en     km
en     km

មន្ទីរអប់រំបំភ្លឺថា អ្នកគ្រូ អឿ មុន្នី មានអាយុលើស៤០ឆ្នាំ ពុំអាចបន្តកិច្ចសន្យាធ្វើគ្រូបង្រៀនឡើយ

Share

មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានចេញសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បំភ្លឺដល់មហាជន បន្ទាប់ពីមានគេហទំព័រទំនាក់ទំនងសង្គមគណនីហ្វេសបុក ឈ្មោះ អឿ មុន្នី បានបង្ហាញ អំពីការមិនអស់ចិត្តជុំវិញករណីដែលខ្លួនមិនបានបន្តធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

 

កាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ មានគណនីមួយឈ្មោះថា អឿ មុន្នី ជាអតីតគ្រូបង្រៀនជា​ប់កិច្ចសន្យានៅខេត្តបន្ទាយមានជ័យ បានបង្ហាញការមិនអស់ចិត្តក៏ដូចជាត្អូញត្អែរលើគណនីរបស់ខ្លួនថា៖«នាងខ្ញុំឈ្មោះ អឿ មុន្នី នៅតែមិនអស់ចិត្ត  ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សា សុខសាន្ត សង្កាត់ និមិត្ត  ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ  ចាប់តាំងពីឆ្នាំ2006  ទទួលបានប្រាក់ខែ  130000រៀលក្នុង1ខែ បង្រៀនរហូតដល់ឆ្នាំ2023  ទទួលបានប្រាក់ក្នុង1ខែ1120000រៀល អស់រយៈពេល  16ឆ្នាំ កន្លងមក  នៅថ្ងៃទី20 ខែ វិច្ឆិកា ឆ្នាំ2023 លោកនាយកសាលា និងលោកខាងមន្ទីរអប់រំក្រុង បានបញ្ឈប់ នាងខ្ញុំលែងឱ្យបង្រៀនជាគ្រូជាប់កិច្ចសន្យាបន្តទៀតហើយ មូលហេតុ ដោយគេលើកឡើងថា នាងខ្ញុំចាស់ហើយ   ក៏ ប៉ុន្តែ បើសិនជាមានគ្រូក្របខណ្ឌចូលមក គេដកនាងខ្ញុំចេញក៏អស់ចិត្តដែរ តែលោកគ្រូនាយកសាលា បានដាក់ប្អូនប្រុសគាត់ ២នាក់ ចូលមកធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យានៅសាលាបឋមសិក្សាក្នុងភូមិសុខសាន្ត ទៅវិញ »។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានចេញសេចក្ដីបំភ្លឺថា ជាគោលការណ៍ដែលបានកំណត់ដោយក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា គឺជាបេក្ខជន ឬជាប្រជាពលរដ្ឋ ដែលត្រូវមានអាយុចាប់ពី ១៨ ឆ្នាំដល់៤០ឆ្នាំ។

សេចក្ដីបំភ្លឺនោះបន្តថា ករណីជាក់ស្ដែងចំពោះអ្នកគ្រូ អឿ មុន្នី ដែលមានអាយុលើសច្រើន រហូតទៅដល់ ៥៧ឆ្នាំ ជាហេតុធ្វើឱ្យការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ពុំបានទទួលពាក្យសុំធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យារបស់គាត់ឡើយ។ សម្រាប់ឆ្នាំ២០២២កន្លងមក អ្នកគ្រូ អឿ មុន្នី បានទទូចស្នើសុំ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងប៉ោយប៉ែត ដោយបានធ្វើជាគ្រូកិច្ចសន្យា ស្នើសុំជួយសម្របសម្រួល ឱ្យបានធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា រយៈពេលមួយឆ្នាំគត់ ដោយមិនសុំបន្តឆ្នាំក្រោយទៀតនោះទេ៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

 

Share

Image
Image
Image