en     km
en     km

ក្រុមហ៊ុនមួយចំនួនកំពុងគិតគូរលើការកាត់បន្ថយប្លាស្ទិច ខណៈកម្ពុជាកំពុងអនុវត្តគោលការណ៍៣R

Share

ក្រុមហ៊ុនមួយចំនួនបានកែច្នៃការវេចខ្ចប់ផលិតផលរបស់ខ្លួន ឬប្រមូលកាកសំណល់ពីបរិស្ថានមកវិញ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ខណៈកម្ពុជាកំពុងអនុវត្តគោលការណ៍៣R សម្រាប់គ្រប់គ្រងលើការប្រើប្រាស់ថង់ប្លាស្ទិច។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖191223-NationalNews-Lakchandara-02-

……………………

ខណៈកម្ពុជាកំពុងអនុវត្តគោលការណ៍ ៣R ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ការចូលរួមពីគ្រប់មជ្ឈដ្ឋាន គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីរួមគ្នាជួយឱ្យគោលការណ៍នេះ ទទួលបានជោគជ័យ។ គោលការណ៍៣R និងសេដ្ឋកិច្ចចក្រា គឺជាគោលការណ៍មួយដែលក្រសួងបរិស្ថានបានដាក់ចេញ ដើម្បីគ្រប់គ្រងលើការប្រើប្រាស់ ឬការគ្រប់គ្រងសំណល់រយៈពេលខ្លី ដែលជាវិធានការជាក់ស្ដែង និងបន្ទាន់ចំពោះការប្រើប្រាស់ថង់ប្លាស្ទិច។

៣R សំដៅយដល់ Rទី១ គឺកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច ដែលភាសាអង់គ្លេសហៅថា Reduce។ ចំណែក Rទី២ គឺការប្រើប្រាស់ឡើងវិញ ឬReuse និង Rទី៣ ការកែច្នៃឡើងវិញនូវផ្លាស្ទិច ឬRecycle។

នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនមួយចំនួនបានអនុវត្តគោលការណ៍ ៣R ដោយចាប់ផ្ដើមប្រមូលយកសំរាមរបស់ខ្លួនត្រលប់មកវិញ និងខ្លះបានកែច្នៃការវេចខ្ចប់របស់ខ្លួន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាក់ស្ដែង ក្រុមហ៊ុន MG PACIFIC COMPANY LIMITED ដែលផលិតក្រដាសអនាម័យ បានកែច្នៃការវេចខ្ចប់ក្រដាសរបស់ខ្លួន ពីប្លាស្ទិកមកជាប្រអប់ជ័រជំនួសវិញដែរ។

លោក ទៀង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុនក្រដាសអនាម័យ MGបានឱ្យដឹង គម្រោងដែលក្រុមហ៊ុនជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺធ្វើឡើងតាមរយៈការប្ដូរប្រអប់វេចខ្ចប់ក្រដាសដែលប្រើរួចរាល់ហើយ ទៅប្ដូរយកប្រអប់ថ្មី។ ការណ៍នេះនឹងជួយដល់អតិថិជនដែលប្រើក្រដាសពីខាង MG បានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានមួយផ្នែក។ ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ និងកន្លែងធ្វើអាជីវកម្មផ្សេងៗ ក៏មិនពិបាកក្នុងការប្ដូរប្រអប់ផងដែរ ដោយក្រុមហ៊ុននឹងមានសេវាកម្មប្ដូរជូនដល់ទីតាំង។

ក្រៅពីនេះ ក្រសួងបរិស្ថានធ្លាប់បានលើកឡើងថា មានក្រុមហ៊ុនអាជីវកម្មផ្សេងៗទៀត ដូចជា ក្រុមហ៊ុនផលិតទឹកសុទ្ធ និងភេសជ្ជៈមួយចំនួនបានចាប់ផ្ដើមទិញយកកាកសំណល់ដែលជាសម្បកដប និងសម្បកកំប៉ុងប្លាស្ទិចចូលទៅវិញដើម្បីគ្រប់គ្រងផងដែរ។ ផ្អែកតាមក្រសួងដដែល កាលពីឆ្នាំ២០២២ មានក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា បានសហការជាមួយអ្នកលក់អេតចាយទូទាំងប្រទេសក្នុងការប្រមូលទិញសម្បកដប និងកំប៉ុងរហូតដល់ទៅប្រមាណ ២ពាន់តោន សម្រាប់យកទៅកែច្នៃផលិតឡើងវិញ។

យោងតាមក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមទីក្រុងធំៗ ក្នុងមួយថ្ងៃបានផលិតសំរាមជាមធ្យមប្រមាណ៣០០០ តោន ប៉ុន្តែមានសំរាមតែជាង២០%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃឡើងវិញ។ យ៉ាងណានាពេលបច្ចុប្បន្ននេះ ក្រសួងបានកំពុងធ្វើយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ ដើម្បីឱ្យមូលដ្ឋានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច។ គិតត្រឹម៣ខែដំបូង មានប្រជាជនប្រមាណ៣លាននាក់ បានប្តេជ្ញាចិត្តចូលរួម។ ការណ៍នេះធ្វើឱ្យយុវជនសំរាម សង្កេតឃើញថា យុទ្ធនាការរបស់ក្រសួង ទទួលបានជោគជ័យមួយកម្រិត តែក៏ស្នើឱ្យគិតគូរយុទ្ធនាការនេះនៅតាមរមណីយដ្ឋាន កន្លែងកម្សាន្តផ្សេងៗផងដែរ។ កាលពីរដ្ឋមន្ដ្រីក្រសួងបរិស្ថានអាណត្តិមុនថា នៅថ្ងៃខាងមុខកម្ពុជានឹងឈានទៅអនុវត្តលើគោលការណ៍4R គឺមានន័យថា លើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យបដិសេធ ឬRefuse  ចំពោះការប្រើប្រាស់ផលិតផលិប្លាស្ទិកតែម្ដង៕

Share

Image
Image
Image