en     km
en     km

រកឃើញសពតារាសម្ដែងកូរ៉េលោក Lee Sun-kyun បន្ទាប់ពេលលេចរឿងអាស្រូវជុំវិញការប្រើប្រាស់គ្រឿងញៀន  

Share

ប៉ូលិសកូរ៉េខាងត្បូងបានរាយការណ៍ថា តារាសម្តែងកូរ៉េខាងត្បូង និងជាអ្នកគ្រងពានរង្វាន់អូស្ការផ្នែកខ្សែភាពយន្ត Parasite លោក Lee Sun-kyun បានទទួលអនិច្ចកម្មនៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងអាយុ ៤៨ឆ្នាំ។ សាកសពលោក Lee ត្រូវបានកងកម្លាំងប៉ូលិសរកឃើញនៅក្នុងរថយន្តដែលចតចោលនៅតាមផ្លូវក្នុងសង្កាត់ Seongbuk ភាគខាងជើងនៃទីក្រុងសេអ៊ូល។ នេះបើយោងតាមសារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ប៉ូលិសក្នុងសង្កាត់ Seongbuk បាន ឱ្យដឹងទៀតថា សាកសព របស់លោក Lee ត្រូវបាន បញ្ជូនចូល ទៅ ក្នុងមន្ទីរពេទ្យ សាកលវិទ្យាល័យ ជាតិ សេអ៊ូល ដើម្បីធ្វើកោសល្យវិច្ច័យស្វែងរកមូលហេតុជុំវិញការស្លាប់របស់លោក។ តាមសម្រង់សម្តីរបស់ប៉ូលីសស្វែងរកភស្តុតាងនៅកន្លែងកើតហេតុបញ្ជាក់ថា លោក Lee បានបន្សល់ទុកនូវក្រដាសមួយសន្លឹក ដែលមានលក្ខណៈដូចជាបណ្តាំចុងក្រោយដែលសរសេរឡើងមុនពេលចង់បញ្ចប់ជីវិតខ្លួនឯង។

មុនការស្លាប់នេះ លោក Lee កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីសជុំវិញការចោទប្រកាន់ថា លោកបានប្រើប្រាស់កញ្ឆា និងថ្នាំញៀនផ្សេងទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ បន្ទាប់ពីផ្ទុះរឿងអាស្រូវនេះកាលពីខែតុលា ឆ្នាំ២០២៣ កេរ្តិ៍ឈ្មោះរបស់លោក Lee បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។ ក្នុងនោះ តារា សម្តែង រូបនេះ ត្រូវក្រុមហ៊ុន រំសាយការងារពី គម្រោង ទូរទស្សន៍ និងការធ្វើ ពាណិជ្ជកម្មនានា។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងមានច្បាប់តឹងតែងបំផុតលើគ្រឿងញៀនខុសច្បាប់ ដោយជនជាតិកូរ៉េដែលប្រើប្រាស់គ្រឿងញៀនដូចជាកញ្ឆាស្របច្បាប់នៅបរទេស ប្រឈមនឹងការកាត់ទោសនៅពេលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេដោយឥតលក្ខខណ្ឌក្នុងការតវ៉ានោះឡើយ៕

ប្រភព៖ AFP ចុះថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣

Share

Image
Image
Image