ភ្នំពេញ៖ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អង្គការមណ្ឌលព័ត៌មានស្រី្ត (WMC) ទទួលបានការគាំទ្រពីអង្គការយូណេស្កូបានរៀបចំសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ត្រីក្រោមប្រធានបទ៖ «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា» នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ កញ្ញា សៃ ចន្ធី រាយការណ៍
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីមន្ត្រីនគរបាលជាតិចំនួន៣០នាក់ដែលមានស្រ្តី២១នាក់មកពីបណ្តាលខណ្ឌនៃរាជធានីភ្នំពេញ ក្នុងពិធីបើកវគ្គសិក្ខាសាលាលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបានថ្លែងឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលគឺជាគំនិតផ្ដួចផ្ដើមស្របតាមសភាពការណ៍នាពេលបច្ចុប្បន្ន ដោយបានប្រមូលផ្ដុំអ្នកជំនាញសំខាន់ៗ ចំនួន២ គឺកម្លាំងនរគបាលជាតិ និងអ្នកសារព័ត៌មានដែលមានគោលដៅរួម និងទំនួលខុសត្រូវរួម គឺបម្រើ និងការពារផលប្រយោជន៍សាធារណៈ និងលើកកម្ពស់គោលការប្រជាធិបតេយ្យ និងសិទ្ធមនុស្ស។
លោក ជួន ណារិន្ទ បានថ្លែងថា៖ «វគ្គបណ្ដុះបណ្ដាលនេះ គឺមិនមែនគ្រាន់តែជា ការសិក្សា ពិភាក្សានោះទេ ប៉ុន្តែជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបិទគម្លាតរវាង អ្នកអនុវត្តច្បាប់ និងអ្នកសារព័ត៌មាន»។
បន្ថែមពីនេះ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធរៀបចំកម្មវិធីសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ត្រីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមន្ត្រីនគរបាលជាតិ និងអ្នកសារព័ត៌មានស្រ្តីស្វែងយល់ពីតួនាទីការងារពីគ្នាទៅវិញទៅមក។
លោក Sardar Umar Alam តំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានកត់សម្គាល់ឱ្យដឹងថាកងកម្លាំងសន្តិសុខតុលាការ ប្រសិនបើពួកគេយល់កាន់តែច្បាស់អំពីសេរីភាពនៃការបញ្ចេញមតិ ជាពិសេសសក្ដានុពលថ្មីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ពួកគេអាចឆ្លើយតបបានកាន់តែល្អ យល់កាន់តែច្បាស់ ហើយដោះស្រាយបញ្ហាប្រឈមបានកាន់តែល្អ។
លោក Sardar Umar Alam បានលើកឡើងថា៖ «នៅក្នុងប្រទេសកម្ពុជា អ្នកសារព័ត៌មានស្រ្តីមានចំនួនតិចតួចនៅឡើយ ដែលចេញទៅខាងក្រៅ និងទៅតាមខេត្តនានាក្នុងប្រទេស ដើម្បីយកព័ត៌មាន ហើយប្រឈមនឹងការបៀតបៀនផងដែរ»។
គួរបញ្ជាក់ថាគោលបំណងសំខាន់នៃសិក្ខាសាលាគឺដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងមន្ត្រីអនុវត្តច្បាប់កម្ពុជា និងអ្នកសារព័ត៌មានស្ត្រីនៅក្នុងប្រទេសកម្ពុជា លើសពីនេះសិក្ខាសាលាបានបញ្ជ្រាបឱ្យមន្រ្តីនគរបាលយល់អំពីតួនាទីរបស់អ្នកសារព័ត៌មានស្រ្តីនៅក្នុងសង្គមប្រជាធិបតេយ្យដែលកំពុងតែជួបប្រទះក្នុងអំឡុងពេលមានព្រឹត្តិការណ៍នានាដូចជាការចុះរាយការណ៍ព័ត៌មាននៅទីសាធារណៈ ការបៀតបៀត និងការគំរាមកំហែងជាដើម។
តាមរបាយការណ៍ការសិក្សាថ្មីពីអង្គការយូណេស្កូនៅទូទាំងពិភពលោកបានសន្និដ្ឋានថា ៧៣% នៃអ្នកសារព័ត៌មានជាស្ត្រី និងបុគ្គលិកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ បានប្រឈមនឹងការវាយប្រហារ ការគំរាមកំហែងដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណិត។ ម្យ៉ាងវិញទៀតក្រុមងាយរងគ្រោះមួយនេះកំពុងតែទទួលរងនូវអំពើហិង្សាផ្អែកលើយេនឌ័រ ការមាក់ងាយ ការការបៀតបៀតផ្លូវភេទ ការបោកប្រាស់ អំពើហិង្សាលើរាងកាយ ការរំលោភបំពាន និងឃាតកម្មជាដើម ដែលតម្រូវឱ្យមានយន្តការក្នុងការដោះស្រាយបញ្ហានេះជាបន្ទាន់។
អត្ថបទខ្លីសរសេរដោយ កញ្ញា ជួន រក្សា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពី «មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប» រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC)