en     km
en     km

តំណាងវិស័យសិទ្ធិមនុស្ស និងសិទ្ធិការងារ១២ស្ថានប័នលើកញត្តិ៦ចំណុចទៅក្រសួងការងារ ដើម្បីអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់សហជីព

Share

តំណាងវិស័យសិទ្ធិមនុស្ស និងសិទ្ធិការងារ ចំនួន១២ស្ថានប័ន បានយកញត្តិ៦ចំណុច ដាក់ទៅក្រសួងការងារ ដើម្បីឱ្យរដ្ឋមន្ដ្រីក្រសួងការងារ លោក ហេង សួរ ដោះស្រាយកង្វល់រួម ជុំវិញសិទ្ធិមូលដ្ឋានរបស់សហជីព។ ខណៈសិទ្ធិ និងសេរីភាពសហជីពវិស័យការងារក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះ និងមានការរំលោភបំពានគួរជាទីកត់សម្គាល់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ​ តំណាងសហព័ន្ធ សហជីព សមាគម និងអង្គការស្ថាប័ន ដែលធ្វើការលើកវិស័យសិទ្ធិមនុស្ស និងសិទ្ធិការងារចំនួន១២ស្ថាប័ន បាននាំញត្តិមួយច្បាប់ដាក់ជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យរដ្ឋមន្ដ្រីក្រសួងការងារ លោក ហេង សួរ ដោះស្រាយកង្វល់រួម ជុំវិញសិទ្ធិមូលដ្ឋានរបស់សហជីព។

ការដាក់ញត្តិនេះ ធ្វើឡើងក្រោយមានការបារម្ភចំពោះ សិទ្ធិ និងសេរីភាពសហជីព ក្នុងវិស័យ ការងារក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងប្រធានសហជីពដែលបាននាំញត្តិដាក់នៅក្រសួងនាព្រឹកមិញ។ សហជីព និងសង្គមស៊ីវិលបានសង្កេតឃើញថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មានការរំលោភបំពានគួរជាទីកត់សម្គាល់លើលំហសេរីភាពពលរដ្ឋ ការវាយប្រហារខ្លាំងក្លាទៅលើសហជីពឯករាជ្យ និងអង្គការដែលធ្វើការក្នុងវិស័យការងារ។

លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានលើកឡើងថា ក្រោយវិបត្តិកូវីដ១៩ ទីផ្សារការងារមានភាពចង្អៀត មនុស្សដណ្ដើមការងារគ្នាដើម្បីដោះស្រាយបំណុល ជាហេតុនាំឱ្យមានអំពើហិង្សា ការបៀតបៀន និងការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរក្នុងវិស័យការងារ។

ចំណែក លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាបានលើកឡើងថា ការដាក់ញត្តិថ្ងៃនេះ ដោយសារមានបញ្ហាជាច្រើនបានកើតឡើង ចំពោះសហជីព សមាគមដែលបម្រើការក្នុងវិស័យការងារ។

