នាយករដ្ឋមន្ត្រីជប៉ុន និងសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) កំពុងអំពាវនាវចង់ពង្រឹងឥទ្ធិពលលើភាពជាដៃគូ និងសហប្រតិបត្តិការលើវិស័យមួយចំនួនដែលកំពុងដាក់សម្ពាធដល់តំបន់អាស៊ី ពិសេសលើវិស័យសន្តិសុខជាតិ។
(កញ្ញា កែវ សុជាតា រាយការណ៍)
នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida និងមេដឹកនាំកំពូលៗដែលជាសមាជិករបស់អាស៊ានចំនួន៩រូប បានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកសុះសាយនៅក្នុងវិស័យដូចជាសន្តិសុខជាតិ សន្តិសុខតាមអ៊ីនធឺណិត ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងវិធានការប្រឆាំងនឹងព័ត៌មានមិនពិតជាដើម។ នេះបើយោងតាមសារព័ត៌មាននៅក្នុងស្រុក The Japan News បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣។
តាមប្រភពដដែលឱ្យដឹងទៀតថា នៅក្នុងជំនួបកាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញពីចេតនាយ៉ាងសកម្មនូវជំនួយផ្នែកសន្តិសុខជាផ្លូវការ ដែលជាកម្មវិធីរៀបចំឡើងដើម្បីផ្គត់ផ្គង់សម្ភារៈការពារជាតិដោយឥតគិតថ្លៃ និងទម្រង់ជំនួយផ្សេងៗទៀតសម្រាប់យោធានៃបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។ ជំនួយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការជួយដល់ប្រទេសផ្សេងទៀត ខណៈចិនកំពុងបង្កចលាចលនិងដាក់សម្ពាធដល់សមាជិកអាស៊ានមួយចំនួនដែលទាក់ទងនឹងដែនសមុទ្រចិនខាងត្បូង។
លោក Kishida បាននិយាយនៅក្នុងកិច្ចប្រជុំរួមគ្នានេះថា ពិភពលោកកំពុងមានភាពវឹកវរជុំវិញបញ្ហាសង្រ្គាម និងប្រឈមចំពោះវិបត្តិស្មុគស្មាញជាច្រើនផ្សេងទៀត ក៏ប៉ុន្តែប្រទេសជប៉ុននឹងនៅតែឈរជាមួយនឹងសមាគមអាស៊ាន។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីរូបនេះបញ្ជាក់ថា ប្រទេសជប៉ុនគ្រងនឹងប្រមូលថវិកាចំនួន ៣៥ពាន់លានដុល្លារអាមេរិកនៅក្នុងតំបន់អាស៊ានក្នុងរយៈពេល៥ឆ្នាំខាងមុខពីវិស័យសាធារណៈ និងវិស័យឯកជន។ លោកអះអាងថា ការកៀរគរនេះធ្វើឡើងសម្រាប់គាំទ្រលើវិធានការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតក្នុងចំណោមបញ្ហាផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លើសពីនេះ សារព័ត៌មាន The Japan News បង្ហាញទៀតថា នៅក្នុងសេចក្តីថ្លែងការណ៍រួមក៏បានអំពាវនាវឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ការលើកកម្ពស់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលផ្សេងៗ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការផលិតរថយន្តអគ្គិសនី និងរថយន្តជំនាន់ក្រោយផ្សេងទៀត។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលពិសេសរវាងជប៉ុន-អាស៊ានលើកទី៥០ ប្រារព្ធឡើងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានលោក Fumio Kishida នាយករដ្ឋមន្រ្កីជប៉ុនធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំកំពូលនេះ។ ក្នុងនោះ សមាជិកដែលអញ្ជើញចូលរួមជាអធិបតីភាពមានដូចជាប្រធានាធិបតីហ្វីលីពីន, នាយករដ្ឋមន្ត្រីសិង្ហបុរី, នាយករដ្ឋមន្ត្រីថៃ, នាយករដ្ឋមន្ត្រីវៀតណាម, ប្រធានាធិបតីឥណ្ឌូនេស៊ី, នាយករដ្ឋមន្ត្រីជប៉ុន, នាយករដ្ឋមន្ត្រីឡាវ, ព្រះចៅប្រទេសប្រ៊ុយណេ, នាយករដ្ឋមន្រ្តីកម្ពុជា, នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និង នាយករដ្ឋមន្រ្តីទីម័រខាងកើត៕
ប្រភព៖ The Japan News ចុះថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