រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាក់ទៅកាន់អង្គពិធីទិវាជាតិប្រឆាំការជួញដូរមមនុស្សនៅរសៀលថ្ងៃអង្គារ ទី១២ ខែធ្នូថា មិនមានពលរដ្ឋកម្ពុជាជាង១០ម៉ឺន ត្រូវបានបង្ខិតបង្ខំឱ្យធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយការឆបោកតាមប្រព័ន្ធអនឡាញ ដូចការចុះផ្សាយមួយចំនួននោះទេ។ ខណៈមួយឆ្នាំកន្លងមក ករណីបង្ខំធ្វើការដោយខុសច្បាប់ មានចំនួន២៥៩នាក់ ដែលក្រសួងបានសន្និដ្ឋានថា ជាករណីជួញដូរមនុស្ស។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានច្រានចោលចំពោះការលើកឡើងថា មានពលរដ្ឋកម្ពុជារហូតដល់ជាង១០ម៉ឺននាក់ ត្រូវបានបង្ខិតបង្ខំឱ្យធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
លោកមិនត្រឹមតែច្រានចោលលើរបាយការណ៍ដែលសារព័ត៌មានមួយចំនួនចុះផ្សាយនោះទេ ថែមទាំងចាត់ទុកថាជាការចោទប្រកាន់ផងដែរ។ កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ មានបណ្ដាញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា អាជ្ញាធរកម្ពុជាអាចមានជាប់ពាក់ព័ន្ធនឹងការទទួលយកសំណូកពីអ្នកឆបោកអនឡាញ និងម្ចាស់កាស៊ីណូ ខណៈរកឃើញទីតាំងប្រព្រឹត្តអំពើជួញដូរមនុស្សជាច្រើន តែនៅតែបើកដំណើរការ និងមិនត្រូវបានបិទពិតប្រាកដឡើយ។
ការចុះផ្សាយរបស់សារព័ត៌មានទាំងនោះ គឺផ្អែកតាមរបាយការណ៍ពីអង្គការ Amnesty International ដែលបានដាក់បញ្ចូលទិន្នន័យក្នុងរបាយការណ៍របស់ខ្លួន សម្រាប់ត្រៀមដាក់ទៅក្រុមការងារពិនិត្យជាសលកតាមកាលកំណត់ (UPR) ដើម្បីពិនិត្យពីកំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជា នៅខែឧសភាឆ្នាំ២០២៤ខាងមុខ។
ទាក់ទិននឹងរឿងជួញដូរមនុស្សនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០២២ ក៏ធ្លាប់បានសរសេរលិខិតមួយទៅកាន់រាជរដ្ឋាភិបាលកម្ពុជាដែរ ដោយគូសបញ្ជាក់ថា ក្នុងក្រុងព្រះសីហនុតែមួយ អាចមានជនរងគ្រោះពីការជួញដូរមនុស្សដល់ទៅ១០ម៉ឺននាក់ឯណោះ។ ជាមួយគ្នា របាយការណ៍អង្គការសហប្រជាជាតិក៏បានលើកឡើងដែរថា មកទល់ខែកក្កដា ឆ្នាំ២០២៣ កន្លែងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតត្រូវបានរាយការណ៍ថា កំពុងមានដំណើរការនៅតាមបណ្តាខេត្ត និងក្រុងយ៉ាងហោចណាស់ចំនួនប្រាំបីនៅកម្ពុជារួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តកោះកុង ក្រុងបាវិត ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងខេត្តស្វាយរៀង។
យ៉ាងណា លោក ស សុខា បញ្ជាក់ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្សថា មិនមានការពលរដ្ឋកម្ពុជារហូតដល់ជាង១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ ដូចការចោទប្រកាន់តាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ។
ផ្អែមតាមក្រសួងមហាផ្ទៃ ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ សមត្ថកិច្ចបានធ្វើការអន្តរាគមន៍ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់ ១,២១៣ករណី ដែលស្មើនឹង៩៧.៧%។ ក្នុងនោះ ករណីបង្ខំធ្វើការដោយខុសច្បាប់ មានចំនួន២៥៩នាក់ មានស្រី៤៨នាក់ ដែលក្រសួងបានសន្និដ្ឋានថា ជាករណីជួញដូរមនុស្ស។ បន្ថែមពីនេះ សមត្ថកិច្ចស្វែងរកចាប់ជនសង្ស័យប្រព្រឹត្តបទល្មើសបាន៩១នាក់ ក្នុងករណីបង្ខាំង និងជនសង្ស័យ៣៥នាក់។ ពាក់ព័ន្ធករណីជួញដូរមនុស្សបញ្ចូនទៅតុលាការ បិទទីតាំងប្រព្រឹត្តបទល្មើស ចំនួន៥ទីតាំង និងបើកការស៊ើបអង្កេតករណ៍សម្អាតប្រាក់ សរុប១០ករណី។
ទោះលោករដ្ឋមន្ដ្រីអះអាងថាមិនមានការបង្ខិតបង្ខំឱ្យធ្វើការដោយខុសច្បាប់ ដូចការចុះផ្សាយដោយសារព័ត៌មាន តែលោក អំពាវនាវឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិទាំងអស់ រួមទាំងមន្ទីរ អង្គភាពក្រោមឱវាទ ត្រូវពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូនឲ្យបានម៉ត់ចត់បំផុត។ លើសពីនេះ ត្រូវពង្រឹងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ ដែលនាំឱ្យធ្លាក់ខ្លួនក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្សផងដែរ៕