en     km
en     km

អាមេរិក-ចិនកំពុងរៀបចំការបោះឆ្នោត និងត្រៀមផ្លាស់ប្តូរបេសកជនថ្មីផ្នែកអាកាសធាតុ

Share

សហរដ្ឋអាមេរិកនិងប្រទេសចិនបានរៀបចំការបោះឆ្នោត និងត្រៀមប្ដូរបេសកជនថ្មីសម្រាប់ធ្វើការលើផ្នែកអាកាសធាតុរវាងប្រទេសទាំងពីរតាមរយៈទំនាក់ទំនងពិសេស។

(កញ្ញា សៃ ចន្ធី រាយការណ៍)

យោងតាមកិច្ចព្រមព្រៀងចុងក្រោយនៃកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 បានឱ្យដឹងថា លោក John Kerry បេសកជនពិសេសផ្នែកអាកាសធាតុរបស់សហរដ្ឋអាមេរិក និងលោក Xie Zhenhua បេសកជនផ្នែកអាកាសធាតុរបស់ចិនដែលមានអាយុ ៧៥ឆ្នាំ និងកំពុងមានជម្ងឺប្រចាំកាយផងនោះ បានដឹកនាំកិច្ចពិភាក្សាស្តីពីអាកាសធាតុអន្តរជាតិរវាងប្រទេសទាំងពីរ និងសម្ព័ន្ធភាពនៃការទូតដ៏យូរអង្វែង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចសហប្រតិបត្តិការតែមួយគត់រវាងសហរដ្ឋអាមេរិកនិងចិន គឺស្ថិតនៅលើបម្រែបម្រួលអាកាសធាតុ និងជាគន្លឹះក្នុងការជំរុញសកម្មភាពអាកាសធាតុនៅទូទាំងពិភពលោកឱ្យមានការថយចុះ ដ្បិតជាប្រទេសមានសេដ្ឋកិច្ចធំជាងគេពីររបស់ពិភពលោក និងជាអ្នកបំពុលធំបំផុតដែលប៉ះពាល់ដល់និន្នាការថាមពលជាអន្តរជាតិ។ ក្នុងនោះ បេសកជនចិន លោក Zhenhua កំពុងស្ថិតក្នុងវ័យជរា និងបញ្ហាសុខភាពផង ទើបធ្វើឱ្យប្រទេសទាំងពីរគ្រងនឹងផ្លាស់ប្តូរបេសកជនថ្មីសម្រាប់ធ្វើការលើវិស័យនេះជំនួសវិញ។

លោក John Kerry បាននិយាយថា បច្ចុប្បន្នសហរដ្ឋអាមេរិកមិនទាន់មានផែនការច្បាស់លាស់ណាមួយសម្រាប់ពេលអនាគតនៅឡើយទេ ក៏ប៉ុន្តែលោកបញ្ជាក់ថា នឹងព្យាយាមធ្វើអ្វីដែលប្រកបដោយប្រសិទ្ធភាព​ និងទទួលបានជោគជ័យសម្រាប់ផលប្រយោជន៍រួមគ្នា។ ជាមួយគ្នានេះ លោក Li Shuo នាយកមជ្ឈមណ្ឌលអាកាសធាតុចិននៅសមាគមអាស៊ីបានឱ្យដឹងថា ទោះបីជាផលប្រយោជន៍ជាតិផ្សេងគ្នាក៏ដោយ លោក John Kerry និង Xie Zhenhua នៅតែមានជំនឿយ៉ាងមុតមាំថា សហរដ្ឋអាមេរិកនិងចិនត្រូវតែមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលកំពុងប្រឈមនៅលើពិភពលោក។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅសល់រយៈពេល ១១ខែទៀតនេះ គឺជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់លោក Joe Biden។ ការណ៍នេះ ធ្វើឱ្យមនុស្សម្នាភ័យខ្លាចចំពោះការរំពឺងទុកថា ប្រសិនជាលោក Donald Trump ក្លាយជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិក្រោយ ករណីនេះនឹងប៉ះពាល់ដល់សហរដ្ឋអាមេរិកជុំវិញការទូតផ្នែកបញ្ហាប្រែប្រួលអាកាសធាតុ៕

ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣

 

Share

Image
Image
Image