en     km
en     km

ជំនន់ទឹកភ្លៀងបង្កជាការជន់លិចខ្លាំងនៅខេត្តថៃចំនួនពីរ

Share

ភ្លៀងធ្លាក់ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា បានបណ្តាលឱ្យមានជំនន់ទឺកភ្លៀងរីករាលដាលពាសពេញខេត្ត Narathiwat និងខេត្ត Yala នៅភាគខាងត្បូងនៃប្រទេសថៃ។

(កញ្ញា សៃ ចន្ធី រាយការណ៍)

នៅខេត្ត Narathiwat និងខេត្ត Yala ភាគខាងត្បូងនៃប្រទេសថៃ មានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ដែលបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងប៉ះពាល់ដល់ភូមិចំនួន ៦៧ និងស្រុកចំនួន ១៦ ក្នុងខេត្តចំនួនពីរនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។

អាជ្ញាធរតំបន់បានបញ្ជាក់ថា នៅខេត្ត Narathiwat មានស្រុកចំនួនប្រាំបួនត្រូវបានជន់លិចយ៉ាងដំណំ ហើយថែមទាំងប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៩៥៥៨គ្រួសារ និងមនុស្សជាង ៣០,០០០នាក់នៅក្នុង ៤៤តំបន់ផ្សេងៗទៀតនៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាធរបន្តទៀតថា ក្នុងចំណោមស្រុកចំនួន ២៣នៃខេត្ត Yala ជំនន់ទឹកភ្លៀងបានវាយប្រហារទៅលើស្រុកចំនួន ៧ ខណៈផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋ ពិសេសតំបន់ទំនាបត្រូវបានជន់លិច ដែលធ្វើឱ្យរថយន្តធុនតូចមិនអាចធ្វើដំណើរតាមកំណាត់ផ្លូវទាំងនោះបានឡើយ។

គួរបញ្ជាក់ផងដែរថា ស្រុកដែលមានការរងផលប៉ះពាល់ខ្លាំងជាងគេ គឺស្រុក Yingo ដែលមានប្រជាពលរដ្ឋចំនួន ២៧៥៥គ្រួសារ រួមទាំងមនុស្សជាង 1០,០០០នាក់បានរងផលប៉ះពាល់។ ស្រុក Chanae មានប្រជាពលរដ្ឋចំនួន ២១១៥គ្រួសារ និងមនុស្សជាង ៩,០០០នាក់ បានរងផលប៉ះពាល់។ រីឯ សាលារៀនមួយចំនួនបានរងការខូចខាត។  ស្រុក Rangae មានគ្រួសារជាង ២០០០គ្រួសារ និងមនុស្សជាង ៨០០០នាក់រងការប៉ះពាល់  ព្រមទាំងសាលារៀនចំនួន ៧ ខ្នងឯទៀតត្រូវបានបំផ្លាញតាមរយៈគ្រោះទឹកភ្លៀង។

លោក Chaiwat Junthirapong អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ​បាននិយាយ​ថា ការិយាល័យ​ខេត្ត​កំពុង​សហការ​ជាមួយ​រដ្ឋបាល​មូលដ្ឋាន ដើម្បី​បង្ហូរ​ទឹក​ចេញ​ពី​តំបន់​លិច​ទឹក និង​អង្កេត​មើល​ការ​ខូចខាត​ជា​រួម ដើម្បី​អាច​ផ្តល់​ជំនួយ និង​សំណងបានវិញ។ លោកបានបញ្ជាក់ទៀតថា ដើម្បីសុំជំនួយ មនុស្សអាចទូរស័ព្ទទៅមជ្ឈមណ្ឌលបណ្តឹងរបស់នាយកដ្ឋានតាមរយៈលេខ ១៧៨៤ និងអាចតាមដានការព្រមានអំពីគ្រោះមហន្តរាយនៅលើកម្មវិធី THAI DISASTER ALERT បានផងដែរ៕

ប្រភព៖​Bangkok Post ចុះថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣

Share

Image
Image
Image