en     km
en     km

តុលាការ​កំពូល​បដិសេធ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំពី​លោក ថាច់ សេដ្ឋា ទោះ​ក្នុងហេតុផលឈឺ​ធ្ងន់

Share

ក្រោយបើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​សារទុក្ខ​ស្នើ​សុំ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ក្នុង​សំណុំ​រឿង​ទី១​របស់ លោក ថាច់ សេដ្ឋា ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ១សប្តាហ៍ តុលាការកំពូលបានប្រកាសសាដីកាបដិសេធនៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ។ លោក គីម​ ចាន់ចាវ រាយការណ៍

 

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ទទួលបានចម្លើយអវិជ្ជមានពីតុលាការកំពូល ដោយតុលាការកំពូល ​បដិសេធ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ ទោះ​លោកលើកហេតុផលថា​កំពុង​ឈឺ​ធ្ងន់ និង​ត្រូវការ​ព្យាបាល​ជា​ចាំបាច់​យ៉ាងណាក្ដី​ ។ ដ្បិតថានៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ តុលាការកំពូល ប្រកាសសាលដីកាកំណត់ឲ្យលោកជាប់ឃុំដដែល។

​ក្នុងពេលប្រកាសសាដីកាព្រឹក​នេះ​មានការ​ចូលរួម​ឃ្លាំមើល​ពីមន្ត្រី​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប និង​អង្គការ​លីកាដូ (Licadho) ។ បន្ថែមពីនេះ ក៏​មាន​ការ​ចូល​ពី​សកម្មជន​គណបក្ស​ភ្លើងទៀន សហគមន៍​ដីធ្លី  ភរិយា​សាច់ញាតិលោកថាច់ សេដ្ឋា ផង​ដែរ។

ប្រធាន​អង្គជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​លោក និល ណុន បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល ដោយ​អះអាង​ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​លើ​សំណុំរឿង​ជា​រឿង​ត្រឹមត្រូវ។

តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​សារទុក្ខ​ស្នើ​សុំ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ក្នុង​សំណុំ​រឿង​ទី១​ លោក ថាច់ សេដ្ឋា អ្នកនយោបាយដែលមានដើមកំណើតពីទឹកដីកម្ពុជាក្រោម នៅ​ថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០២៣ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ការ​ចេញ​សែក​អត់​ប្រាក់។ ក្រុម​គ្រួសារ ​មេធាវី ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ រួម​ទាំងអ្នកគាំទ្រ ទទូច​ដល់​តុលាការ​កំពូល ​ដោះលែង​លោក ថាច់ សេដ្ឋា ឱ្យ​មាន​សេរីភាព​វិញ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក សឺន ជុំជួន អះអាង​ថា​ភស្តុតាង​ដែល​តុលាការជាន់ទាប​ចោទ​ប្រកាន់​លើ​កូន​ក្តី​របស់​លោក​ក្នុង​រឿង​ចេញ​សែក​ស្អុយ ឬ​អត់​ប្រាក់​កន្លង​ទៅ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​មិនមែន​ជា​បទល្មើស​នោះ​ឡើយ ។ ដូច្នេះ លោក​បញ្ជាក់​ថា​បើ​​ផ្អែក​តាម​អង្គហេតុ​និង​អង្គ​ច្បាប់ ពិសេស​ពិនិត្យ​លើ​ស្ថានភាព​សុខភាព​របស់​លោក ថាច់ សេដ្ឋា នៅពេលនេះ ​តុលាការ​កំពូល​គួរតែ​ផ្តល់ភាព​ស្អាត​ស្អំដល់​កូន​ក្ដី​របស់​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ខណៈ លោក ថាច់ សេដ្ឋា មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវ​ការ​ព្យាបាល​ជា​ចាំបាច់៕

 

Share

Image
Image
Image