en     km
en     km

លោក ស សុខាបញ្ជាឱ្យទប់ស្កាតភាពអវិជ្ជមានក្នុងសង្គម ខណៈកម្ពុជាជិតបោះឆ្នោតអសកល

Share

នៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ កម្ពុជានឹងមានរៀបចំព្រឹត្តិការណ៍បោះឆ្នោតអសកលមួយ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអាជ្ញាធរទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម ដើម្បីធានាបរិយាកាសនៃការបោះឆ្នោតដំណើរការទៅរលូន។

លោករដ្ឋមន្ដ្រីបានលើកឡើងក្នុងកម្មវិធី កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា ទោះបីបរិយាកាសជារួមនៅកម្ពុជាមានលក្ខណៈល្អប្រសើរ ប៉ុន្តែបទល្មើសចោរកម្មនានា អំពើមនុស្សឃាត អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ព្រមទាំងសកម្មភាពអនាធិបតេយ្យ រួមទាំងទំនាស់ផ្សេងៗ នៅតែបន្តកើតឡើង។ លោកបន្ថែមថា ទង្វើទាំងនេះ បានជះឥទ្ធិពលដល់ចិត្តសាស្ត្រ និងជីវភាពសង្គម និងអាចក្លាយជាកម្មវត្ថុនៃការចោទប្រកាន់អំពីការគំរាមកំហែង និងរិះគន់ផ្នែកនយោបាយពីសំណាក់មជ្ឈដ្ឋានខាងក្រៅផងដែរ។

ផ្អែកតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឹតត្រឹមថ្ងៃទី១១ ខែធ្នូ មានគណបក្សនយោបាយចំនួន៣ ដែលត្រូវបានគ.ជ.ប ទទួលស្គាល់ជាផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណបក្សនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ខណៈគណបក្សហ៊ុន ស៊ិន ប៉ិច គ.ជ.បកំពុងពិនិត្យ។

គួរជម្រាបថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានតួនាទី ដឹកនាំបញ្ជា តាមដាន ត្រួតពិនិត្យ រៀបចំគ្រប់គ្រង និងប្រើប្រាស់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាឲ្យដំណើរការការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិនីមួយៗ ប្រព្រឹត្តទៅប្រកបដោយសន្តិសុខ មានសណ្តាប់ធ្នាប់របៀបរៀបរយ និងមានសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ៕

Share

Image
Image
Image