សូមជម្រាបថា ញត្តិចំនួន៦ចំណុច ដែលតំណាងសហព័ន្ធ សហជីព សមាគម និងអង្គការទាំង១២ស្ថាប័នដាក់ជូនក្រសួងការងារ រួមមាន ទី១. ស្នើឱ្យក្រសួងចុះបញ្ជីកា ការចេញវិញ្ញាបនបត្រភាពជាតំណាងបំផុត និងនីតិវិធីរាយការណ៍ដែលមានលក្ខណៈស្មុគស្មាញសម្រាប់សហជីព និងលិខិតបទដ្ឋានគតិយុត្តិទាក់ទងជាមួយប្រាក់ភាគទានសហជីពនៅរោងចក្រដែលមានកិច្ចព្រមព្រៀងអនុសញ្ញារួម ផ្ដល់លទ្ធផលទៅឱ្យមានការបដិសេធសេរីភាពសមាគម និងការចរចាអនុសញ្ញារួម។  ទី២.រារាំងដំណើរការយុត្តិធម៌ដែលរាំងស្ទះមិនឱ្យមានសវនាការ លើសំណុំរឿងនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងការចែងនៅក្នុងច្បាប់ស្ដីពីសហជីពថា សហជីពភាគតិចពុំត្រូវបានអនុញ្ញាតឱ្យ តំណាងកម្មករនិយោជិតក្នុងវិវាទបុគ្គលបង្កើតឱ្យមានការរឹតបន្តឹងលទ្ធភាពទទួលបានយុត្តិធម៌របស់កម្មករនិយោជិត។ ទី៣.ការប្រើប្រាស់កិច្ចសន្យាថិរវេលាមានកំណត់ជាគ្រឿងបន្លាចកុំឱ្យមានការចងក្រងជាសហជីព និងការមិនបន្តកិច្ចសន្យាការងារឡើងវិញ ជាទម្រង់មួយនៃការរើសអើងប្រឆាំងសហជីព។ ទី៤. លិខិតបទដ្ឋានគតិយុត្តិ ដែលរឹតបន្ដឹងការប្រមូលផ្ដុំរបស់អង្គការសង្គមស៊ីវិល និងសហជីពនៅក្នុងច្បាប់សហជីព និងច្បាប់កូវីដ១៩ មានបទប្បញ្ញត្តិដែលរឹតបន្តឹងការតវ៉ា និងកូដកម្មដែលជាការរំលោភបំពានសិទ្ធិការប្រមូលផ្ដុំដោយសន្តិវិធី។ ទី៥. ការចាត់ទុកជាបទល្មើស និងការរើសអើងប្រឆាំងសហជីព រួមទាំងការគំរាមកំហែង និងសកម្មភាពហិង្សា ការរើសអើងថ្នាក់ដឹកនាំសហជីព និងសកម្មជនសិទ្ធិការងារ។ ចុងក្រោយទី៦. សហជីពឯករាជ្យ និងសហជីពមកពីគ្រប់វិស័យទាំងអស់ពុំទាន់មានតំណាងពេញលេញសមស្របនៅ ក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

យ៉ាងណា តំណាងក្រសួងការងារដែលចេញមកទទួលញត្តិពីតំណាងសហព័ន្ធ សហជីព សមាគម និងអង្គការទាំង១២ស្ថាប័ន មិនទាន់បានឆ្លើយតបបែបណានោះទេ ចំពោះញត្តិទាំង៦ចំណុចនេះ។

កាលពីពេលកន្លងទៅ ក្រសួងការងារបានស្នើឱ្យមានវិសោធនកម្មច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ដែលត្រូវបានរដ្ឋសភាអនុម័ត និងប្រកាសឱ្យប្រើ ក៏ប៉ុន្តែការកែប្រែទាំងអស់នេះភាគច្រើន គឺគ្រាន់តែជានិម្មិតរូបប៉ុណ្ណោះ ព្រោះថាវិសោធនកម្មទាំងនេះបានឆ្លើយតបតិចតួចប៉ុណ្ណោះចំពោះបញ្ហាស្នូល ហើយសំណើសំខាន់ៗ ជាអាទិភាពជាច្រើនរបស់ក្រុមសហជីព និងសង្គមស៊ីវិលមិនត្រូវបានដាក់បញ្ចូល ហើយក៏មិនបានធ្វើឱ្យច្បាប់ទាំងនោះមានភាពបន្ស៊ីគ្នាជាមួយបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិដែរ។ នេះបើតាមការលើកឡើងពីអង្គការសម្ព័ន្ធការងារ និងសិទ្ធិមនុស្សសង់ត្រាល់។

គួរជម្រាបដែរ ក្នុងញត្តិនៅព្រឹកមិញនេះ ក៏មានការស្នើឱ្យដោះលែងមេដឹកនាំ និងសកម្មជនសហជីពផងដែរ ពិសេសកញ្ញា ឈឹម ស៊ីថរ ដែលជាប់ពន្ធធនាគារដោយការទាមទារសេរីភាពសហជីពនៅកន្លែងការងារជាងមួយឆ្នាំហើយនោះ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង