en     km
en     km

កសិករមួយរូបបានលែងត្រីរាជ​ ប្រវែង២,២ម៉ែត្រចូលក្នុងទន្លេសាបវិញ

Share

 

   

កសិករមួយរូបបានលែងត្រីរាជ​ ប្រវែង២,២ម៉ែត្រ ដែលខ្លួនទើបនេសាទបានចូលក្នុងទន្លេសាបវិញ។ អ្នកពាក់ព័ន្ធបានបង្ហាញការកោតសរសើរ និងស្នើឱ្យប្រជានេសាទផ្សេងទៀតចូលរួមអភិរក្សប្រភេទត្រីកម្រនេះ។ កញ្ញា សួ សុវណ្ណិកា រាយការណ៍ 15-12-23-nika-fish

 

លោក ម៉ុត សាវឿន ជាអ្នកនេសាទម្នាក់បានលែង ត្រីរាជ១ក្បាល ទម្ងន់១១៥គីឡូក្រាម ប្រវែង២,២ម៉ែត្រចូលក្នុងទន្លេសាបវិញ។ លោក នេសាទបានត្រីរាជនេះក្នុងឃុំកំពង់ហ្លួងស្រុកពញាឮ ខេត្តកណ្តាល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការកោតសរសើរ ចំពោះលោក ម៉ុត សាវឿនផងដែរ ដោយចាត់ទុកសកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ។

ទន្ទឹមនឹងការកោតសរសើរ បើយោងតាមរយៈវីដេអូក្នុងFacebook Page ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានផុសក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ត្រីរដ្ឋបាលជលផលបានសួរសំណួរទៅលោក ម៉ុត សាវឿនថា «តើមានហេតុផល អ្វីទើបលោកចាប់បានត្រីរាជនេះហើយ រាយការណ៍អោយសមត្ថកិច្ច? លោកសាវឿនក៏បានឆ្លើយប្រាប់ពីមូលហេតុនេះ ដោយសារវាជាត្រីកម្រ និងពាក់ព័ន្ធនឹងជំនឿតជំនាន់។

   «ដោយសារតែត្រីនេះ ជាត្រីខ្សត់កម្រ ណាមួយជំនាន់អបិយជំនឿជំនាន់ឪខ្ញុំក៏គាត់យកត្រីនឹងជាត្រីស័ក្កសិទ្ធមួយដែរ នៅពេលដែលយើងចាប់បានត្រីរាជ ត្រីពោលរាំងនឹង ត្រីនឹងជាត្រីស័ក្កសិទ្ធ ហើយគាត់លែងចោលអោយកូនចៅជំនាន់ក្រោយបានសុខបានសប្បាយ រកស៊ីតៗគ្នាទៀតទៅ»

បន្ទាប់ពីបានលើកពីមូលហេតុខាងលើ លោក សាវឿនក៏បានអំពាវនាវផងដែរ ដល់ប្រជានេសាទដ៏ទៃទៀត ដែលនេសាទបានត្រីកម្រប្រភេទនេះគួរដោះលែងវិញ ឬរាយការណ៍ដល់សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ។

 «ហើយណាមួយសុំសំណូមពរអោយបងប្អូនទាំងអស់គ្នា ប្រជានេសាទទាំងអស់ ដូចធ្វើដៃ ធ្វើអី លប អីណានាម អីផ្សេងៗ បើបានត្រីហ្នឹង សុំអោយរាយការណ៍ប្រាប់សមត្ថកិច្ច ឬមួយក៏រកវិធីណាដោះលែងអោយសមត្ថកិច្ច ទី១ អោយដឹង អោយលឺ ឬយើងប្រលែងចូលបឹងធម្មជាតិខ្លួនឯងក៏បានដែរ »។

បន្ថែមពីនេះរដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនអ្នកនេសាទ មេត្តាចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះឱ្យសំបូរ សម្រាប់កូនចៅជំនាន់ក្រោយ៕

Share

Image
Image
Image