en     km
en     km

ពលរដ្ឋតំណាង២៤៧គ្រួសារ ដែលនឹងរងផលប៉ះពាល់ពីការបណ្តេញចេញ ផ្ទុះការតវ៉ា នឹងអាជ្ញាធរ នៅភូមិទូលតាឃីន និងទួលដំរីលាប

Share

ពលរដ្ឋតំណាង ២៤៧ គ្រួសារ ដែលនឹងរងផលប៉ះពាល់ពីការបណ្តេញចេញ ដោយអាជ្ញាធរខេត្តក្រចេះ ផ្ទុះការតវ៉ា ស្ថិតនៅភូមិទូលតាឃីន និងទួលដំរីលាប។ ការតវ៉ានេះ នៅពេលដែលអាជ្ញាធរបានចុះមកវាស់វែងដីធ្លី តាមគោលការណ៍ដែលបានកំណត់។ ប៉ុន្តែករណីនេះពលរដ្ឋអះអាងថា ដីនោះពួកគេបានកាន់កាប់ជាង៤០ឆ្នាំមកហើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

ប្រជាពលរដ្ឋ​ប្រមាណជា ១០០នាក់ មកពី ២៤៧ គ្រួសារ ដែលនឹងរងផល​ប៉ះពាល់​ពីការបណ្តេញ​ចេញដោយ​អាជ្ញាធរ​ខេត្ត ចំនួន៧ភូមិ រួមមានភូមិព្រែក​តាអាំ ភូមិព្រែក​តាថឹង ភូមិបុសលាវក្រោម ភូមិតាលុស ភូមិព្រះគន្លង ភូមិព្រែកកូវ និងភូមិពោធិ៍ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានផ្ទុះការតវ៉ាស្ថិតនៅភូមិទូលតាឃីន និងទួលដំរីលាប។ ការតវ៉ានេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោយមានអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរ​ថ្នាក់ខេត្ត ប្រហែល​ជា២០នាក់ មានមន្ត្រីសូរិយោដី អាវុធ​ហត្ថ​ខេត្ត អាជ្ញាធរខេត្ត ប្រជា​ការពារ និងមេភូមិ បានចុះទៅចុចGPS លើដីជូនប្រជាពល​រដ្ឋ ដែលមួយគ្រួសារ​ទទួលបានដី​ភូមិ១៥ម៉ែត្រ និងដីចំការ៥០ម៉ែត្រ ។ ប៉ុន្តែប្រជាពលរដ្ឋ​មិនមានការយល់ព្រមតាមការចែកពីអាជ្ញាធរនោះទេ។ នេះបើតាមការបញ្ជាក់ពីសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍនៅកម្ពុជា(ADHOC)

ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានកាន់កាប់ដីនោះតាំងពីឆ្នាំ ១៩៧៩ មកម្លេះ ហើយអាជ្ញាធរភូមិឃុំបានទទួលស្គាល់ប្រជាពលរដ្ឋទាំងអស់ ហើយបានចេញអត្ដសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅឲ្យពួកគាត់ផងដែរ។

ទិដ្ឋភាពពលរដ្ឋលើកគ្នាតវ៉ា (ប្រភពពីសមាគមអាដហុក)

ជុំវិញបញ្ហានេះសមាគមអាដហុក ដែលបានចាត់មន្ត្រីតាមដានរឿងនេះ បានឱ្យដឹងថា នៅអំឡុងឆ្នាំ២០០០ អតីតនាយករដ្ឋមន្ត្រីធ្លាប់អញ្ចើញចុះទៅចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជន់នៅតំបន់នោះ ហើយក៏ធ្លាប់បានមានប្រសាសន៍ថា៖ “ បើបងប្អូនប្រជាពលរដ្ឋអាចរស់នៅលើទំតាំងដីនោះបាន សូមឲ្យអាជ្ញាធរខេត្តត្រូវរៀបចំចាត់ចែង និងវាស់វែងឲ្យពួកគាត់រស់នៅឲ្យបានស្របច្បាប់ផង ” ។

ទិដ្ឋភាពពលរដ្ឋលើកគ្នាតវ៉ា (ប្រភពពីសមាគមអាដហុក)

ប៉ុន្តែយ៉ាងណារដ្ឋបាលខេត្តក្រចេះ ចេញសេចក្ដីប្រកាសជូនដំណឹងលេខ ៣០៦/២៣ សជណថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយអភិបាលខេត្ត លោក វ៉ា ថន ដោយបញ្ចាក់ក្នុងលិខិតនោះថា ឲ្យប្រជាពលរដ្ឋត្រូវបញ្ឈប់ការកាន់កាប់ ដាំដុះបន្ថែម និងរុះរើរបង ពូជដំណាំ និងសម្ភារផ្សេងៗ រួចចាកចេញពីទីតាំងដីទាំងនោះ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។ ផុតកាលបរិច្ឆេទនេះ ក្រុមការងារខេត្តនឹងដាក់គ្រឿងចក្រចូលសម្អាត។ ករណីមិនសហការ និងមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានលក្ខខណ្ឌ ។ បន្ទាប់ពីចេញសេចក្តីប្រកាសជូនដំណឹងនេះ រហូតដល់ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ទើបឃើញក្រុមសមត្ថកិច្ចចម្រុះចុះមកវាស់វែងដី តែត្រូវបានប្រជាពលរដ្ឋបដិសេធមិនព្រមទទួលយកដីដែលអាជ្ញាធរវាស់វែងនោះទេ ដោយលើកគ្នាមកតវ៉ា ដោយសារពួកគាត់មានការព្រួយបារម្ភនឹងវិធានការបណ្តេញពួកគាត់ឲ្យចាកចេញតាមសេចក្តីជូនដំណឹងនេះ ។ ក្រោយពីមានប្រជាពលរដ្ឋចេញមកតវ៉ាបែបនេះ សមត្ថកិច្ចបានដកថយវិញ នៅវេលាម៉ោងប្រមាណជាម៉ោង១២ និង៣០នាទី ដោយមិនទាន់បញ្ចាក់ឲ្យដឹងថា នឹងមានវិធានការអ្វីចំពោះប្រជាពលរដ្ឋបន្តទៀតឡើយ ៕

Share

Image
Image
Image