រស់នៅក្នុងផ្ទះចាស់តូចនៃអគារប៊ូឌីង អ្នកស្រី ឡេង វណ្ណី ជាអតីតអ្នករាំរបាំបុរាណ បានរំឭកឡើងវិញពីតថភាពរស់នៅរបស់គាត់នៅទីនោះរហូតដល់សព្វថ្ងៃថា គាត់បានលះបង់ដើម្បីសិល្បៈស្ទើរតែមួយជីវិតរបស់គាត់ ហើយរស់នៅជាមួយជីវភាពលំបាកខ្វះខាតរហូតដល់បច្ចុប្បន្ន។
មានដើមកំណើតនៅរាជធានីភ្នំពេញ លោកស្រី វណ្ណី បានចូលហាត់រៀនរបាំបុរាណនៅ
ចន្ទឆាយា នៃព្រះបរមរាជវាំង។ លោកស្រីបានចូលហាត់តាំងពីអាយុ ១២ ឬ ១៣ ឆ្នាំមកម្ល៉េះ ហើយលោកស្រីជាសិល្បការិនីរបាំព្រះរាជទ្រព្យ (ពីសម័យមុនគេហៅថា ល្ខោនហ្លួង)។ គាត់មានជំនាញខាងរបាំបុរាណ ហើយអាចសម្ដែងជាតួយក្ស តួនាង និងតួនេរោង ជាដើម។
ក្រោយពីរបរខ្មែរក្រហមបានដួលរលំទៅ លោកស្រី វណ្ណី បានជួបប្រទះនូវបញ្ហាប្រឈមខ្លាំងបំផុតគឺការហូបចុក ពេលមករស់នៅទីនេះ។ លោកស្រីនិយាយថា៖ «យើងប្រឈមនឹងការអត់ឃ្លាន យើងញ៉ាំដែរ តែញ៉ាំអត់គ្រប់គ្រាន់ហា៎ ប៉ុន្តែយើងសប្បាយចិត្តនឹងធ្វើការ»។
អ្នកស្រីប្រាប់ពីការងាររបស់អ្នករស់នៅប៊ូឌីងនេះថា៖ «ទោះបីយើងខ្វះខាតក៏ដោយ មិនត្រឹមតែខ្ញុំទេ សិល្បករនៅក្នុងនាយកដ្ឋានហ្នឹងស្ទើរតែទាំងអស់ ម្នាក់ៗហ្នឹងធ្វើការងារប្រចាំថ្ងៃរបស់យើងផង ការងារស្នូលរបស់យើងហ្នឹង ហើយជួនកាលឆ្លៀតទៅរកការងារឯកជន ដូចជាទៅបង្ហាត់គេ ហើយអ្នកខ្លះចេះលេងភ្លេង ទៅលេងភ្លេង ភ្លេងការចឹងហា៎ ហើយខ្ញុំចេះតែតែងការ ធ្វើភ្នួងធ្វើអីហ្នឹង។ ខ្ញុំគ្មានលទ្ធភាពទិញគ្រឿងភ្នួងខ្លួនឯងទេ តែខ្ញុំចេះ ខ្ញុំដើរតែងឱ្យគេ»។
ក្រៅពីអាជីពជាសិល្បការិនីរបាំបុរាណ លោកស្រីក៏មានជំនាញខាងតែងភ្នួងការ ផាត់មុខផងដែរ ហើយគាត់ទើបតែឈប់ប្រកបរបរតែងភ្នួងការនេះបាន ២ ឆ្នាំប៉ុណ្ណោះ ព្រោះស្ថានភាពសព្វថ្ងៃរបស់លោកស្រីស្ថិតក្នុងវ័យចាស់ទៅហើយ ដែលការផាត់មុខឱ្យគេ គឺញ័រដៃ មិនអាចផាត់បានល្អប៉ុន្មាននោះទេ។
ក្នុងអាជីពជាអ្នកសិល្បៈនេះ វាក៏បានធ្វើឱ្យអ្នកស្រីមានឱកាស ទៅសម្ដែងសិល្បៈនៅក្រៅប្រទេសជាច្រើនផងដែរ។ ជាក់ស្ដែងដំបូងគេ លោកស្រីបានទៅសម្ដែងនៅប្រទេសឡាវ ក្នុងឆ្នាំ ១៩៨២ ហើយជាបន្តហូរហែរមក គាត់បានទៅសម្ដែងនៅប្រទេស ថៃ វៀតណាម ចក្រភពអង់គ្លេស កូរ៉េ អ៊ីតាលី អៀរឡង់ ជាដើម។
ស្ថិតក្នុងវ័យ ៦២ ឆ្នាំ សព្វថ្ងៃលោកស្រីជាស្ដ្រីមេមាយ កំពុងរស់នៅជាមួយចៅប្រុសតែម្នាក់គត់នៅជាន់ទី២ អគារប៊ូឌីងនេះ ចំណែកកូនប្រុសគាត់មិនបាននៅជាមួយគាត់ទេ ដោយត្រូវទៅធ្វើការនៅខេត្តក្រចេះ យូរៗមានប្រជុំអីនៅភ្នំពេញ ទើបបានមកលេងផ្ទះម្ដង។ សព្វថ្ងៃគាត់អាស្រ័យលើប្រាក់ខែចូលនិវត្តន៍ពីការងារសិល្បៈប្រហែល ៣០ ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយខែ ហើយក៏បានបន្ថែមពីប្រាក់ដែលកូនប្រុសរបស់គាត់ផ្ញើមកពីខេត្ត និងមានពេលខ្លះមានប្រាក់បន្តិចបន្តួចពីការជួយឧបត្ថម្ភរបស់សមាគមសិល្បៈជាដើម។
ទាក់ទងនឹងបញ្ហាសន្តិសុខសុវត្ថិភាពនៅអគារនេះវិញ ឃើញថាហាក់មិនជាមានបញ្ហាអីនោះទេ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ទៅថ្មីៗ ព្រោះថាពេលនោះសិល្បករបានចែកវេនគ្នាយាម ម្នាក់ៗមានការសប្បាយក្នុងការធ្វើការងាររបស់ខ្លួន។
ប៉ុន្តែបច្ចុប្បន្ននេះ មិនមានការយាមកាមដូចមុនទេ តែអ្វីដែលពិបាកគឺបញ្ហាថ្នាំញៀន ចោរកម្ម និងបញ្ហាអ្នករកស៊ីផ្លូវភេទជាដើម ដោយពេលខ្លះ គេបានបង្កជាភាពចលាចលនាពេលយប់ ឬក៏ស្រែកឡូឡានៅទីនេះ ហើយពេលខ្លះក៏ធ្វើឱ្យមានការព្រួយបារម្ភពីបញ្ហាភ្លើងឆេះផ្ទះ ឬផ្ទះបាក់រលំជាដើម។ បើទោះជាមានការអន្តរាគមន៍ពីអាជ្ញាធរក៏ដោយ ក៏ពេលខ្លះនៅតែមិនអាចដោះស្រាយបានទាំងស្រុងដែរ។ នេះជាការបញ្ជាក់ប្រាប់ពីលោកស្រី វណ្ណី។
ឆ្លើយនឹងសំណួរដែរសួរថាតើលោកស្រីមានគម្រោងចេញទៅរស់នៅកន្លែងផ្សេងទេ លោកស្រីបានឆ្លើយថាបញ្ហាសំខានបំផុតគឺជីវភាព៖ «វាគ្មានសេចក្ដីសុខទេ [រស់]នៅជាមួយក្ដីបារម្ភ ប៉ុន្តែយើងគ្មានលទ្ធភាពនឹងចេញ មិនដឹងចេញទៅណា សំខាន់បំផុតយើងត្រូវមានលុយ បើយើងចង់ជួលផ្ទះ ត្រូវមានចំណូលអីឱ្យវាគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាព ហើយនិងឈ្នួលផ្ទះ បើយើងអត់មាន អញ្ចឹងយើងអត់អាចទៅណារួច»។
បើយើងក្រឡេកមើលវិស័យសិល្បៈសព្វថ្ងៃ ក៏មានការរីកចម្រើនឡើងវិញគួរឱ្យកត់សម្គាល់ដែរ ប៉ុន្តែងាកទៅខាងសិល្បករមួយចំនួនវិញ ពិសេសសិល្បករជើងចាស់ គឺនៅមានជីវភាពមិនទាន់ប្រសើរឡើយ។ លោកស្រីប្រាប់ថាវាក៏ពិបាកក្នុងការវាយតម្លៃដែរ បើថាប្រទេសជួបនឹងការខ្វះខាតក៏មិនត្រូវ ប៉ុន្តែនៅតែសិល្បករមួយចំនួនទេដែលនៅខ្វះខាត។ លោកស្រីបញ្ជាក់៖
«ពិបាកថាយើងមិនដឹងបន្ទោសអ្នកណាទេ រឿងនេះ រដ្ឋាភិបាលក៏គាត់គិតគូរដែរ ប៉ុន្តែប្រហែលជាវាអាចខ្វះចន្លោះអញ្ចឹងដែរ»។
លោកស្រីនិយាយទាំងអារម្មណ៍ក្ដុកក្ដួលថា៖ «រាល់ថ្ងៃល្អតែមើលទេ អ្វីៗដែលឃើញនេះ សុទ្ធតែជាអំណោយ ហើយរស់បានសព្វថ្ងៃហ្នឹងក៏ជាអំណោយដែរ ព្រោះអ៊ំរ៉ឺត្រែត [ចូលនិវត្ត] ហើយ ពេលដែលខ្ញុំចាប់រ៉ឺត្រែត ការងារខ្ញុំចាប់ផ្ដើមថយ ចា៎ ពេលដែលអាយុយើងច្រើន ការងារមានបាត់បង់ច្រើនដែរ បើនិយាយពាក្យឱ្យស្រួលស្ដាប់គឺ បាត់ម៉ូយរកស៊ី ចា៎»។
បើយើងនិយាយពីការឱ្យតម្លៃសិល្បៈវិញ គឺមិនអត់ទេ តែក៏មានអ្នកខ្លះដែរដែលគេមិនសូវឱ្យតម្លៃដែរ បើសិនជាខាងតារាក្មេងៗ គេអបអរណាស់ ជាពិសេសយុវវ័យ ប៉ុន្តែបើផ្នែកខាងសិល្បៈបុរាណប្រពៃណីវិញ គឺគេមើលមិនសូវដឹងនិងមិនសូវឃើញពីខ្លឹមសារថាតើវាជ្រៅប៉ុណ្ណាទេ ប៉ុន្តែបើគិតពីរឿងនយោបាយគឺខាងសិល្បៈនេះហើយ បន្ទាប់ពីទាហាន។ នេះជាការលើកឡើងរបស់លោកស្រី វណ្ណី ទាក់ទងនឹងការឱ្យតម្លៃមកលើសិល្បៈខ្មែរ។
លោកស្រី វណ្ណី បានលើកឧទាហរណ៍ជាក់ស្ដែងថាកាលពីអំឡុងឆ្នាំ ១៩៩០ លោកស្រី បានចេញទៅសម្ដែងនៅក្រៅប្រទេស ដោយកាលមុន នៅប្រទេសអង់គ្លេស គេអត់ទទួលស្គាល់ថាខ្មែរទេ តែដោយបានប្រទេសយើងយើងយកសិល្បៈទៅសម្ដែង គឺមានការទទួលស្គាល់។
«បើសិនជាយើងយកទ្រឹស្ដីទៅនិយាយប្រាប់គេ យើងហៅគេមកស្ដាប់ គេមិនស្ដាប់ទេ អញ្ចឹងយើងយកសិល្បៈទៅសម្ដែងឱ្យគេមើល ហើយសិល្បៈហ្នឹងមានន័យជានយោបាយ ដល់អញ្ចឹងគេមើល ទាក់ទាញអារម្មណ៍គេហា៎! ទាក់ទាញអារម្មណ៍ផង ធ្វើឱ្យគេយល់ដឹងផង ប្រទេសគេហ្នឹង សរសើរតើ សរសើរថាប្រទេសអ្នកឯងឆ្លាតហា៎»។
លោកស្រីបន្តថា៖ «យើងសម្ដែងជារបាំបុរាណផង ជាប្រពៃណីផង ជនជាតិគេជាអឺរ៉ុប គេចូលចិត្តរបៀបម៉េច ចឹងសាច់សិល្បៈយើងហ្នឹង កុំឱ្យបុរាណពេក យើងរក្សាទម្រង់របស់ខ្មែរយើងហ្នឹង ប្រកាន់ខ្ជាប់ ធ្វើម៉េចធ្វើឱ្យយល់ ហើយកុំឱ្យធុញ»។
អគារស ដែលត្រូវបានគេស្គាល់ជា «បុរីសិល្បៈ» គឺជាផ្ទះរបស់សិល្បៈករជាច្រើននាក់ដែលរស់រានមានជីវិតក្រោយរបបខ្មែរក្រហម។ អគារនេះមានអាយុកាលប្រមាណ៥០ ទៅ ៦០ ឆ្នាំទៅហើយ តែប្រជាជនយើងរស់នៅទីនេះក៏មានច្រើន ដែលអគារនេះ រដ្ឋបានអនុញ្ញាតឱ្យបងប្អូនយើងរស់នៅតាំងពីក្រោយឆ្នាំ ៧៩ មកម្ល៉េះ។ អគារប៊ូឌីងជាសំណង់ចាស់មួយ ដែលសល់ពីសម័យសង្គមរាស្ត្រនិយម ហើយបច្ចុប្បន្នមានពលរដ្ឋរស់នៅជាង ៦០០ គ្រួសារ និងមានបន្ទប់ជាង ៤០០ បន្ទប់។
អគារបូឌិញសនេះ កាលពីមុនក៏សម្រាប់គ្រូបង្រៀនរស់នៅដែរ តែក្រោយមកមានតែអ្នកសិល្បៈរស់នៅប៉ុណ្ណោះ ព្រោះថាមានឈ្មោះថាជាបុរីសិល្បៈ តែសព្វថ្ងៃពួកគាត់ភាគច្រើនមានជីវភាពធូរធារ ក៏បានទិញផ្ទះទៅនៅខាងក្រៅវិញ ឬអ្នកខ្លះទៀតទៅជួលផ្ទះខាងក្រៅនៅវិញ ព្រោះថាពួកគាត់ធុញនឹងភាពរញ៉េរញ៉ៃនៅទីនេះ។
ជាយោបល់ និងជាសំណូមពរក្នុងលក្ខណៈញញើតនិងខ្លាចចិត្តរបស់លោកស្រី វណ្ណី បានរៀបទទូចស្នើសុំដោយការខ្លាចចិត្តថា៖ «បើបានជំនួយគឺសប្បាយចិត្តខ្លាំងណាស់ រំភើបណាស់ព្រោះយើងកំពុងតែលង់ទឹកហើយ រស់ទាំងត្រដរខ្យល់ ប៉ុន្តែយើងធ្លាប់ជាសិល្បករមានមុខមានមាត់មួយដែរ ទោះយើងធ្លាក់ខ្លួនក៏ដោយ ក៏យើងនៅមានការខ្មាសអៀនដែរណាស់ ហើយ
រដ្ឋាភិបាលក៏លោកជួយចិញ្ចឹមដែរ ដូចជាលុយរ៉ឺត្រែត [ចូលនិវត្តន៍] អីហ្នឹង ដូចខាងសមាគមក៏យូរៗលោកជួយ ពេលណាយើងឈឺចឹង ក៏លោកជួយអីម្ដងម្កាលដែរ ប៉ុន្តែបើសិនជាបានជំនួយមកជួយថែមពីលើហ្នឹងទៀត អាហ្នឹងអរណាស់ ព្រោះរាល់ថ្ងៃហ្នឹង មិនដែលគ្រប់គ្រាន់ទេ ណាមួយអ៊ំហ្នឹងឈឺច្រើនទៀត»៕