ក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ជាសមូហភាពរវាងជនជាតិដើមភាគតិច ដើម្បីប្រមូលភាពចូលពាក់ព័ន្ធក្ដីបារម្ភនានា កាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូកន្លងទៅ សហគមន៍ជនជាតិដើមភាគតិចបានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយដាក់ការបារម្ភចំពោះក្រមបរិស្ថានដែលរដ្ឋសភាបានអនុម័ត ថាអាចប៉ះពាល់សិទ្ធិសង្គម វប្បធម៌និងសេដ្ឋកិច្ចរបស់ពួកគេ។ តែយ៉ាងណាការបារម្ភនេះ នៅតែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ស្ដ្រីជនជាតិដើមភាគតិចចំនួន៤៤នាក់ ក្នុងចំណោមជនជាតិដើមភាគតិច១៨៦នាក់ បានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលរដ្ឋសភាអនុម័យកាលពីអាណត្តិមុន ថាអាចប៉ះពាល់ដល់សិទ្ធិសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់ពួកគេ។
ការព្រួយបារម្ភនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នៅខេត្តសៀមរាប ខណៈដែលពួកគេចូលរួមក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិជាសមូហភាពរវាងជនជាតិដើមភាគតិច ដើម្បីប្រមូលភាពចូលពាក់ព័ន្ធក្ដីបារម្ភនានា។ យ៉ាងណាការព្រួយបារម្ភនេះដែរ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមមួយរបស់សហគមន៍ជនជាតិដើមភាគតិច ដែលបានចេញផ្សាយដោយសារព័ត៌មានVOA។
សេចក្ដីថ្លែងការណ៍របស់សហគមន៍ជនជាតិដើមភាគតិចនោះអះអាងថា ក្រមបរិស្ថាន និងធនធានធម្មជាតិដែលរដ្ឋសភាអនុម័តកាលពីអំឡុងខែមេសា ឆ្នាំ២០២៣ បានកំណត់ពាក្យថា សហគមន៍មូលដ្ឋាន។ សេចក្ដីថ្លែងការណ៍នេះបញ្ជាក់ថា ពាក្យនេះកំណត់និយមន័យបញ្ចូលគ្នាជាមួយនឹងសហគមន៍ទូទៅ ដែលពុំមែនជាសហគមន៍ជនជាតិដើមភាគតិចនោះទេ។ ប្រកានេះ នាំឱ្យជនជាតិដើមភាគតិចយល់ឃើញថា គឺជាការព្យាយាមលុបបំបាត់ឈ្មោះជនជាតិដើម ឬជាតិពន្ធុ តាមរូបភាពដាក់ភាពផ្សេងគ្នាចូលឡូកឡំជាមួយសហគមន៍ទូទៅដែលមានភាពផ្សេងៗពីជនជាតិដើមភាគតិច។
បន្ថែមពីនេះ សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា មាត្រា៣៦៩ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ នឹងនាំឱ្យជនជាតិដើមភាគតិចប្រឈមនឹងការបាត់បង់នូវសិទ្ធិ ប្រើប្រាស់ធនធានធម្មជាតិជាលក្ខណៈប្រពៃណីផងដែរ។
មាត្រា៣៦៩ និយាយពីសិទ្ធិប្រើប្រាស់ធនធានធម្មជាតិ បានចែងថា ១. រដ្ឋទទួលស្គាល់ និងធានាសិទ្ធិប្រើប្រាស់ធនធានធម្មជាតិជាលក្ខណៈប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា របស់សហគមន៍មូលដ្ឋានដែលរស់នៅតំបន់ការពារធម្មជាតិ។ និង២. សិទ្ធិប្រើប្រាស់ធនធានធម្មជាតិជាលក្ខណៈប្រពៃណី ទំនៀមទម្លាប់ តាមតម្រូវការណ៍របស់សហគន៍មូលដ្ឋានជាលក្ខណៈគ្រួសារ អាចប្រព្រឹត្តិទៅបានក្នុងតំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់អភិរក្ស ដោយអនុវត្តតាមការណែនាំ ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ។
លោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថាន មិនទាន់ឆ្លើយតបសំណួរអ្នកសារព័ត៌មានវិទ្យុស្ដ្រីតាមប្រព័ន្ធតេឡេក្រាមទេនៅរសៀលថ្ងៃនេះ ទន្ទឹមគ្នាការហៅទូរសព្ទចូលក៏លោកមិនទទួលផងដែរ។
គួរជម្រាបថា ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍ដូចជា លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។ ក្រមនេះផងដែរ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន ការដោះស្រាយបញ្ហាដែលមានដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។ នេះបើផ្អែកតាមក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព៕