en     km
en     km

អ៊ីស្រាអែលប្តេជ្ញាបន្តប្រយុទ្ធនឹងក្រុមហាម៉ាស់ បើទោះបីការស្លាប់នៅតំបន់ហ្គាហ្សាកើនឡើង

Share

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបង្ហាញពីការប្តេជ្ញាចិត្តជុំវិញជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ថាមិនទាន់ដល់ទីបញ្ចប់ឡើយ ដរាបណាក្រុមហាម៉ាស់បន្តសកម្មភាពរំលោភលើអ៊ីស្រាអែល។  ខណៈប៉ាឡេស្ទីនកំពុងកាន់ទុក្ខមនុស្សជាង ១០០នាក់ ដែលត្រូវកងកម្លាំងអ៊ីស្រាអែលសម្លាប់ត្រឹមរយៈពេលតែមួយយប់ប៉ុណ្ណោះ។

(កញ្ញា កែវ សុជាតា រាយការណ៍)

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា អ៊ីស្រាអែលនឹងបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស់រហូតដល់ទីបំផុត។ លោក Netanyahu បានប្រឆាំងនឹងការអំពាវនាវរបស់អន្តរជាតិចំពោះបទឈប់បាញ់ និងឆ្លងតបទៅអន្តរជាតិវិញថា ខ្លួនមិនបញ្ឈប់សង្រ្គាមនេះនោះឡើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៅតំបន់ហ្គាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសរបស់កងកម្លាំងអ៊ីស្រាអែលនៅ Khan Younis ភាគខាងត្បូងហ្គាហ្សា បានសម្លាប់មនុស្សចំនួន ២៣នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនត្រឹមរយៈពេលមួយយប់កើនឡើងដល់ទៅជាង ១០០នាក់។

កាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ប្រជាជននៅតំបន់ហ្គាហ្សាបាននាំគ្នាប្រារព្ធពិធីបុណ្យសពមួយ ដែលមានសាកសពយ៉ាងហោចណាស់ចំនួន ៧០នាក់បានយកមកធ្វើពិធី។ ក្រុមមន្រ្តីសុខាភិបាលប៉ាឡេស្ទីនបញ្ជាក់ថា សាកសពទាំងនេះសុទ្ធសឹងជាជនរងគ្រោះនៅក្នុងការបាញ់ប្រហារតាមអាកាសមកកាន់ជំរំជនភៀសខ្លួន Maghazi។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Ashraf Al-Qidra ឱ្យដឹងថា ភាគច្រើននៃអ្នកស្លាប់នៅក្នុងជំរំ គឺជាស្ត្រី និងកុមារ។

គួរបញ្ជាក់ដែរថា ប្រព័ន្ធផ្សព្វផ្សាយមានការរំពឹងទុកថា រដ្ឋាភិបាលអ៊ីស្រាអែលអាចនឹងអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងពេលជាក់លាក់ណាមួយ ពិសេសបន្ទាប់ពីក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់របស់អ៊ីស្រាអែល។ ក្នុងនោះ កងទ័ពអ៊ីស្រាអែលអះអាងថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នៃឧប្បត្តិហេតុនៅជំរំ Maghazi ហើយធានាថានឹងកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។

សូមជម្រាបថា ជម្លោះដ៏តានតឹងនេះកើតឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបន្តអស់រយៈពេល១១សប្តាហ៍មកហើយ។ បច្ចុប្បន្ន ប្រទេសអ៊ីស្រាអែលស្ថិតនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន នោះគឺសហរដ្ឋអាមេរិក ដែលព្យាយាមផ្លាស់ប្តូរប្រតិបត្តិការនៅតំបន់ហ្គាហ្សាទៅកាន់ដំណាក់កាលកម្រិតទាប និងកាត់បន្ថយការស្លាប់របស់ជនស៊ីវិល៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣

 

Share

Image
Image
Image