en     km
en     km

១៣នាក់ស្លាប់ និង៤៦នាក់រងរបួសក្នុងករណីផ្ទុះរោងចក្រនីកែលឥណ្ឌូនេស៊ី

Share

យ៉ាងហោចណាស់មនុស្សចំនួន ១៣នាក់បានស្លាប់ និងមនុស្សចំនួន ៤៦នាក់ផ្សេងទៀតបានរងរបួសនៅក្នុងករណីផ្ទុះរោងចក្រកែច្នៃនីកែលក្នុងប្រទេសឥណ្ឌូនេស៊ី​ ក្រោមការផ្តល់មូលនិធិពីប្រទេសចិន។ ក្នុងនោះ កម្មករឥណ្ឌូនេស៊ីមានចំនួន ៩នាក់ និងជនរងគ្រោះ ៤នាក់ផ្សេងទៀតជាជនជាតិចិន។ នេះបើយោងតាមសារព័ត៌មាន AFP ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុផ្ទុះរោងចក្រនេះ បានកើតឡើងនៅម៉ោងប្រហែល ៥:៣០ព្រឹកនៅថ្ងៃអាទិត្យ ទី២៤ ខែធ្នូ​ ឆ្នាំ២០២៣ នៅក្នុងរោងចក្រកែច្នៃធនធានរ៉ែមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន PT Indonesia Tsingshan Stainless Steel (ITSS) នៅក្នុងសួនឧស្សាហកម្ម Morowali ក្នុងខេត្ត Central Sulawesi ប្រទេសឥណ្ឌូនេស៊ី។

លោក Yuli Adiratna មន្ត្រីក្រសួងធនធានមនុស្សបានឱ្យដឹងថា ក្រសួងនឹងដាក់ពង្រាយក្រុមជំនាញស៊ើបអង្កេតនៅក្នុងករណីគ្រោះថ្នាក់ខាងលើ។ លោក​ថា ក្រសួង​កំពុង​ស៊ើបអង្កេត​ប្រតិបត្តិការ​របស់​ក្រុមហ៊ុនថាតើអាចជាប់ពាក់ព័ន្ធនឹងស្នាដៃរបស់ក្រុមហ៊ុនដែរឬយ៉ាងណា នៅមុនពេលក្រសួងសម្រេចបញ្ឈប់សកម្មភាព និងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន។

តាមការស៊ើបអង្កេតជាបណ្តោះអាសន្នរបស់ក្រុមជំនាញបានបង្ហាញថា ការផ្ទុះរោងចក្រនេះបានកើតឡើងអំឡុងពេលជួសជុលឡ ខណៈកាកសំណល់ផ្សេងៗបានហូរចេញពីឡទៅ ប៉ះនឹងសម្ភារៈដែលងាយឆេះនៅជុំវិញទីតាំងនោះ ដែលបង្កជាការឆាបឆេះ ផ្ទុះផ្កាភ្លើង និងឆេះរាលដាលពេញរោងចក្រទាំងមូល។

សូមជម្រាបថា កាលពីខែមករា ឆ្នាំ២០២៣ កម្មករឥណ្ឌូនេស៊ីពីរនាក់ និងកម្មករជនជាតិចិនម្នាក់ ត្រូវបានសម្លាប់នៅក្នុងរោងចក្រផលិតសារធាតុនីកែល ITSS  បន្ទាប់ពីកុបកម្មបានផ្ទុះឡើងអំឡុងពេលតវ៉ាជុំវិញលក្ខខណ្ឌសុវត្ថិភាពការងារ និងថ្លៃប្រាក់ឈ្នួល៕

ប្រភព​៖ AFP ចុះថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣

Share

Image
Image
Image