en     km
en     km

កម្ពុជានិងប្រទេស៤ទៀត ទទួលបានជំនួយពីADB ក្នុងទប់ស្កាត់ពីការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ដល់ស្ដ្រី និងកុមារី

Share

ដើម្បីចូលរួមទប់ស្កាត់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កផលប៉ះពាល់ដល់ស្ដ្រី និងកុមារ, ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្ដល់ទឹកប្រាក់ទំហំ ៣.៨លានដុល្លាអាមេរិក ដល់ប្រទេសចំនួន៥ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ នៅក្នុងកម្មវិធីសន្និសិទស្ដីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ កាលពីថ្ងៃទី៤ ខែធ្នូ ។ សង្គមស៊ីវិលក្នុងតំបន់ពីប្រទេសកម្ពុជា បានស្នើឱ្យប្រមុខរដ្ឋសមាជិកអង្គការសហប្រជាជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី ខណៈវិបត្តិអាកាសធាតុបង្កជាអំពើហិង្សាជាលក្ខណៈប្រព័ន្ធ និងជាអន្តរបុគ្គល។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ប្រទេសចំនួន៥ រួមមានបង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា តាជីគីស្ថាន និងប្រទេសកម្ពុជា បានទទួលកម្មវិធីជំនួយបច្ចេកទេសថ្មីមួយ ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងការស្រាវជ្រាវពីរបៀបដែលគំរាមកំហែងដល់ភាពតានតឹងនៃការប្រែប្រួលអាកាសធាតុដែលជះផលប៉ះពាល់ដល់ស្ត្រី និងកុមារី។ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានប្រកាសផ្ដល់ទឹកប្រាក់៣.៨លានដុល្លាអាមេរិក ដល់ប្រទេសទាំង៥នេះ នៅក្នុងកម្មវិធីសន្និសិទស្ដីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ កាលពីថ្ងៃទី៤ ខែធ្នូ។

ADB បញ្ជាក់ថា ការកើនឡើងកំដៅត្រូវបានផ្សារភ្ជាប់ទៅនឹងការបាត់បង់កម្លាំងពលកម្មប្រចាំឆ្នាំជាង ៦៥០ ពាន់លានម៉ោង នៅទូទាំងពិភពលោក ដែលប្រហែលស្មើ ១៤៨លានការងារពេញម៉ោង បើគិតជាទំហំនៃការរំខានទៅនឹងជំងឺរាតត្បាតកូវីដ១៩។ ស្ត្រីត្រូវបានរងផលប៉ះពាល់មិនសមាមាត្រ ដោយការកើនឡើងសីតុណ្ហភាពទាំងនេះ និងប្រឈមមុខជាមួយលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត និងការខាតបង់សេដ្ឋកិច្ចសង្គមយ៉ាងច្រើន។

លោកស្រី ហ៊ីលឡារី រ៉ូដហាម គ្លីនតុន អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយនៅក្នុងកិច្ចពិភាក្សា ជាក្រុម ក្នុងព្រឹត្តិការណ៍សន្និសីទCOPលើក២៨នេះថា គំនិតផ្តួចផ្តើមរបស់ ADB គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែតម្រូវអតុល្យភាពទាំងនេះ ជាពិសេសជួយដល់ស្ដ្រី និងកុមារី ដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

ពីប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សង្គមស៊ីវិលក្នុងតំបន់បានចេញលិខិតចំហមួយទៅកាន់ប្រមុខរដ្ឋសមាជិកអង្គការសហប្រជាជាតិ ដោយស្នើឱ្យទប់ស្កាត់អំពើហិង្សាជាលក្ខណៈប្រព័ន្ធទៅស្រ្តី រួមទាំងស្ត្រីដែលប្តូរយេនឌ័រ ខណៈវិបត្តិអាកាសធាតុបង្កជាអំពើហិង្សាផ្អែកលើយេនឌ័រ ជាលក្ខណៈប្រព័ន្ធ និងជាអន្តរបុគ្គល។

សង្គមស៊ីវិលក្នុងតំបន់បញ្ជាក់ទៅកាន់អង្គការសហប្រជាជាតិថា ទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍មកហើយក៏ដោយ គ្មានប្រទេសណាមួយក្នុងពិភពលោកបានលុបបំបាត់អំពើហឹង្សាផ្អែកលើយេនឌ័រនោះទេ ផ្ទុយទៅវិញស្ត្រីត្រូវបានរុញចូលទៅក្នុងលក្ខខណ្ឌមិនច្បាស់លាស់ និងហិង្សាបំផុត។

ជាការរួមចំណែកក្នុងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុសកល ក្រសួងបរិស្ថានកម្ពុជាបានចេញយុទ្ធសាស្ដ្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ មួយកាលពីខែវិច្ឆិកា។ ក្រសួងបញ្ជាក់ថា យុទ្ធសាស្ដ្រចក្រាវិស័យបរិស្ថាននេះ បានរៀបចំដើម្បីតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមមុំ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

លោក អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថានបានចូលរួមក្នុងសន្និសិទស្ដីពីការប្រែប្រួលអាកាសធាតុនេះនៅទីក្រុងឌូប៉ៃ បានប្រាប់សារព័ត៌មាន VOAថា កម្ពុជា​មានគោលនយោបាយការពារ​ស្រ្តី និង​កុមារពី​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​រួច​ហើយ តាមរយៈយុទ្ធសាស្ដ្រចក្រា តែ​នៅត្រូវការពេលវេលាក្នុងការអនុវត្តគោលនយោបាយតែប៉ុណ្ណោះ។

យ៉ាងណា លិខិតចំហពីសង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាល​នៃ​រដ្ឋ​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ គួរតែមានគោលនយោបាយច្បាស់លាស់ និងការប្តេជ្ញាចិត្តផ្លូវច្បាប់ ដើម្បីការពារសិទ្ធិស្ត្រី និងធានាថាស្ត្រី និងសហគមន៍ដែលរងផលប៉ះពាល់ មានលទ្ធភាពទទួលបានយន្តការបណ្តឹងសារទុក្ខ និងការទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព រួមទាំងតាមរយៈដំណោះស្រាយផ្នែកតុលាការ និងហិរញ្ញវត្ថុ៕

Share

Image
Image
Image