en     km
en     km

CCHRរកឃើញសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅសាលាឧទ្ធរណ៍ខ្វះការអនុលោមតាមបទដ្ឋានសិទ្ធិជាមូលដ្ឋាន

Share

របាយការណ៍ប្រចាំឆ្នាំរបស់CCHR បានរកឃើញថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅតាមសាលាឧទ្ធរណ៍ មានភាពកង្វះការអនុលោមតាមបទដ្ឋានសិទ្ធិជាមូលដ្ឋាន ក្នុងនោះមានដូចជា សិទ្ធិមិនត្រូវបង្ខិតបង្ខំឱ្យសារភាពអំពីពិរុទ្ធភាព និងផ្ដល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង សិទ្ធិមានសរីភាព និងសិទ្ធិទទួលបានការសន្មត់ទុកជាមុនថាគ្មានទោស។ យ៉ាងណា មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថា នឹងពិនិត្យលើករណីនេះ ថាតើពិតជាមាន ដូចការលើកឡើងពីរបាយការណ៍CCHR មែន ឬជាការភន្ដច្រលំរបស់អ្នកសង្កេតការណ៍ពីខាងមជ្ឈមណ្ឌលសិទ្ធិមនុស្សនេះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR បានចេញរបាយការណ៍ប្រចាំឆ្នាំមួយ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយបញ្ជាក់ថា ខ្លួនរកឃើញពីកង្វះការអនុលោមតាមបទដ្ឋានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌មួយចំនួន ដែលជាសិទ្ធមូលដ្ឋាន នៅសាលាឧទ្ធរណ៍ចំនួន៤ នៅក្នុងប្រទេសកម្ពុជា។

សាលាឧទ្ធរណ៍ទាំង៤ រួមមាន សាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងខេត្តព្រះសីហនុ មាន កង្វះការអនុលោមតាមបទដ្ឋានសិទ្ធិជាមូលដ្ឋាន ដូចជា សិទ្ធិមិនត្រូវបង្ខិតបង្ខំឱ្យសារភាពអំពីពិរុទ្ធភាព និងផ្ដល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង សិទ្ធិមានសរីភាព និងសិទ្ធិទទួលបានការសន្មត់ទុកជាមុនថាគ្មានទោស។ នេះបើតាមការលើកឡើងពីក្នុងរបាយការណ៍របស់CCHR។

របាយការណ៍នេះបន្ថែមថា ជនជាប់ចោទនៅតែបន្ដស្ថិតនៅក្នុងឃុំ រួមទាំងសំណុំរឿងពាក់ព័ន្ធនឹងកុមារទំនាស់នឹងច្បាប់ និងជនជាប់ចោទចំនួនមួយភាគបី មិនមានមេធាវីការពារ នៅពេលចូលសវនាការនោះទេ។ ទោះបីជាចៅក្រមបានគោរពពេញលេញតាមច្បាប់ជាតិ តែចំនួនមួយភាគបីនៃជនជាប់ចោទដែលមិនមានមេធាវីការពារនោះ នៅតែមិនស្របតាមបទដ្ឋានអន្ដរជាតិនៃការជំនុំជម្រះដោយយុត្តិធម៌ដដែល។ CCHRលើកឡើងដូច្នេះ ដោយផ្អែកតាមទិន្នន័យដែលប្រមូលបាននៅឆ្នាំ២០២២ ប្រៀបធៀបនឹងរបាយការណ៍ឆ្នាំមុនៗនៅសាលាឧទ្ធរណ៍ភ្នំពេញ សម្រាប់វិភាគការវិវឌ្ឍនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់អ្នកសារព័ត៌មានវិទ្យុស្ដ្រីតាមប្រព័ន្ធតេឡេក្រាមថា  ក្រសួងនឹងពិនិត្យមើលលើករណីនេះ ថាតើពិតជាមាន ដូចការលើកឡើងរបស់របាយការណ៍មែន ឬជាការភន្ដច្រលំរបស់អ្នកសង្កេតការណ៍ពីខាងCCHR ព្រោះកន្លងមក លោកថា ក្រសួងតែងតែណែនាំឱ្យមន្ដ្រីអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់លើរឿងរ៉ាវនេះ។

សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ធ្លាប់បានលើកឡើងកាលពីខែមិថុនា ឆ្នាំ២០២៣ ថា ដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់ សម្ដេចបានស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ និងដើម្បីជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី។

យ៉ាងណា CCHR ក៏បានបញ្ជាក់ថា ខ្លួនរកឃើញថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សំខាន់ៗមួយចំនួនត្រូវបានធានា នៅចំពោះមុខសាលាឧទ្ធរណ៍ ដូចជាសិទ្ធិក្នុងការជួបនិយាយជាមួយមេធាវីមុនការជំនុំជម្រះ សិទ្ធិមានពេលវេលា និងមធ្យោបាយគ្រប់គ្រាន់ដើម្បីរៀបចំការពារក្ដី និងសិទ្ធិទទួលបានសេចក្ដីសម្រេចជាសាធារណៈ។

ទន្ទឹមគ្នា សាលាឧទ្ធរណ៍ទាំង៤ ក៏បានលើកកម្ពស់សិទ្ធិទទួលបានការជំនុំជម្រះដោយគ្មានការពន្យាពេលផងដែរ ខណៈសិទ្ធិផ្សេងៗទៀតសាលាឧទ្ធរណ៍ខ្លះបានលើកកម្ពស់ ដូចជាសិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ សិទ្ធិមានវត្តមាននៅពេលសវការ និងសិទ្ធិយល់ដឹងពីប្រភេទ និងមូលដ្ឋាននៃការចោទប្រកាន់។ នេះបើតាមការបញ្ជាក់ពីCCHRដដែល។

គួរជម្រាបថា របាយការណ៍ប្រចាំឆ្នាំស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលបង្ហាញពីរបកគំហើញសំខាន់ៗពីការសង្កេតសវនាការរបស់ខ្លួននៅសាលាឧទ្ធរណ៍ ដែលCCHR បានចេញផ្សាយនេះ ធ្វើឡើងតាមរយៈការសង្កេតសវការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ក្នុងនោះមានសំណុំរឿងព្រហ្មទណ្ឌចំនួន៥២១ករណី និងជាប់ពាក់ព័ន្ធនឹងជនជាប់បោទចំនួន ៧២៤នាក់៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង