en     km
en     km

ចិនសាងសង់លំនៅដ្ឋានបណ្តោះអាសន្នជូនពលរដ្ឋ ក្រោយផ្ទះជាង១ម៉ឺនខ្នងត្រូវបំផ្លាញក្នុងគ្រោះរញ្ជួយដី

Share

ក្រោយគ្រោះរញ្ជួយដីបានសម្លាប់មនុស្សជាង ១៣៥នាក់ និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋជាង ១ម៉ឺន៤ពាន់ខ្នង (១,៤០០០ខ្នង) អាជ្ញាធរចិនបានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ជនរងគ្រោះដែលនៅមានជីវិតនៅក្នុងគ្រោះមហន្តរាយនេះ។

(កញ្ញា កែវ សុជាតា រាយការណ៍)

ទូរទស្សន៍រដ្ឋរបស់ចិន CCTV បានបង្ហាញថា ផ្ទះបណ្តោះអាសន្នជាច្រើនខ្នងត្រូវបានសាងសង់ឡើងនៅក្នុងភូមិ Meipo ភូមិមួយក្នុងខេត្ត Gansu ប្រទេសចិន។ ក្នុងនោះ ផ្ទះបណ្តោះអាសន្នចំនួន ២៦០ខ្នង បានសាងសង់ និងរៀបចំរួចជាស្រេចសម្រាប់ឱ្យពលរដ្ឋអាចជ្រកកោនបាន ខណៈអាជ្ញាធរចិនអះអាងថា ចំនួនផ្ទះបណ្តោះអាសន្ននេះនឹងកើនឡើងរហូតដល់ ៥០០ខ្នង ដែលនឹងបញ្ចប់នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីប្រទេសចិនជួបនូវវិបត្តិគ្រោះរញ្ជួយដីនេះ យ៉ាងហោចណាស់មនុស្សជាង ៨ម៉ឺន៧ពាន់នាក់ (៨៧,០០០នាក់) បានបាត់បង់ផ្ទះសម្បែងសម្រាប់ស្នាក់នៅ ក៏ព្រោះតែគ្រោះរញ្ជួយដីបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធរបស់ផ្ទះពួកគាត់យ៉ាងដំណំ ដែលផ្ទះមួយចំនួនមានសភាពផុយស្រួយមិនមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់បន្តរស់នៅនោះទេ។ អ្នកជំនាញបានប្រាប់ទូរទស្សន៍រដ្ឋរបស់ចិន CCTV ថា ៩០%នៃផ្ទះនៅក្នុងភូមិមួយកន្លែង មិនមានសុវត្ថិភាពក្នុងការរស់នៅនោះឡើយ។

ជាមួយគ្នានេះ អាជ្ញាធរចិនរូបនេះបញ្ជាក់ទៀតថា អាកាសធាតុនៅក្នុងប្រទេសចិនបច្ចុប្បន្នមិនអំណោយផលនោះទេ ពោលគឺសីតុណ្ហភាពនៅក្នុងតំបន់កំពុងចុះត្រជាក់ជាបណ្តើរៗ ដែលធ្វើឱ្យជនរងគ្រោះដែលបាត់បង់ផ្ទះសម្បែងតម្រូវឱ្យរកទីកន្លែងសមរម្យសម្រាប់រស់នៅជាបណ្តោះអាសន្នសិន។ ផ្ទះមួយចំនួន ក៏ត្រូវរងចាំរហូតដល់ឆ្នាំក្រោយដើម្បីបើកការជួសជុលឡើងវិញ ដោយសារតែដីកកអស់ហើយ និងពិបាកធ្វើប្រតិបត្តិការក្នុងស្ថានភាពបន្ទាប់ពីមានគ្រោះរញ្ជួយដី។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឱ្យដឹងថា មនុស្សជាង ១៣៥នាក់បានស្លាប់ និងមនុស្សជិត ១,០០០នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ចំណែក មនុស្ស ១៣នាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងខេត្ត Qinghai ប្រទេសចិន។ ក្រុមស្វែងរកកំពុងប្រើប្រាស់ឧបករណ៍ជីកកកាយ ដើម្បីជីកយកសមុទ្រភក់ដ៏ក្រាស់ដែលគ្របដណ្តប់បិទបាំងផ្លូវ និងបិទច្រកចូលអគារ។

សូមជម្រាបថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារនៅតំបន់ភ្នំមួយដែលមានព្រំប្រទល់រវាងខេត្ត Gansu-Qinghai។ ការរញ្ជួយដីភាគច្រើនរបស់ប្រទេសចិនវាយប្រហារនៅតំបន់ភាគខាងលិចនៃប្រទេស រួមមានខេត្ត Gansu, Qinghai, Sichuan និង Yunnan ព្រមទាំងតំបន់ Xinjiang និងទីបេ។ គ្រោះរញ្ជួយដីចុងក្រោយនេះ គឺជាគ្រោះរញ្ជួយដីដ៏សាហាវបំផុតនៅក្នុងប្រទេសក្នុងរយៈពេលប្រាំបួនឆ្នាំមកនេះ៕

ប្រភព៖ AP ចុះថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣

 

Share

Image
Image
Image