en     km
en     km

ក្រសួងបរិស្ថាន៖ ពលរដ្ឋជាង៣លាននាក់ បានប្ដេជ្ញាចិត្តកាត់បន្ថយប្រើប្រាស់ថងប្លាស្ទិច រយៈពេល៣ខែចុងក្រោយនេះ

Share

ក្រសួងបរិស្ថានថា រយៈពេល៣ខែនៃយុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមពីប្រជាពលរដ្ឋជាង៣លាននាក់។ អ្នកធ្វើការនិងបញ្ហាសំរាម បានសង្កេតឃើញថា មានការប្រែប្រួលបន្ទាប់ពីក្រសួងអនុវត្តយុទ្ធនាការនេះ តែស្នើឱ្យគិតគូរការបង្កើតពីតំបន់គ្មានប្លាស្ទិកផងដែរនៅតាមតំបន់ទេសចរណ៍ បន្ថែមពីគោលដៅដែលក្រសួងបានផ្សព្វផ្សាយ។

ក្រសួងបរិស្ថានបានបូកសរុបការងាររបស់ខ្លួនក្នុងរយៈពេល៣ខែ នៃអាណត្តិទី៧នេះ ថាមានប្រជាជនប្រមាណជាង៣លាននាក់ បានចូលរួមប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ក្នុងយុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលចាប់ផ្តើមពីថ្ងៃទី០១ កញ្ញា ២០២៣មក។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ត្រូវបានរដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ផ្ដោតសំខាន់នៅតាមសាលារៀនទូទាំងប្រទេស រោងចក្រសហគ្រាសនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ សហគមន៍ និងទីប្រជុំជន។ លោករដ្ឋមន្ដ្រីបញ្ជាក់ថា យុទ្ធនាការនេះដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ សោភ័ណភាពទីក្រុង និងមូលដ្ឋាន ឱ្យបានប្រសើរឡើងបន្ថែមទៀត ព្រមទាំងលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសថង់ប្លាស្ទិក។

បន្ទាប់ពីយុទ្ធនាការនេះ ដំណើរការបានជាង៣ខែ អគ្គនាយកអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានកោតសរសើរ ទៅកាន់រដ្ឋមន្ដ្រីក្រសួងបរិស្ថានដែលបានរៀបចំយុទ្ធនាការនេះដោយទទួលបានជោគជ័យ ព្រោះមានការរួមពីប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើន។ លោកអគ្គនាយកថា នេះគឺជាគំរូនៃការគ្រប់គ្រងសំណល់នៅកម្ពុជា ។

លោក សាន តារាវីដ ជាយុវជនសំរាមមួយរូប សង្កេតឃើញថាក្រោយយុទ្ធនាការរបស់ក្រសួងបរិស្ថានបានបើកដំណើរការ មានការប្រែប្រួលច្រើន ជាពិសេសនៅតាមសាលារៀន។ លោកបញ្ជាក់ថា នេះជាថ្នាលដ៏ល្អមួយ សម្រាប់បណ្ដុះក្មេងៗឱ្យស្រលាញ់បរិស្ថាន។

ក្រៅពីគោលដៅដែលក្រសួងបរិស្ថានអនុវត្តយុទ្ធនាការ លោក សាន តារាវីដ ថាគួរតែប​ង្កើតកន្លែងដែលគ្មានប្លាស្ទិក(plastic free zone) នៅតាមតំបន់សំខាន់ៗ ដូចជាកន្លែងទេសចរណ៍ប្រវត្តិសាស្ដ្រក៏ល្អផងដែរ។

ពាក់ព័ន្ធជាមួយនឹងការប្ដេជ្ញាចិត្តមិនប្រើប្រាស់ប្លាស្ទិចនេះ ក្រុមហ៊ុនក្រដាសអនាម័យ MG Pacific Company Limited ទើបចេញគម្រោងថ្មីមួយ ដើម្បីរួមចំណែកកាត់បន្ថយសំរាមក្នុងបរិស្ថាន។ ផ្អែកតាមលោក ទៀង សុបិន្ដ អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុម MG បានឱ្យដឹងថាគម្រោងថ្មីរបស់ក្រុមហ៊ុនគឺ ជួយកាត់បន្ថយសំរាមតាមរយៈការប្ដូរប្រអប់ដាក់ប្រដាសអនាម័យនៅតាមសាលារៀន មន្ទីរពេទ្យ ធនាគារ និងតាមស្ថាប័នផ្សេងៗ។ ការប្ដូរប្រអប់ក្រដាសនេះ គឺសំដៅដល់ការប្រើប្រាស់ឡើងវិញនូវប្រអប់ដាក់ក្រដាសអនាម័យដែលប្រើក្នុងបន្ទប់ទឹក និងទីតាំងផ្សេងៗ ដែលនេះជាការជួយកាត់បន្ថយក្នុងការប្រើប្រាស់ប្លាស្ទិកក្នុងបរិស្ថានផងដែរ។ អ្នកគ្រប់គ្រងរូបនេះ បញ្ជាក់ថា ទោះជាក្រុមហ៊ុនបានចូលរួមចំណែកជួយបរិស្ថានតិចក្ដីច្រើនក្ដី តែក៏ជាចំណែកមួយជួយដល់បរិស្ថានដែរ។

គួរជម្រាបថា នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមទីក្រុងធំៗ ក្នុងមួយថ្ងៃបានផលិតសំរាមជាមធ្យមប្រមាណ៣០០០ តោន ប៉ុន្តែមានសំរាមតែជាង២០%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃឡើងវិញ។  ដោយឡែកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ម្នាក់អាចប្រើប្រាស់ថង់ប្លាស្ទិក ៥ថង់ ក្នុងមួយថ្ងៃ ដូចនេះ អាចបង្កើតសំណល់ប្លាស្ទិកប្រមាណ៥៧តោនក្នុងមួយថ្ងៃ។ បើសរុបចំនួនថង់ប្លាស្ទិកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ៥៦លានថង់ ក្នុងមួយថ្ងៃ គឺស្មើនឹង២៧៩តោន។ នេះបើផ្អែកតាមក្រសួងបរិស្ថាន៕

Share

Image
Image
Image