en     km
en     km

និស្សិតឥណ្ឌូនេស៊ីបង្ខំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចេញពីជំរំជនភៀសខ្លួន

Share

 

និស្សិតសាកលវិទ្យាល័យឥណ្ឌូនេស៊ីរាប់រយនាក់ បានរត់សម្រុកចូលទៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងគោលបំណងបង្ខំឱ្យពួកគេចាកចេញពីជំរំជាបន្ទាន់។ និស្សិតទាំងនេះ ពាក់ឯកសណ្ឋានមកពីសាកលវិទ្យាល័យផ្សេងៗក្នុងតំបន់ ដោយប្រមូលផ្តុំគ្នាចូលទៅក្នុងសាលក្នុងរដ្ឋធានី Banda Aceh ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ​ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

និស្សិតទាំង​នេះ ​បាន​ទាមទារ​ឱ្យ​ជនភៀសខ្លួន​​ផ្លាស់​ទៅ​នៅការិយាល័យ​អន្តោប្រវេសន៍​ក្នុង​តំបន់ជំនួសវិញ ដ្បិតនិស្សិតទាំងនេះតវ៉ាមិនចង់ឱ្យជនជាតិ​រ៉ូហ៊ីងយ៉ា​បន្តរស់នៅក្នុងជំរំនេះឡើយ។ ការវាយប្រហារលើជនភៀសខ្លួនធ្វើឡើង បន្ទាប់ពីមានព័ត៌មានមិនពិតជាច្រើនបានផ្សព្វផ្សាយលើបណ្តាញសង្គម ដែលបានបង្ហាញការរើសអើង និងនិយាយបែបបណ្តុះបង្អាប់ឱ្យស្អប់និងប្រឆាំងនឹងជនភៀសខ្លួនទាំងនេះ។

ប៉ូលិសក្នុងតំបន់បាននិយាយថា និស្សិតនាំគ្នា​ដុត​កង់ឡាន និង​រៀបចំ​ឡានរួចជាស្រេចដើម្បី​ដឹក​ជញ្ជូន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ចេញពីជំរំ។ ប៉ូលិសបញ្ជក់ថា ពួកគេបានព្យាយាមឃាត់ភាគីទាំងសងខាងមិនឱ្យបង្កជាអំពើហិង្សា និងចលាចល ដូចនេះក្រុមកងកម្លាំងប៉ូលិសបាននាំជនភៀសខ្លួនទៅកាន់ការិយាល័យរដ្ឋាភិបាលមួយផ្សេងទៀតនៅក្បែរនោះជាបណ្តោះអាសន្នសិន។

ក៏ប៉ុន្តែ ក្រុមប៉ូលិសឥណ្ឌូនេស៊ីមិនទាន់បានអត្ថាធិប្បាយ និងស្រាយបំភ្លឺជុំវិញបញ្ហានេះចំពោះមុខការសារព័ត៌មាន AFP នោះនៅឡើយទេ។ ជាមួយគ្នានេះ អង្គការ UNHCR នៅតែព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់ជនភៀសខ្លួនរបស់មីយ៉ាន់ម៉ានៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះ អង្គការបានអំពាវនាវដល់អាជ្ញាធរឥណ្ឌូនេស៊ីអនុវត្តច្បាប់ក្នុងតំបន់ឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីធានាការការពារបុគ្គល និងបុគ្គលិកមនុស្សធម៌ទាំងអស់។

គួរបញ្ជាក់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១,៥០០នាក់បានភៀសខ្លួនមកឥណ្ឌូនេស៊ីចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ដែលក្នុងជំរំ មានជនភៀសខ្លួនចំនួន ១៣៧នាក់បានស្នាក់អាស្រ័យ៕

ប្រភព៖ AFP ចុះថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣

Share

Image
Image
Image