en     km
en     km

ពលរដ្ឋស្រុកតាវែង ខេត្តរតនគិរី ត្អូញត្អែរពីបញ្ហាផ្លូវលំបាក ស្នើអាជ្ញាធរពន្លឿនការសាងសង់

Share

ពលរដ្ឋមួយចំនួននៅស្រុកតាវែង ខេត្តរតនគិរី បានត្អូញត្អែរពីបញ្ហាផ្លូវលំបាកក្នុងការធ្វើដំណើរ ដោយសារ ផ្លូវ១ខ្សែពីទីរួមស្រុកតាវែង ទៅស្រុកអូរជុំដែលមានប្រវែង៤៦គីឡូម៉ែត្រកំពុងរងការខូចខាតខ្លាំង។ ពួកគាត់ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយផ្លូវនេះ ដើម្បីផ្តល់លទ្ធភាពងាយស្រួល ក្នុងការធ្វើដំណើរប្រចាំថ្ងៃ និងសម្រួលជីវភាពរបស់ប្រជាជនបានមួយផ្នែកធំ។

(កញ្ញា ចាន់ រ័ត្ន រាយការណ៍)

រូបភាព: ផ្លូវ76A ខេត្តរតនគិរី អំឡុងខែតុលា ឆ្នាំ២០២៣

ផ្លូវ76A ១ខ្សែ មានប្រវែង៤៦គីឡូម៉ែត្រ ពីទីរួមស្រុកតាវែង ទៅស្រុកអូរជុំ ខេត្តរតនគិរី កំពុងរងការខូចខាតជាខ្លាំង ពិបាកក្នុងការធ្វើដំណើរ។ ប្រជាពលរដ្ឋត្អូញត្អែរ រអ៊ូរទាំ ពីផលលំបាកក្នុងសហគមន៍របស់ពួកគាត់ ដោយសារផ្លូវ១ខ្សែនេះ រអិល ភក់ ផុងជ្រៅ ដែលពិបាកក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផលទៅទីផ្សារ ហើយសិស្សានុសិស្សមួយចំនួនពិបាកធ្វើដំណើរមកខេត្តដើម្បីបន្ត​សិក្សា។

លោក លួន ​សុគន្ធ អាយុ២៨ឆ្នាំ ជាកសិករមួយរូបនៅតំបន់នេះ បានលើកឡើងប្រាប់វិទ្យុស្រ្តីថា ការធ្វើដំណើររបស់គាត់មានការពិបាកណាស់នៅរដូវវស្សាដោយប្រឈមនឹងផ្លូវមានសភាពរអិល ចំណាយពេលវេលាយូរពេលធ្វើដំណើរទៅកាន់ខេត្ត។

«បញ្ហាចម្បងគឺទាក់ទងនឹងគុណភាពផ្លូវ ព្រោះអីផ្លូវហ្នឹងវាគ្រោះផង ផ្លូវវាលាយដីផង កាលណាខែភ្លៀងអ៊ីចឹងទៅជាប់ភក់ ជាប់ប្រឡាក់​ ខែនេះយើងទៅវាហុយដីខ្លាំង អ៊ីចឹង! ណាស់។ អ៊ីចឹងពិបាកក្នុងការធ្វើដំណើរមិនថាប្រជាពលរដ្ឋ ឬមួយអ្នកមន្រ្តីរាជការ ឬស្ថាប័នណាមួយគាត់ចុះធ្វើការ ឬមួយចុះតាមស្រុក តាមខេត្តអីក៏ដោយ ខ្ញុំថាទាក់ទងនិងផ្លូវវាអត់មានគុណភាព ការធ្វើមិនតាមស្តង់ដា​ ឬ មួយក៏អ្នកធ្វើមិនចង់បានគុណភាព ឬចង់បានប្រជាពលលរដ្ឋយើងគាត់ធ្វើដំណើរងាយស្រួលទេ គ្រាន់ការធ្វើហ្នឹង ធ្វើដើម្បីគេហៅយកមុខមាត់ បានមួយរយៈៗទេ »។

ចំណែក លោក វ៉ន អចិន្រ្តៃ អាយុ 39ឆ្នាំ ជាមេភូមិទុន ឃុំតាវែងក្រោម   តំណាងឱ្យជនជាតិដើមភាគតិចគ្រឹង បានលើកឡើងថា បើសិនជាអាចស្ថាប័នពាក់ព័ន្ធមានការដោះស្រាយពីផ្លូវនេះដូចជាចាក់កៅស៊ូផុតភូមិ ក៏បានកាត់បន្ថយដីហុយអាចសម្រួលបានពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋមួយផ្នែកធំដែរ។

