នៅក្នុងលិខិតបទអន្តរាគមន៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បញ្ជាក់ថា កម្ពុជានៅតែបេ្ដជ្ញាចិត្ត ក្នុងការធ្វើការងារកាន់តែជិតស្និតស្និទ្ធជាមួយយន្ដការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ក្នុងខួបលើកទី៧៥ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កម្ពុជាបានបង្ហាញការបេ្ដជ្ញាចិត្តស្ដីពី ការពង្រឹងការគាំពារសង្គម ដើម្បីលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេស។
តាមប្រភពដដែល ការពង្រឹងការគាំពារសង្គម កម្ពុជានឹងផ្ដោតលើ ការពង្រីកសេវាថែទាំងសុខភាពដែលគ្រប់ដណ្ដប់ប្រជាជនប្រមាណ៩លាននាក់ ការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រចំនួន១,៥ លាននាក់ ការពង្រីកសេវាអ៊ីនធើណេតដល់សាលាឃុំ សាលារៀន និងមណ្ឌលសុខភាពចាប់ពីឆ្នាំ២០២៤ និងការតភ្ជាប់បណ្ដាណអគ្គិសនីដល់គ្រប់ភូមិនៅមុនឆ្នាំ២០៣០។
ជាមួយគ្នានឹងការប្ដេជ្ញាចិត្តនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា កាលពីជំនួបជាមួយលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនៅថ្ងៃទី៨ ខែធ្នូ បានអះអាងថា កម្ពុជាបានប្តេជ្ញាចិត្តខ្ជាប់ខ្ជួនចំពោះការលើកកម្ពស់សិទ្ធិមនុស្ស និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការលើកកម្ពស់សិទ្ធិមនុស្សផងដែរ។
ទោះបីកម្ពុជាប្ដេជ្ញាចិត្តផ្ទួនៗគ្នាបែបនេះក្ដី តែសង្គមស៊ីវិលសិទ្ធិមនុស្សធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនទាន់ឆ្លើយតបតាមអនុសាសន៍ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនៅឡើយទេ។ លោក នី សុខា ប្រធានសមាគមន៍សិទ្ធិមនុស្សអាដហុក បានលើកឡើងដូច្នេះ កាលពីថ្ងៃសិទ្ធិមនុស្ស១០ធ្នូ នាទីលានប្រជាធិបតេយ្យ ដោយសារលោកសង្កេតឃើញថា អាជ្ញាធរមូលដ្ឋាននៅតែរឹតត្បិត គាបសង្កត់ និងគំរាមកំហែង ក្រោមរូបភាពផ្សេងៗប៉ះពាល់ដល់សេរីភាពប្រជាពលរដ្ឋ។
ជាមួយគ្នា សង្គមស៊ីវិលចំនួន៣៩ស្ថាប័ន កាលពីថ្ងៃសិទ្ធិមនុស្សក៏បានចេញសេចក្ដីថ្លែងការណ៍រួមមួយដែរ ថា ប្រមាណអាណត្តិចុងក្រោយនេះ ខ្លួនមានការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស ជាពិសេសជាមួយសេរីភាពជាមូលដ្ឋាន និងសិទ្ធិទទួលបានជាយុត្តិធម៌នៅកម្ពុជា។
តែយ៉ាងណា កម្ពុជាបានអះអាងថា ខ្លួនជាប្រទេសមួយដែលឈានមុខគេក្នុងការ ចូលរួមជាមួយនឹងយន្ដការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ព្រោះបានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសហប្រជាជាតិតាំងនៅមុនគេ និងយូរជាងគេបង្អស់ ក្រៅពីទីក្រុងហ្សឺណែវ៕