្តី​កង្វល់​របស់​សហគមន៍​មូលដ្ឋាន​ឱ្យ​បាន​ហ្មត់​ចត់​ ហើយ​ចំណាយ​ធនធាន​បន្ថែម​ទៅ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដោយ​ស្មោះ​ត្រង់ ​នៅ​ក្នុង​តំបន់​សំខាន់ៗ ​ដែល​ការ​ជីក​ចម្រាញ់​យក​រ៉ែ​មាស​កំពុង​ធ្វើ​ឡើង។​ របាយ​ការណ៍​ក៏​ជំរុញ​ឱ្យ​មាន​ការ​ចាត់​វិធាន​ការ​ដើម្បី​ផ្អាក​ប្រតិបត្តិ​ការ​ណា​មួយ​ ដែល​បង្កើត​ការ​ខូចខាត​ចំពោះ​បរិស្ថាន​ និង​ផ្តល់​ជំនួយ​ដល់​ប្រតិបត្តិករ​ ដើម្បី​ធានា​ថា​ ប្រតិបត្តិ​ការ​របស់​ពួក​គេ​អនុលោម​តាម​ស្តង់ដារ​អន្តរ​ជាតិ ​និង​គោរព​តាម​ច្បាប់​បរិស្ថាន​របស់​កម្ពុជា៕​

Share

Image
Image
Image