en     km
en     km

ឡាវត្រៀមខ្លួនជាស្រេចក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤

Share

ប្រទេសឡាវនឹងកាន់តំណែងជាម្ចាស់ផ្ទះអាស៊ានជាលើកទី៣ បើទោះបីជាមានបញ្ហាស្មុគស្មាញជាច្រើនកំពុងកើតឡើង ក៏ប៉ុន្តែឡាវថា ខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការដោះស្រាយបញ្ហានានា ដែលនឹងលើកយកមកពិភាក្សានៅក្នុងអង្គប្រជុំឆ្នាំ២០២៤ខាងមុខ។

(កញ្ញា សៃ ចន្ធី រាយការណ៍)

 

ប្រទេសឡាវនឹងគ្រងតំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ប្ដូរវេន ជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤តទៅ។ នេះជាលើកទី៣ហើយដែលឡាវត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ខណៈពេលនេះបណ្តាប្រទេសមហាអំណាចធំៗជាច្រើន កំពុងប្រកួតប្រជែងដណ្តើមទីផ្សារឈរជើងនៅក្នុងប្រទេសឡាវ និងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់លំហូរគ្រប់គ្រងវិស័យមួយចំនួន។ នេះបើយោងតាមសារព័ត៌មាន​ Bangkok Post ចុះផ្សាយនៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

បច្ចុប្បន្នបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ប្រទេសឡាវ គឺជាការគំរាមកំហែងដែលមានស្រាប់ពីជម្លោះក្នុងតំបន់ និងបញ្ហាសន្តិសុខពិភពលោក ហើយការគំរាមកំហែងទាំងនេះនឹងកើតឡើងក្នុងទម្រង់ណាមួយដែលមិនអាចទាយទុកមុនបាននោះឡើយ។ ក៏ប៉ុន្តែប្រទេសឡាវ ត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយរាល់ហេតុការណ៍ដែលកើតមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលខ្លួននឹងធ្វើម្ចាស់ផ្ទះ។

ទន្ទឹមនឹងនោះ សហគមន៍អន្តរជាតិនឹងធ្វើការពិនិត្យយ៉ាងដិតដល់នូវរាល់អាកប្បកិរិយារបស់ប្រទេសឡាវ មុននឹងត្រៀមធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រជុំអាស៊ាននៅឆ្នាំ២០២៤ ខាងមុខនេះ។ ឡាវជាប្រទេសមួយដែលផ្តល់​​សារៈសំខាន់​ចំពោះ​ការ​អភិវឌ្ឍប្រទេស​ជាតិ​របស់​ខ្លួន​ ហើយអាចប្រែក្លាយតំបន់ដែលគ្មានផ្លូវគោកទៅជាមជ្ឈមណ្ឌលតភ្ជាប់ដីគោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក។ នេះបង្ហាញពីកិត្យានុភាពមួយផ្នែកក្នុងនាមជាម្ចាស់ផ្ទះ រួមទាំងរបៀបវារៈនៅក្នុងកិច្ចប្រជុំអាស៊ានខាងមុខផងដែរ។

យោងតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Saleumxay Kommasith បានគូសបញ្ជាក់អំពីវិស័យអាទិភាពចំនួនប្រាំបួននៅក្នុងសុន្ទរកថារបស់លោកនៅប្រទេសសិង្ហបុរីថា ការគ្របដណ្តប់ពេញមួយរង្វង់នៃសហគមន៍អាស៊ាន និងដៃគូខាងក្រៅរបស់ខ្លួន គឺជាការរួមបញ្ចូលនិងការតភ្ជាប់សេដ្ឋកិច្ច បង្កើតអនាគតរួម និងនិរន្តរភាព ការផ្លាស់ប្តូរសម្រាប់អនាគតឌីជីថល លើកកម្ពស់តួនាទីនៃវប្បធម៌អាស៊ាននិងសិល្បៈសម្រាប់ការរួមបញ្ចូល និងនិរន្តរភាព។

លោក Kommasith បញ្ជាក់ទៀតថា ឡាវនឹងបង្កើតផែនការយុទ្ធសាស្ត្រ និងអនុវត្តលើចក្ខុវិស័យសហគមន៍អាស៊ាន សម្រាប់ឆ្នាំ២០៤៥ ដោយលើកកម្ពស់ភាពជាកណ្តាលរបស់អាស៊ាន ជាមួយការជំរុញកិច្ចសហប្រតិបត្តិការបរិស្ថាន  ស្ត្រី  កុមារ និងសុខភាពជាសកល។

គួរបញ្ជាក់ដែរថា ប្រទេសមីយ៉ាន់ម៉ាត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ខាងមុខនេះ ក៏ប៉ុន្តែដោយសារតែប្រទេសនេះ កំពុងមានសង្គ្រាមស៊ីវិលរវាងក្រុមជនជាតិភាគតិចប្រដាប់អាវុធ និងកងកម្លាំងយោធារបស់រដ្ឋាភិបាល ជាពិសេសនៅតំបន់ភាគខាងជើង និងភាគពាយ័ព្យ។ ការប្រយុទ្ធគ្នានេះ ត្រូវបានគេរំពឹងទុកថា ប្រសិនបើការប្រយុទ្ធកាន់តែខ្លាំង និងមានអូសបន្លាយពេលយូរ ដូច្នេះនឹងផ្ទេរតំណែងបន្តឱ្យប្រទេសឡាវក្នុងការធ្វើជាម្ចាស់ផ្ទះជំនួសវិញ៕

ប្រភព៖ Bangkok Post ចុះថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣

Share

Image
Image
Image