en     km
en     km

លោកស៊ីជីនពីង ដាក់ជើងជាន់ទឹកដីវៀតណាមលើកដំបូងនៅថ្ងៃនេះ ដើម្បីទប់ស្កាត់ឥទ្ធិពលអាមេរិក

Share

ក្រោយពេលអាមេរិកបានធ្វើទំនាក់ទំនងកាទូតជាមួយទីក្រុងហាណូយកាលពីខែកញ្ញា ឆ្នាំ២០២៣ ឥឡូវនេះ មេដឹកនាំកម្មុយនីស្ដចិននឹងជួបថ្នាក់ដឹកនាំប្រទេសវៀតណាមដែរ ដើម្បីទប់ស្កាត់ឥទ្ធិពលអាមេរិកនៅតំបន់សមុទ្រចិនខាងត្បូង។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីប្រែសម្រួល៖

ទីក្រុងហាណូយ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកដំបូងរយៈពេល២ថ្ងៃ ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកុម្មុយនិស្ត ដែលកំពុងកើនឡើង ។ ៦ឆ្នាំហើយ ដែលប្រធានាធិបតីប្រទេសកុម្មុយនិស្តមួយនេះ មិនបានទៅជាន់ទឹកដីប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយពីសារព៏ត៌មាន Channel news Asia។

លោក Xi នឹងជួបជាមួយថ្នាក់ដឹកនាំបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់វៀតណាមគឺ លោក Nguyen Phu Trong។ ការជួបនេះធ្វើឡើងក្រោយពេល លោក Nguyen Phu Trong បានធ្វើទំនាក់ទំនងការទូតល្អប្រសើរជាមួយទីក្រុងវ៉ាស៊ីនតោន នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចកាលពីខែកញ្ញា។

ដំណើរទស្សនកិច្ចរបស់លោក Biden គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកជុំវិញពិភពលោក ដើម្បីទប់ស្កាត់អំណាចសេដ្ឋកិច្ចរបស់ប្រទេសចិនដែលកំពុងកើនឡើង និងដើម្បីធានាការផ្គត់ផ្គង់សម្ភារៈសំខាន់ៗដែលត្រូវការសម្រាប់ការផលិតបច្ចេកវិទ្យាខ្ពស់។វៀតណាម គឺជាប្រទេសមួយដែល​បាន​អនុវត្ត​ជា​យូរ​មក​ហើយ​នូវ​វិធីសាស្ត្រ “ការទូត​ឫស្សី” ដោយ​ព្យាយាម​រក្សា​នូវ​លក្ខខណ្ឌ​ល្អ​ជាមួយ​មហាអំណាច​ទាំងពីរ។ យ៉ាងណាដំណើរទស្សនកិច្ចរបស់លោក Biden គឺជាការព្រួយបារម្ភុមួយ របស់សហរដ្ឋអាមេរិក អំពីការកើនឡើងនៃការអះអាងរបស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានការប្រកួតប្រជែង។  ប៉ុន្តែវាក៏មានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយប្រទេសចិនផងដែរ ខណៈដែលប្រទេសទាំងពីរមានបក្សកុម្មុយនិស្តកំពុងកាន់អំណាចដូចគ្នា។

វៀតណាម និងចិនបានចែករំលែក “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រួចហើយកាលពីខែកញ្ញា។ ទីក្រុងហាណូយ និងទីក្រុងវ៉ាស៊ីនតោន បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេដល់កម្រិតដូចគ្នា ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ដំណើរទស្សនកិច្ច របស់លោក Xi ពាក់ព័ន្ធនឹងការពិភាក្សាស្តីពី “ការនាំយកទំនាក់ទំនងចិន-វៀតណាម ឱ្យកាន់តែខ្ពស់”។ លោក Xi នឹងជំរុញឱ្យវៀតណាមចូលរួមជាមួយ “សហគមន៍នៃជោគវាសនារួម” របស់ខ្លួន ដែលកំណត់ច្បាស់លាស់ លើ ចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតលើបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងនយោបាយ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបន្ដថា របៀបវារៈសម្រាប់ដំណើររបស់លោក Xi រួមមាន “នយោបាយ សន្តិសុខ កិច្ចសហប្រតិបត្តិការជាក់ស្តែង ការបង្កើតមតិសាធារណៈ បញ្ហាពហុភាគី និងបញ្ហាដែនសមុទ្រ”។ លោក Xi នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងប្រធានាធិបតី Vo Van Thuong នៅថ្ងៃស្អែក។

គួរជម្រាបថា ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់មេដឹកនាំចិន ​កើតឡើង​ជាមួយនឹង​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​ខ្ពស់​រវាង​ចិន​ និង​ហ្វីលីពីន ​នៅ​សមុទ្រ​ចិន​ខាងត្បូងផងដែរ ​បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់គ្នា ​នៅ​តំបន់​ថ្មប៉ប្រះទឹក​។  ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានពង្រីកការកាន់កាប់ដីនៅសមុទ្រចិនខាងត្បូង ដោយបង្កើតកោះយោធា ដែលមានផ្លូវរត់ កំពង់ផែ និងប្រព័ន្ធរ៉ាដា។ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Biden វៀតណាម និង​អាមេរិក​បាន​ព្រមាន​រួម​គ្នា​ប្រឆាំង​នឹង «ការ​គំរាមកំហែង ឬ​ការ​ប្រើ​កម្លាំង» នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ បើតាមCNA វៀតណាមគឺជាសមាជិកអាស៊ានមួយ ក្នុងចំណោមសមាជិកអាស៊ានមួយចំនួន ដែលតូចចិត្តចំពោះផែនទីផ្លូវការថ្មីរបស់ចិន ដែលបានបោះពុម្ពកាលពីខែកញ្ញា និងបង្ហាញពីអធិបតេយ្យភាពលើផ្លូវទឹកដែលសម្បូរដោយធនធានស្ទើរតែទាំងស្រុង។ តែសហរដ្ឋអាមេរិក និងវៀតណាមកាលពីខែកញ្ញាបានព្រមព្រៀងសហការគ្នាដើម្បីជួយទីក្រុងហាណូយក្នុងការអភិវឌ្ឍធនធានរ៉ែកម្ររបស់ខ្លួន៕

Share

Image
Image
Image