អតីតបុគ្គលិកណាហ្គាវើលដ៍ រួមនឹងតំណាងសហជីព និងសង្គមស៊ីវិលមួយចំនួនទៀត បាននាំគ្នាយកប៉ោងៗបង្ហោះសារ នៅក្បែរពន្ធនាគារព្រៃស ទាមទារដោះលែងកញ្ញា ឈឹម ស៊ីថរ ក្នុងថ្ងៃខួបកំណើត និងខួប ១ឆ្នាំ នៃការជាប់ពន្ធនាគារលើកទី២ របស់ប្រធានសហជីពណាហ្គាវើលដ៍រូបនេះ។ តំណាងសហជីពដែលចូលរួមចាត់ទុកថាបើរដ្ឋាភិបាលដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពប្រៀបបាននឹងការស្ដារមុខមាត់ម្ពុជា។ លោក គីម ចាន់ចាវ រាយការណ៍
អតីតបុគ្គលិក ណាហ្គាវើលដ៍ និង សហជីពមួយចំនួនប្រហែល ៥០នាក់ បានមកជួបជុំគ្នា នៅក្បែរមណ្ឌលអប់រំកែប្រែទី២ ព្រៃស ដើម្បីគាំទ្រលើកទឹកចិត្តដល់កញ្ញា ឈឹម ស៊ីថរ ក្នុងថ្ងៃខួបកំណើត និងខួប ១ឆ្នាំ នៃការជាប់ពន្ធនាគារលើកទី២ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយចាត់ទុកកញ្ញាជាអ្នកការពារសិទ្ធិការងារ និងស្នើសុំឲ្យរាជរដ្ឋាភិបាលថ្មី ពិចារណាដោះលែងកញ្ញា ដើម្បីស្តារស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ ។ ពួកគេបានធ្វើសកម្មភាពនានាតាមរយៈនៃការថ្លែងសារ និងបង្ហោះប៉េងប៉ោងជាប់របងពន្ធនាគារព្រៃស( ម២ ) ។ នៅក្បែរទីតាំងជួបជុំ មានក្រុមជនស៊ីវិល និងសមត្ថកិច្ចប្រមាណជា ១០នាក់តាមថតរូប និងឃ្លាំមើល។
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានអំពាវនាវតាមរយៈឧគ្ឃោសនាសព្ទឱ្យប្រមុខរដ្ឋាភិបាលតាមដានសាច់រឿងក្រុមកូដករណាហ្គាវើលដ៍នេះដើម្បីជួយដោះស្រាយបញ្ហាដែលកំពុងកើតមានឡើង។
«បើសិនជាមានឱកាសនៅតែស្នើសុំយ៉ាងទទូច ទៅដល់ប្រមុខរាជរដ្ឋាភិបាលអាណាត់ថ្មី សូមឲ្យលោកមកជួបជាមួយនឹងកម្មករផ្ទាល់ឈប់ប្រើត្រជៀកស្ដាប់អ្នកដទៃក្រែងលោរអ្នកស្ដាប់នឹង នាំឲ្យលោកខូចមុខ ខូចមាត់នៅក្នុងការដឹងនាំប្រទេស គឺថាមកជួបមើរ ថាតើពិតទេ? តើអ្នកទាំងអស់នឹង ស៊ីឈ្នួលបាតុកម្មមែនអត់? ហើយរឿងអីកើតឡើងពីណាទៅណីហើយក៏លះបង់ច្រើនម្លេះ»
សមាជិកសហជីពណាហ្គាវើលដ៍ បានធ្វើកូដកម្មចាប់តាំងពីខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ បានបញ្ឈប់បុគ្គលិក ដែលភាគច្រើនសុទ្ធតែជាសមាជិក និងថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ។ សកម្មជនសហជីពមួយចំនួន ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ ២០២១ និងខែមករា ឆ្នាំ ២០២២ ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការរហូតដល់ខែមីនា ឆ្នាំ ២០២២ ។ កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនម្តងទៀតនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដោយអាជ្ញាធរបានលើកឡើងថា កញ្ញា បានលើ្មសនឹងវិធានការក្នុងការត្រួតពិនិត្យរបស់តុលាការ ។ តាំងពីពេលនោះមក កញ្ញា ស៊ីថរ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ម២ នៅព្រៃស ដោយមកទល់នឹងពេលនេះមានរយៈពេលមួយឆ្នាំហើយ។ សកម្មជនសហជីពដទៃទៀត នៅបន្តនៅក្រៅឃុំបណ្តោះអាសន្ន រហូតដល់សាលក្រមចូលជាស្ថាពរ។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានអំពាវនាវ ឱ្យអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ដោះលែងកញ្ញាឈឹម ស៊ីថរ និងតំណាងសហជីពណាហ្គាវើលដ៍ ដ្បិតលោកអះអាងថា បើអាចដោះស្រាយករណីនេះបាន គឺស្មើនឹងការកែប្រែមុខមាត់ជាតិ។
«ហេតុដូច្នេះបើសិនដោះលែង ឈឹម ស៊ីថរ ស្មើនឹងការកែប្រែមុខមាត់ជាតិដែលបានបាត់បង់នៅលើឆាកអន្តរជាតិដូចច្នោះដែរ ថ្ងៃនេះក្នុងនាមមិត្តសហជីព យើងសូមជម្រុញឲ្យរដ្ឋាភិបាលត្រូវគិតពិចារណាឡើងវិញឆ្នាំ2024ហើយ ដូច្នេះឆ្នាំ2024នឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ សូមដោះស្រាយរឿងរ៉ាវអយុត្តិធម៌ទាំងឡាយក្នុងឆ្នាំ2023ឲ្យជ្រះស្រលះ ឆ្នាំ2024គឺជាសេចក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នាបើមិនដោះលែង ឈឹម ស៊ីថរ ទេយើងមិនមានក្ដីសង្ឃឹម យើងមិនមានពន្លឺយុត្តិធម៌ យើងមិនមានពន្លឺប្រជាធិបតេយ្យ យើងមិនមានពន្លឺសិទ្ធមនុស្ស យើងមិនមានពន្លឺសិទ្ធិសេរីភាពសហជីព ពិតមែនទេ»
សាលាឧទ្ធណ៍ភ្នំពេញ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយផ្តន្ទាទោសកញ្ញ ឈឹម ស៊ីថរ ជាប់ពន្ធនាគារ២ឆ្នាំដដែលក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងរក្សាបទចោទលើថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ទាំង៧នាក់ទៀតឱ្យនៅក្រៅឃុំ៕