en     km
en     km

រដ្ឋសភាបោះឆ្នោតទុកចិត្តដល់សមាជិកគ.ជ.បថ្មី ខណៈការប្រកាសចូលកាន់តំណែងត្រូវធ្វើនៅថ្ងៃស្អែក

Share

រដ្ឋសភាបានធ្វើការបោះឆ្នោតទុកចិត្ត ដល់សមាសភាពគណៈកម្មធិការជាតិរៀបចំការបោះឆ្នោតថ្មី ចំនួន៩រូប ដើម្បីដឹកនាំស្ថាប័នគ.ជ.ប នៃនីតិកាលទី៧នៅថ្ងៃនេះ។ ជាមួយគ្នានៅថ្ងៃស្អែក ប្រធាន និងអនុប្រជាន រួមទាំងសមាជិកទាំង៩រូប នឹងត្រូវធ្វើពិធីចូលកាន់តំណែង។ សង្គមស៊ិវិលមើលឃើញថា ក្រោយពេលស្ថានប័នគ.ជ.ប មានភាពចម្រុះដោយគណបក្សផ្សេងគ្នា នោះនឹងនាំឱ្យអនុសាសន៍ពីមូលដ្ឋាននឹងត្រូវបានលើកមកពិនិត្យ និងកែសម្រួល។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋសភាបានធ្វើការបោះឆ្នោតទុកចិត្ត ដល់សមាសភាពគណៈកម្មធិការជាតិរៀបចំការបោះឆ្នោតថ្មី ចំនួន៩រូប ដើម្បីដឹកនាំស្ថាប័នគ.ជ.ប នៃនីតិកាលទី៧។ ក្នុងនោះ អង្គសភាទាំងមូលបានយល់ព្រមដោយសំឡេង ១០១ សំឡេងនៃការបោះឆ្នោតទុកចិត្ត ឱ្យលោក ប្រាជ្ញ ចន្ទ បន្ដធ្វើជាប្រធានគ.ជ.ប ដដែល ខណៈលោក ជឺ ចំណាន ជាអនុប្រធាន។

ចំណែកសមាសនៃគ.ជ.ប ៧រូបទៀត មានលោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ជាសមាជិក។ ការបោះឆ្នោតទុកចិត្តនេះ ធ្វើឡើងក្រោយពេល រដ្ឋសភា កាលពីថ្ងៃចន្ទ ទី១១ ខែធ្នូ បានបើកកិច្ចប្រជុំមួយ អនុម័តសមាសភាពបេក្ខជន ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ក្នុងអាណត្តិទី៧នេះ។

គួរជម្រាបថា ការរើសសមាជិកគ.ជ.បសារជាថ្មី ធ្វើឡើងបន្ទាប់ការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតាំងតំណាងរាស្ដ្រកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ មានគណបក្សចំនួន២បានជាប់នៅក្នុងអាសនៈសភា។ ក្នុងនោះ ១២០អាសនៈបានទៅលើគណបក្សប្រជាជនកម្ពុជា និង៥អាសនៈបានទៅលើគណបក្ស ហ្វ៊ុន ស៊ិន ប៉ិច។ ការបន្ថែមសមាជិកពីគណបក្សផ្សេងក្នុងអាសនៈសភាបែបនេះ នាំឱ្យរដ្ឋសភាសម្រេចជ្រើសរើសសមាជិកគណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោតជាថ្មី។

យោងតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាត្រា៦បញ្ជាក់ថា សមាសភាពទាំង៩រូបនៃគ.ជ.ប គឺជ្រើសរើស ៤រូបពីគណបក្សដឹកនាំរាជរដ្ឋាភិបាល ចំណែក៤រូបទៀត ជ្រើសរើសដោយគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល និង១រូបចុងក្រោយជ្រើសរើសដោយមានការព្រមព្រៀងរវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា។

លោក កន សាវ៉ាង មន្ដ្រីសម្របសម្រួលផ្នែកអង្កេតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៃកម្ពុជា ហៅកាត់ថា Comfrel បានលើកឡើងថាដំណើរការនៃការជ្រើសរើសសមាជិកគ.ជ.បថ្មីត្រឹមត្រូវតាមច្បាប់ហើយ។ តែមិនសំខាន់ថាសមាជិកនោះត្រូវបានជ្រើសរើសដោយអ្នកណានោះទេ សំខាន់ការអនុវត្តជាក់ស្ដែងអាចដោះស្រាយបញ្ហាប្រឈម និងធ្វើតាមនិតិវិធីបានប៉ុណ្ណា។

លោក កន សាវ៉ាង សង្ឃឹមថា នឹងមានការកែប្រែនៅក្នុងអាណត្តិនេះ ព្រោះមានគណបក្សនយោបាយចំនួន២នៅក្នុងសភា។ ជាមួយគ្នា លោកជឿជាក់ថា ​ធាតុចូលដែលអង្គការសង្គមស៊ីវិលប្រមូលពីមូលដ្ឋាន ស្នើទៅស្ថាប័នធ្វើការបោះឆ្នោតនេះ នឹងត្រូវយកមកពិនិត្យ និងកែប្រែ ខណៈគ.ជ.បផ្ទាល់ ក៏ជាស្ថាប័ននិតិប្រតិបត្តិ ជាមួយរដ្ឋសភា។

យ៉ាងណានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងអាណត្តិថ្មីនេះ។ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនៃនីតិកាលទី៧រដ្ឋសភានេះ ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវំាងជាមុនសិន មុនចូលកាន់តំណែង៕

Share

Image
Image
Image