ក្រោយមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាក់ទងការបង្ហោះវីដេអូថាមានមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលចាំបោះដៃឱ្យ នៅស្តុបខាំកូស៊ីធី ដែលបានកើតឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានការចាប់អារម្មណ៍ចោទសួរពីមហាជនអ្នកលេងបណ្ដាញសង្គមក្នុងន័យស្ដីបន្ទោសថា ហេតុអ្វីអ្នកធ្វើការងារជាមន្ត្រីចរាចរណ៍ប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យបែបនេះ ជាមួយពលរដ្ឋ។ អ្នកបង្ហោះវីដេអូនេះបានស្នើឱ្យ អគ្គស្នងការដ្ឋាននគរបាលជាតិស្រាវជ្រាវករណីនេះ ក្នុងសំណេរដើមថា «ជួយពិនិត្យមើលបុគ្គលម្នាក់នេះផងគាត់ជា-មន្ត្រីប៉ុន្តែគ្មានឯកសណ្ឋានត្រឹមត្រូវ ពួនស្ទាក់ចាំបោះដៃតាមID (វិទ្យុទាក់ទង) និងមិនបានអនុវត្តន៍តាមច្បាប់ត្រឹមត្រូវនោះទេ ថែមទាំងប្រើពាក្យសំដីនិងអាកប្បកិរិយាបែបនេះ? មកលើប្រជាពលរដ្ឋទៅវិញ»។
ជុំវិញករណីនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ក្រុមការងារខ្លួនបានស្រាវជ្រាវករណីនេះ និងបានរកឃើញថា បុរសក្នុងវីដេអូនោះមិនមែនជាមន្ត្រីនគរបាលចរាចរណ៍នោះទេ ប៉ុន្តែគឺជាមន្ត្រីជាប់កិច្ចសន្យា ដែលឈរជើងនៅគោលដៅខាំកូស៊ីធី នៅពេលមន្ត្រីជាប់កិច្ចសន្យារូបនេះ សម្រាកពីការសម្រួលចរាចរណ៍ និងដោះស្រាយចរាចរណ៍ មានការហត់នឿយក៏ទៅទិញទឹកអំពៅញាំ ហើយបានជួបជាមួយអ្នកបើកបរម៉ូតូ២នាក់(ស្រីប្រុស)។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា អ្នកបើកបរម៉ូតូទាំងពីរនាក់ បានថតរូបមន្ត្រីជាប់កិច្ចសន្យានេះ ទាំងដែលមន្ត្រីដដែលគ្មានវិទ្យុទាក់ទង(អាយឌី)ក្នុងដៃ ដែលអាចបោះដៃឱ្យមន្ត្រីនគរបាលចរាចរណ៍ហៅឃាត់យានយន្តឡើយ។ ពេលនោះ មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាដដែល បានសួរនាំទៅអ្នកបើកបរម៉ូតូថា ហេតុអីបានជាថតខ្លួន តែខាងភាគីអ្នកបើកបរម៉ូតូឆ្លើយថា៖ «ថតលោកឯងអត់បានមែន» រួចក៏មានការប៉ះពាក្យសម្តីនឹងគ្នាតែម្ដង។
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាម្នាក់ដែលឈរជើងនៅគោលដៅខាំកូស៊ីធី ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញនោះ មកសាកសួរ និងធ្វើការអប់រំណែនាំ បញ្ឈប់ការប្រើប្រាស់ ពាក្យសម្ដី កាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋបន្តទៀត។ នេះបើយោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