« បើយើងគិតទៅទី១ខែនេះជារដូវប្រាំងវាហុយ មានផុង​រលាក់ក្លុកឡើងទួលចុះទួលអ៊ីចឹងពិបាកដែរ បើសិននៅក្នុងភូមិមួយទៀត គេមិនទាន់ធ្វើផ្លូវអ៊ីចឹង! ខែហ្នឹងយើងនៅពិបាកហុយពេញកណ្តាលផ្លូវផង ទាំងយប់ទាំងថ្ងៃ វាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅបាទ! ខ្ញុំពិបាកគិតដែរបញ្ហានុង! បើសិនយើងសំណូមពរខាងគេ ជាផ្លូវកៅស៊ូចាក់ជាបេតុងអីហ្នឹង អាចសម្រួលបានដែរអ៊ីចឹងណាស់! បើសិនជាខាងស្រ្តីជាបញ្ហាប្រឈមដូចជាការឆ្លងទន្លេហ្នឹង ពិបាកមែនទែន ព្រោះអីផ្លូវយើងវារៀងយ៉ាប់ដែរ ខែនឹងបើសិនខែភ្លៀងកាន់តែណាស់ទៀតមាន រអិល មានជាប់មានអី អ៊ីចឹងណាស់! សម្រាប់អ្នកធ្វើការ  ទាំងប្រជាពលរដ្ឋសាមញ្ញវាពិបាក និយាយរួមគ្រប់ពេលវេលា »។

 លើសពីនេះ លោកបានសំណូមពរពីស្ថាប័នពាក់ព័ន្ធថ្នាក់ស្រុកនិងមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តរតនគិរី ឱ្យមានការចាក់កៅស៊ូនៅកណ្តាលភូមិធ្វើម៉េចឱ្យផុតភូមិ កុំឱ្យតែយើងចាំគេ តភ្ជាប់ពីអូរជុំមកដល់តាវែងយើងវាយូរ ធ្វើឱ្យផុតភូមិកន្លះគីឡូដី ដល់១គីឡូដី និងចាក់កៅស៊ូកន្លែងផ្លូវពិបាកឡើងទួល រអិល​ ក្នុងគោលបំណងកាត់បន្ថយហុយចូលផ្ទះថែមទំាងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋផ្សេងៗ។

លោកស្រី ឌី កាណាដា កសិករមួយរូបទៀត បានលើកឡើងថា ការធ្វើដំណើររបស់គាត់មានផលលំបាកដែលប្រឈមទៅនឹងផ្លូវនៅរដូវប្រាំងផុង រលាក់ ហុយខ្លាំង និងរដូវវស្សារអិលខ្លាំង មិនតែប៉ុណ្ណោះអាចបណ្តាលបញ្ហាគ្រោះថ្នាក់ដូចជាដួល ជាប់ភក់និងចំណាយពេលយូរជាងរដូវប្រាំង។

« ចេញពីស្រុកទៅដល់ស្រុកអូរជុំឬក៏ទៅដល់ខេត្តហ្នឹងវាពិបាក។ ខែរដូវក្តៅផ្លូវផុង ហើយវារលាក់ ហុយខ្លាំង ហើយបើនិយាយពីខែភ្លៀងវិញផ្លូវរអិល ឡើងអត់រួចទេ អ៊ីចឹង! ទម្រាំទៅដល់ខេត្ត ទៅស្រុកអូរជុំផ្លូវស្រួលហ្នឹង!មួយម៉ោងឬពីរម៉ោងជាងបានទៅដល់ សម្រាប់មនុស្សស្រី ពេលដែលអ្នកធ្វើផ្លូវដំបូងហ្នឹង គេធ្វើមិនល្អ ធ្វើបានឆាប់អ៊ីចឹងហាស៎! ដល់ធ្វើបែបថាលំៗហាស៎ អ៊ីចឹង!ទៅផ្លូវឆាប់ខូច ហើយម្យ៉ាងទៀតតំបន់យើងជាតំបន់ភ្នំ ដល់ពេលភ្លៀង ច្រោះទឹកខ្លាំងធ្វើឱ្យចាប់ផ្តើមខូច មួយទៀតមានឡានចេញចូលអ៊ីចឹងទៅឆាប់ខូចដែរ ដឹករបស់ធ្ងន់ៗ បើជាខាងរាជរដ្ឋាភិបាលអាចជួយបានសុំធ្វើផ្លូវកៅស៊ូតែម្តង ចាប់ពីផ្លូវអូរជុំ មកដល់ផ្សារតាវែង បើសិនជាអាចគ្រាន់ធ្វើម្តុំៗភ្នំៗ កន្លែងណាពិបាកចាក់ម្តុំហ្នឹងមុន ដេញមកស្រុករឹតតែល្អ និងសំណូមពររបស់ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកតាវែង » ។

យ៉ាងណាមិញ លោក ហួត វី ជាអភិបាលរងស្រុកតាវែងបានលើកឡើងថា​ ដើម្បីឆ្លើយតបការធ្វើ និងគម្រោងជួសជុលហេដ្ឋារចនា​សម្ព័ន្ធផ្លូវបន្តបន្ទាប់នឹងមានការយកចិត្តទុកដាក់ខ្លាំងពីថ្នាក់ដឹកនាំពីរាជរដ្ឋាភិបាលដូចជាមន្រ្តីថ្នាក់ជាតិ ពិសេសថ្នាក់មូលដ្ឋាន​ក្នុងការកាត់បន្ថយធូរលីផ្តល់ភាពងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងមូលដែលរងការលំបាកពីទីរួមស្រុកតាវែងទៅកាន់ស្រុកអូរជុំ ដែលធ្វើទៅបានក្នុងឆ្នាំ២០២៨។

 « ទាក់ទងនឹងប្រជាពលរដ្ឋ​ គាត់ចោទជាសំណួរបញ្ហាទាក់ទងនឹងផ្លូវនេះ យើងក៏បានឆ្លើយតបទៅកាន់គាត់តាមវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តដូចជាវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកជាមួយប្រជាពលរដ្ឋទាំ​​​ងពីរឃុំ។ ពិសេសក្នុងឆ្នាំ២០២៣ នេះយើងបានធ្វើជាមួយពួកគាត់​​ ក៏យើងបានឆ្លើយស្រាយបំភ្លឺយើងមិនបដិសេធទេ ជួយស្រាយបំភ្លឺប្រាប់គាត់ពន្យល់លើកហេតុផលប្រាប់គាត់ថា ផ្លូវនេះយើងនឹងធ្វើតភ្ជាប់ ប៉ុន្តែគ្រាន់តែផែនការរបស់ថ្នាក់ជាតិ​ ឬថ្នាក់ខេត្តអ៊ីចឹងណាស់! គឺវាជាជំហានៗ​ព្រោះថវិកាមានកម្រិតមិនមែនយើងកសាងម្តងឬក៏ធ្វើម្តងហ្នឹងតភ្ជាប់គ្នាតែម្តងទេ ជាក់ស្តែងផ្លូវទីរួមស្រុក១គីឡូប៉ុន្តែវាធំអ៊ីចឹងណាស់! អ៊ីចឹងផ្លូវនឹងគេធ្វើតភ្ជាប់ដូចគ្នារហូតដល់រង្វង់មូល រួចតភ្ជាប់ពីរង្វង់មូលបានយើងធ្វើពន់ផ្លូវអូរជុំបាទ! ប៉ុន្តែនេះជាផែនការរបស់ថ្នាក់ជាតិ ក៏ដូចជាថ្នាក់ខេត្តអ៊ីចឹង! សមទ្ធិផលទាំងនេះរដ្ឋបាលក្រុង ស្រុក គ្រាន់អ្នកទទួល ហើយស្រុកមិនមានលទ្ធភាពទៅធ្វើផ្លូវនេះទេ ព្រោះផ្លូវនេះជាគម្រោងរបស់ថ្នាក់ខេត្ត​ ហើយមួយទៀតស្រុកគឺមានតែលទ្ធភាពធ្វើបន្ថែម ឬជួសជុលផ្លូវបេតុងផ្លូវអីដែលធ្វើជុំវិញស្រុក។ បច្ចុប្បន្ននេះជាគម្រោងរបស់ស្រុកផ្លូវបេតុងធ្វើរង្វង់មូល ទីសួនផ្សេងៗសម្រាប់ប្រជាជនដើរលំហែ »។

បន្ថែមលើសពីនេះទៀត លោកអភិបាលរងស្រុកតាវែងរូបនេះបានឱ្យដឹងថាកិច្ចការបន្ទាប់របស់ថ្នាក់ដឹកនាំនិងមន្ទីរជំនាញកំពុងដាក់គម្រោងធ្វើផ្លូវចាក់កៅស៊ូ​ក្នុងនោះអាចដល់ផ្លូវអាស៊ានយ៉ាងយូរបំផុតនៅក្នុងអំឡុងឆ្នាំ២០២៧ទៅឆ្នាំ២០២៨ខាងមុខ។

