en     km
en     km

មេដឹកនាំមីយ៉ាន់ម៉ាបង្ហាញខ្លួនដំបូងក្នុងកិច្ចប្រជុំកំពូលមេគង្គរបស់ចិន

Share

 

មេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing បានក្លាយជាសហប្រធានក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយកាលពីថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ មេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះ បានជំរុញឱ្យប្រទេសស្ថិតក្នុងមេគង្គ-ឡានឆាងទាំងអស់ជួយគ្នាទៅវិញទៅមក ក្រោមនីតិវិធីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយអំពាវនាវឱ្យពន្លឿនការអនុវត្ត និងរៀបចំផែនការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅក្នុងចំណោមប្រទេសជាសមាជិក។

ទោះបីជាលោក Min Aung Hlaing បានធ្វើជាសហម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះក៏ដោយ ក៏ទីក្រុងប៉េកាំងបានបដិសេធសំណើរដដែលៗរបស់លោក ក្នុងការធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនផងដែរ។ លោក Min Aung Hlaing ក៏ត្រូវបានដកចេញពីកិច្ចប្រជុំកំពូលនៃសមាគមសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ជារឿយៗ បន្ទាប់ពីមីយ៉ាន់ម៉ាមិនមានចំណាត់ការណាមួយជុំវិញបញ្ហាជម្លោះផ្ទៃក្នុងរបស់ខ្លួន។

គួរបញ្ជាក់ថា កិច្ចប្រជុំ​កំពូលនេះ ធ្វើឡើងដើម្បី​សម្រេចអនុម័ត​សេចក្តី​ប្រកាស​ក្រុង​ណៃពិដោ សម្រាប់​សមាជិក​ទាំង​ប្រាំមួយ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា​។ ក្នុងនោះ ប្រទេសទាំងប្រាំមួយមានដូចជា ចិន មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និងកម្ពុជា បានយល់ព្រមលើកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។

ជាមួយគ្នានេះ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ឆ្នាំ២០២៣នេះ មានទស្សនៈផ្លាស់ប្តូរផ្នត់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវឆ្លងព្រំដែនរបស់ប្រទេសចិន បញ្ហាការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងតាមសេចក្តីសង្ខេបនៃកិច្ចប្រជុំកាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣៕

ប្រភព៖ Nikkei Asia ចុះពុធ​ ទី២៧ ខែធ្នូ ឆ្នាំ២០២៣

Share

Image
Image
Image