en     km
en     km

និស្សិតកម្ពុជាផ្តួចផ្តើមគំនិតផលិតវីដេអូអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានជាភាសាសញ្ញា

Share

ភ្នំពេញ៖ និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផលិតវីដេអូលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានជាភាសាសញ្ញាសម្រាប់ជនមានពិការភាពកាយសម្បទាការស្តាប់។ វីដេអូទាំងនេះ ជាវីដេអូក្នុងចំណោមដំបូងគេនៅក្នុងប្រទេសកម្ពុជាអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ នៅក្នុងការសាកល្បងនេះ វីដេអូបកស្រាយ ដោយប្រើប្រាស់ភាសាសញ្ញាកម្ពុជា ចំនួនបួនត្រូវបានផលិតឡើងនិយាយអំពីចំណេះដឹងសំខាន់ៗ នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដោយប្រាប់ជនគោលដៅអំពីវិធីសាស្ត្រក្នុងការសម្គាល់ព័ត៌មានច្របូកច្របល់។

កញ្ញា ត្រាំ គុជសុវណ្ណធីតា ជានិស្សិតDMCឆ្នាំទី១ និងជាផលិតករម្នាក់នៃវិដេអូជាភាសាសញ្ញា សង្ឃឹមថាវីដេអូទាំងនេះនឹងជួយដល់ជនមានពិការភាពសម្បទាការស្តាប់ ក្នុងការស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដឹងអំពីវិធីសាស្ត្រផ្ទៀងផ្ទាត់ព័ត៌មាន និងយល់ពីវិធីសាស្ត្រការពារខ្លួនឯងពីព័ត៌មានច្របូកច្របល់។ កញ្ញាបានបង្ហាញពីភាពចាំបាច់នៃមាតិការូបភាពដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍មានពិការភាពផ្នែកស្តាប់។

«ខ្ញុំយល់ថាការសាកល្បងផលិតវីដេអូអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានជាភាសាសញ្ញា បានជួយដល់អ្នកដែលមានពិការភាពផ្នែកស្តាប់ ដោយនេះជាវិធីសាស្ត្រស្រួលបំផុតមួយក្នុងការជួយពួកគាត់ឱ្យដល់អំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានតាមរយៈកាយវិការ។ ខ្ញុំចង់ឃើញមាតិកា ដែលមានលក្ខណៈបែបនេះបន្ថែមទៀតនាពេលអនាគត ដោយសារតែវាអាចជួយដល់លើកកម្ពស់ការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្បផ្សាយ និងព័ត៌មានដល់អ្នកដែលមានពិការភាពផ្នែកស្តាប់ ព្រោះពួកគាត់ងាយនឹងត្រូវបានគេបោកបញ្ជោត ដោយសារតែគាត់ពុំអាចទទួលបានព័ត៌មាន១០០% ដូចអ្នកដែលពុំមានពិការភាពផ្នែកស្តាប់បាន។»

លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានកាន់តែមានភាពចាំបាច់ខ្លាំងឡើងៗពីមួយថ្ងៃ ទៅមួយថ្ងៃសម្រាប់មនុស្សគ្រប់គ្នា។

«ព័ត៌មានច្របូកច្របល់ បានកើនឡើងកាន់តែច្រើនឡើងៗ និងមានភាពស្មុគស្មាញក្នុងការសម្គាល់ ដោយសារតែភាពរីកចម្រើននៃបច្ចេកវិទ្យា។ វាមានសារសំខាន់ណាស់ក្នុងការធានាថាមនុស្សគ្រប់គ្នាមានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ ហេតុនេះហើយទើបDMC បង្ហាញការគាំទ្រពេញទំហឹងនៅពេលនិស្សិតរបស់យើង ស្នើជាយោបល់ក្នុងការសាកល្បងផលិតវីដេអូអប់រំអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានជាភាសាសញ្ញា ក្នុងគម្រោងដែលយើងធ្វើជាមួយនឹងអង្គការយូណេស្កូ។»

លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា យល់ឃើញថា វីដេអូសាកល្បងទាំងនេះ ជាជំហានសំខាន់មួយទៀតក្នុងការលើកកម្ពស់ការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

«វីដេអូសាកល្បង អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ជាភាសាសញ្ញានេះជាជំហានឆ្ពោះទៅមុខសំខាន់មួយក្នុងការលើកកម្ពស់បរិយាប័ន ដោយធានាថានឹងមិនមាននរណាម្នាក់ត្រូវបានគេទុកចោលក្នុងដំណើរនៃការអប់រំប្រកបដោយគុណភាព។ ការផ្តួចផ្តើមប្រកបដោយនវានុវត្តន៍របស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដើរស្របគ្នាយ៉ាងប្រសើរជាមួយនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព នៃអង្គការសហប្រជាជាតិ។ ដោយការលើកកម្ពស់សេរីភាពនៃគំនិតតាមរយៈមាតិការូបភាព យើងពង្រឹងបានអំណាចជនមានពិការភាពឱ្យក្លាយជាអក្ខរជនប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីញ៉ាំងធ្វើឱ្យសង្គមជាតិប្រកបដោយគតិ និងបរិយាប័ន។»

គួរបញ្ជាក់ផងដែរថា វីដេអូអប់រំអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានជាភាសាសញ្ញាទាំងបួន ដែលផលិតឡើងដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ គឺជាសមិទ្ធផលមួយផ្នែក ក្រោមជំនួយឧបត្ថម្ភ របស់កម្មវិធីអន្តរជាតិអំពីការអភិវឌ្ឍការទំនាក់ទំនង (International Programme for the Development of Communication) នៃអង្គការយូណេស្កូ ទៅកាន់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ក្រោមគម្រោង ការពង្រឹងសមត្ថភាពការអប់រំផ្នែក សារព័ត៌មាននៅកម្ពុជា ដើម្បីទប់ស្កាត់ព័ត៌មានច្របូកច្របល់។

អត្ថបទដោយ៖ លោក លោក ចាន់ សុខម៉េង សាស្ដ្រាចារ្យនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC)

Share

Image
Image
Image