« បាទ! ទៅលើកិច្ចការបន្ទាប់ដឹងព័ត៌មានពីថ្នាក់ដឹកនាំដូចជាមន្ទីរជំនាញក្នុងវេទិកាក៏បានលើកដែរយ៉ាងយូរបំផុតផ្លូវយើងនេះប្រហែលអំឡុងឆ្នាំ២០២៧​ទៅ២០២៨យើងត្រូវតែភ្ជាប់ថ្នាក់ជាតិមានគម្រោងផែនការ ធំបន្ទាប់ទៀតក្នុងឆ្នាំ២០២៧​ ២០២៨ ហ្នឹង គេមានទាំងផ្លូវអាស៊ានទៀតនោះឆ្លងកាត់ស្រុកយើងពីស្រុកតាវែងបុកទៅមុំ៣កន្ទុយនាគ បាទ! អ៊ីចឹងផ្លូវអាស៊ានយើងហ្នឹង ប្រហែលយើងនឹងចាប់ផ្តើម ត្រាស់សេ ​ក្នុងឆ្នាំ២០២៧បាទ!​ បានមានន័យថាយើង ត្រាស់សេ ជាផ្លូវដីបន្ទាប់មកយើងនឹងធ្វើថ្នល់កៅស៊ូបាទ! ហើយដោយឡែកផ្លូវយើងតភ្ជាប់នេះក៏ប្រហាក់ប្រហែលក្នុងឆ្នាំហ្នឹងដូចគ្នាបាទ! ប្រហែលគេធ្វើចប់សព្វគ្រប់ក្នុងឆ្នាំ២០២៧ឬក៏២៨ នេះគ្រាន់ជាព័ត៌មានដែលខ្ញុំធ្លាប់ឮ ទទួលបានអ៊ីចឹង!ណាស់  ហើយមួយទៀតព្រោះវាជាផែនការជាន់កាលវាអាចលឿនជាងឆ្នាំយើងកំណត់​ ជាន់កាលកំណត់ថាឆ្នាំ២០២៧ឬ២០២៨​ ប៉ុន្តែក្នុងករណីពិសេសណាមួយរាជរដ្ឋាភិបាលទម្លាក់ជាកញ្ចប់ មានន័យថាបើទម្លាក់ជាកញ្ចប់ផ្តល់ឱ្យមន្ទីរជំនាញ មន្ទីរមានលទ្ធភាពអាចធ្វើតភ្ជាប់លឿនក៏ថាបានដែរ អ៊ីចឹង!ចំណុចហ្នឹង! អ៊ីចឹង!វាអាចមុនផែនការកំណត់ តាមជំហានរបស់មន្ទីរជំនាញអើ! ជាចក្ខុវិស័យរបស់គាត់ គឺអាចអំឡុងក្នុងឆ្នាំ២០២៧ឬ២០២៨ ប៉ុន្តែបើរាជរដ្ឋាភិបាលមានកញ្ចប់ដែលគេរកមូលនិធិឬក៏ដៃគូអភិវឌ្ឍន៍បានឬកម្ចីនានាណាបានគេក៏អាចធ្វើមុន ចន្លោះឆ្នាំ២០២៥ចុះក្រោមក៏ថាបានបាទ!​»។

ទោះយ៉ាងណា​ សម្រាប់ស្ថានភាពជាក់ស្ដែងនៅពេលនេះ លោកអភិបាលរងស្រុក ហួត វី បាននិយាយថា ការស្ថាបនាកសាងផ្លូវថ្នល់កៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធពីទីរួមស្រុកតាវែងទៅកាន់ស្រុកអូរជុំ មិនទាន់មានលទ្ធភាពសាងសង់ទេ​ ប៉ុន្តែអាជ្ញាធរមានត្រឹមតែក្នុងកញ្ចប់ជួសជុលផ្លូវខូចមួយចំនួនដែលធ្វើទៅបាន។ លោកបញ្ជាក់ថា ជុំវិញការស្ថាបនាផ្លូវនេះ បើតាមព័ត៌មានពីផែនការគម្រោងកញ្ចប់របស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់លើដែលលោកទទួលបានគឺ ថ្នាក់ជាតិ នឹងមានការស្ថាបនាកសាងផ្លូវឱ្យលេចជាសមិទ្ធផល ក្នុងពេលយូរឬឆាប់ដែលអាចធ្វើទៅបានក្នុងអំឡុងឆ្នាំ២០២៨។

ទិដ្ឋភាពផ្លូវ៧៦A នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពរូបភាព ពីលោក លួន សុគន្ធ
ទិដ្ឋភាពផ្លូវ៧៦A នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពរូបភាព ពីលោក លួន សុគន្ធ

អត្ថបទខ្លីសរសេរដោយ កញ្ញា ទៀ រតនា  សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង