en     km
en     km

ស្ត្រីសកម្មជនដីធ្លីកោះកុង សោកស្ដាយដែលសាលាឧទ្ធរណ៍តម្កល់សាលក្រមសំណុំរឿងបរិហាកេរ្តិ៍ លើពួកគេ

Share

 

 

សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ កាលពីពេលថ្មីៗនេះបានសម្រេច​ឱ្យសកម្មជនដីធ្លីខេត្តកោះកុង២រូប គឺអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រីសេង លីន រួចផុតពី​បទ​ចោទ​មួយ​ ​និង​តម្កល់​បទ​ចោទ​មួយ​ដែល​បទ​ចោទ​ទាំងពីរ​ត្រូវ​បាន​ដាក់ដោយសាលាដំបូងខេត្តកោះកុង​ កាលពី​ខែ​សីហា​ ​កន្លងទៅ​។ បើទោះជាស្ថានភាពត្រូវបន្ធូរបន្ថយប៉ុន្តែពួកគេនៅតែអះអាងថាសេចក្ដីសម្រេចនេះ គឺជាការបំបិទសំឡេងតវ៉ាទាមទារស្វែងរកដំណោះស្រាយវិវាទដីធ្លី។ លោក គីម ចាន់ចាវ រាយការណ៍

 

សកម្មជនដីធ្លីខេត្តកោះកុងទាំង២រូប លើកឡើងថា សាលាឧទ្ធរណ៍ខេត្តព្រះសីហនុនៅមិនទាន់ផ្ដល់យុត្តិធម៌ជូនពួកគាត់ទាំង២នាក់បានពេញលេញនៅឡើយទេ។ ការលើកឡើងដូច្នេះ បន្ទាប់ពីកាលពីថ្ងៃទី១៩ ខែធ្នូ សាលាឧទ្ធរណ៍ព្រះសីហនុបានប្រកាសសាលដីកាសម្រេចឱ្យអ្នកទាំងពីរ រួចផុតពីបទញុះញង់ និងលប់ចូលទោសដាក់ពន្ធនាគារ ប៉ុន្តែតុលាការក៏បានតម្កល់ការផ្ដន្ទាទោសអ្នកទាំងពីរ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ការបន្ថយសំណងរដ្ឋប្បវេណីមកនៅត្រឹម១០លានរៀលវិញ។ ទោះជាបែបនេះក្ដីតុលាការបានបង្គាប់ឱ្យអ្នកពួកគេ បង់ប្រាក់ពិន័យម្នាក់ៗចំនួន៤លានរៀល។ សកម្មជនដីធ្លីខេត្តកោះកុងម្នាក់ក្នុងចំណោមអ្នកទាំងពីរ គឺអ្នកស្រី ផាវ ញ៉ើង ប្រាប់វិទ្យុស្ត្រីថា លោកស្រីសោកស្ដាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលតម្កល់សាលក្រមសាលាដំបូងខេត្តកោះកុងក្នុងសំណុំរឿងបរិហាកេរ្តិ៍ទុកជាបានការដដែល។ លោកស្រីអំពាវនាវដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតឱ្យជួយអន្តរាគមន៍ផ្ដល់ពន្លឺយុត្តិធម៌ដល់លោកស្រីនិងសកម្មជនកោះកុងផ្សេងទៀតជុំវិញវិវាទដីធ្លីនេះ។

«វាជាការអភិវឌ្ឍមួយដែលក្លែងក្លាយ សូមអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសសម្តេចនាយករដ្ឋមន្ត្រីឡើងតំណែងថ្មីហើយ មានភាពវ័យឆ្លាតសូមឱ្យគាត់ កែប្រែប្រព័ន្ធយុត្តិធម៌ឱ្យបានត្រឹមត្រូវ ពីព្រោះអីឥលូវនេះខ្ញុំរងភាពអយុត្តិធម៌ គេមកយកដីខ្ញុំហើយ ចាប់ខ្លួនដាក់ ពន្ធនាគាររកអត់ឃើញទោសកំហុសអីចឹង។ ហើយអាហ្នឹងបើខ្ញុំប្ដឹងពួកគាត់វិញ ពួកគាត់ត្រូវបានដាក់គុកអត់ ព្រោះឱ្យតែប្ដឹងទៅតុលាការលើកបណ្ដឹងពួកខ្ញុំអត់ចាត់ការទេ? នេះជារឿងមួយដែលពួកខ្ញុំសោកស្ដាយខ្លាំងណាស់ ថាប្រទេសយើងមានច្បាប់ តែអ្នកអនុវត្តច្បាប់តែប្រជាពលរដ្ឋក្រីក្រ តែអ្នកមានអំណាចមានលុយ មានតំណែងត្រឹមត្រូវ គេរួចខ្លួនរហូត។»

កាលពីខែសីហាកន្លងទៅសាលាដំបូងខេត្តកោះកុង បានប្រកាសសាលក្រមផ្ដន្ទាទោសតំណាងសហគមន៍មកពីស្រុកស្រែអំបិលទាំង២នាក់ឱ្យជាប់ពន្ធនាគារ១ឆ្នាំពីបទ ញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហាកេរ្តិ៍ជាសាធារណៈ និងបង្គាប់ឱ្យបង់ប្រាក់សំណងចំនួន៤០លានរៀល ទៅឱ្យដើមបណ្ដឹងរដ្ឋប្បវេណី។

ទាំង​អ្នកស្រី​ ញើ​ង​ ​និង​អ្នកស្រី​ ​លីន​ ​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធ​នាគារឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ​ពី​ថ្ងៃ​ទី​៣​០​ ​ខែ​មិថុនា​ ​ដល់​ថ្ងៃ​ទី​៦​ ​ខែ​តុលា​ ​នា​ឆ្នាំនេះ​ ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​។​ ​អំឡុង​ពេល​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​អ្នកស្រី​ ​ផាវ​ ញើ​ង​ ​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​ជាមួយនឹង​កូនប្រុស​តូច​របស់​អ្នកស្រី​ដែល​ជា​ទារក​នៅឡើយ​នា​ពេល​នោះ​ ​។​

អ្នកទាំងពីរត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រមូលផ្ដុំនៅខាងមុខក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីឆ្នាំ២០១៩ដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយសមស្របមួយ ជុំវិញជម្លោះដីធ្លីរ៉ាំរ៉ៃរបស់ពួកគាត់។ លោកស្រី ផាវ ញ៉ើងស្នើដល់តុលាការការចាត់ឱ្យមានក្រុមអធិការកិច្ចចុះស៊ើបអង្កេតចំពោះសំណុំរឿងបរិហាកេរ្តិ៍ ដែលលោកស្រីអះអាងថា មានភស្ដុតាងច្បាស់លាស់បង្ហាញថាពិតជាមានការគប់គិតគ្នាលក់ដីរដ្ឋ។

«ពួកខ្ញុំមែនទែនទៅបង់សំណងទឹកប្រាក់ដល់៤លានរៀល ក្នុងម្នាក់ៗ៤លានរៀល ហើយឱ្យរួមគ្នាសងជម្ងឺចិត្ត សេង លីន ដែលជាអ្នកលក់ដីរដ្ឋទាំងអស់ហ្នឹង មានភស្ដុតាងមានអីទាំងអស់ហ្នឹង ទៅជាឱ្យសងគាត់១០លានរៀលទៀត។ ចឹងយើងម៉េចសុខចិត្ត? ខ្ញុំត្រូវវិញ បើអ្នកលក់ដីរដ្ឋមានទាំងភស្ដុតាងទាំងអស់ ក្រមព្រហ្មទណ្ឌក៏ខ្ញុំបានស៊ើប បើខ្ញុំនិយាយអត់មានសំអាងហេតុ នៅក្នុងលក្ខខណ្ឌនៃច្បាប់ណាមួយទេ អាហ្នឹងខ្ញុំនិយាយបំភ្លើសការពិតអាហ្នឹងនៅក្នុងច្បាប់បរិហាកេរ្តិ៍ ។ ចឹងអាហ្នឹងយើងនិយាយរឿងពិតហេតុអីទៅជាបទបរិហាកេរ្ដិ៍ ហើយច្បាប់ទាំងអស់ហ្នឹងត្រូវបាន..នឹងរដ្ឋដែរឬទេ?»

ពលរដ្ឋនៅខេត្តកោះកុងរាប់រយគ្រួសារបានបាត់បង់ដីធ្លី ដោយសារតែការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅឱ្យអ្នកវិនិយោគធំៗ ក្នុងនោះ មានលោកឧញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ ពលរដ្ឋបានព្យាយាមតវ៉ា និងដើរដាក់ញត្តិជាច្រើនឆ្នាំមកហើយ ទាំងនៅថ្នាក់ខេត្តនិងតាមបណ្ដាក្រសួងស្ថាប័នថ្នាក់ជាតិនៅទីក្រុងភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាដីធ្លី ដែលអូសបន្លាយរាប់ឆ្នាំមកហើយ។ អ្នកខ្លះនឿយណាយក៏យល់ព្រមទទួលការចរចា និងខ្លះទៀតមិនព្រមទទួលយកដំណោះស្រាយឡើយ ហើយតុលាការបានចោទពួកគាត់ពីបទព្រហ្មទណ្ឌ ដោយបានចាប់ពួកគាត់ដាក់ពន្ធនាគារ។ បើទោះបីជាតំណាងសហគមន៍ត្រូវបានតុលាការ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក៏តំណាងសហគមន៍មានជម្លោះដីធ្លីនៅខេត្តកោះកុងនេះ មួយចំនួន នៅមិនទាន់រួចផុតពីការចោទប្រកាន់នោះទេ៕

 

Share

Image
Image
Image