en     km
en     km

រដ្ឋសភា អនុម័តជ្រើសរើសសមាជិកគ.ជ.បថ្មីសម្រាប់អាណត្តិទី៧ តែរងចាំការសម្រេចនៅថ្ងៃពុធខាងមុខ

Share

នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋសភា ក្រោមការដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដោយសម្ដេច ឃួន សុដារី ជាប្រធាន បានបង្ហាញ និងអនុម័តសមាសភាពបេក្ខជន ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងអាណត្តិថ្មី។

ផ្អែកតាមអគ្គលេខាធិការដ្ឋានរដ្ឋសភា សមាសភាពបេក្ខជនគ.ជ.បថ្មី ទាំង៩នាក់ នៅតែរក្សាលោកប្រាជ្ញ ចន្ទ ជាប្រធានដដែល ខណៈសមាជិកមួយចំនួនកាលពីអាណត្តិមុន មានការផ្លាស់ប្ដូរខ្លះៗប៉ុណ្ណោះ។

ការសម្រេចជ្រើសរើសសមាជិកគ.ជ.បថ្មី ធ្វើឡើងបន្ទាប់ការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតាំងតំណាងរាស្ដ្រកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ មានគណបក្សចំនួន២បានជាប់នៅក្នុងអាសនៈសភា។ ក្នុងនោះ ១២០អាសនៈបានទៅលើគណបក្សប្រជាជនកម្ពុជា និង៥អាសនៈបានទៅលើគណបក្ស ហ្វ៊ុន ស៊ិន ប៉ិច។ ការបន្ថែមសមាជិកពីគណបក្សផ្សេងក្នុងអាសនៈសភាបែបនេះ នាំឱ្យរដ្ឋសភាសម្រេចជ្រើសរើសសមាជិកគណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោតជាថ្មី។

យោងតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាត្រា៦បញ្ជាក់ថា សមាសភាពទាំង៩រូបនៃគ.ជ.ប គឺជ្រើសរើស ៤រូបពីគណបក្សដឹកនាំរាជរដ្ឋាភិបាល ចំណែក៤រូបទៀត ជ្រើសរើសដោយគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល និង១រូបចុងក្រោយជ្រើសរើសដោយមានការព្រមព្រៀងរវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា។

ទាក់ទិនរឿងការជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិក គ.ជ.ប ថ្មីនេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីខែកក្កដា ឆ្នាំ២០២៣ ពោលមុនការបោះឆ្នោតតំណាងរាស្ដ្រ ធ្លាប់បានដាក់ញត្តិទៅកាន់រដ្ឋសភា ដោយស្នើឱ្យសភាពិនិត្យលើសមាសភាព គ.ជ.បឡើងវិញ ដើម្បីធានាដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ព្រមទាំងអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ និងម្ចាស់ឆ្នោត។

យ៉ាងណា សមាសភាពបេក្ខជនសមាជិកគ.ជ.ប ដែលរដ្ឋសភាអនុម័តទាំង៩រូប នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ រដ្ឋសភានឹងធ្វើការបោះឆ្នោតម្ដងទៀត ដើម្បីទទួលបានការទុកចិត្តកាន់តួនាទីក្នុងគ.ជ.ប៕

Share

Image
Image
Image