en     km
en     km

ក្រសួងកិច្ចការនារី៖សៀវភៅម្ហូប“សោយ”មិនត្រឹមលើកស្ទួយកិត្តិយសជាតិទេ តែបង្ហាញជាគំរូដល់ស្ដ្រី និងកុមារី

Share

អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានលើកឡើងថា ការទទួលពានរង្វាន់ Gourmand Award ឬពានរង្វាន់ OSCAR នៅក្នុងកម្មវិធី សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក ឆ្នាំ២០២៣ របស់លោកស្រី រស់ រតនៈ (Chef Nak)មិនត្រឹមតែរួមចំណែកលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្ដរជាតិប៉ុណ្ណោះទេ តែបានបង្ហាញភាពជាគំរូដល់ស្ដ្រី និងកុមារីខ្មែរទូទាំងប្រទេស។

ការលើកឡើងរបស់រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីដូច្នេះ ក្រោយពេលសៀវភៅមួយក្បាល ដែលមានចំណងជើងថា សោយ របស់ស្ត្រីចុងភៅខ្មែរបានក្លាយទៅជាសៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោកឆ្នាំ២០២៣ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។ អ្នកស្រី អ៊ឹង កន្ថាផាវី បញ្ជាក់ថា ការទទួលពានរង្វាន់របស់លោកស្រី រស់ រតនៈ សឱ្យឃើញពីការលះបង់ដ៏ធំធេងរបស់លោកស្រី ក្នុងការចងក្រងតាក់តែងសៀវភៅមុខម្ហូបកម្ពុជា ប្រកបដោយភាពច្នៃប្រឌិត រក្សាបាននូវអត្តសញ្ញាណ និងប្រវត្តិសាស្ដ្រ ដែលត្រូវបានមជ្ឈដ្ឋានអន្ដរជាតិ និងពិភពលោកកោតសរសើរ និងទទួលស្គាល់ជាផ្លូវការ។

គួរជម្រាបថា សៀវភៅម្ហូបដែលមានចំណងជើង “សោយ” ត្រូវបានប្រសូតឡើងក្រោមស្នាដៃរបស់អ្នកនាងរស់ រតនៈ ដែលបានចងក្រងមុខម្ហូបក្នុងព្រះបរមរាជវាំង ដែលរាជស័ព្ទហៅថា ព្រះស្ងោយ ឬព្រះក្រយា។ សៀវភៅនេះបានបង្កប់នូវរសអាហារតាំងពីឆ្នាំ១៩៥០ ១៩៦០ និងឆ្នាំ១៩៧០ និងជាស្នាព្រះហស្ថដំបូងរបស់ព្រះរាជកន្និដ្ឋា នរោត្តមរស្មីសោភណ្ឌ តែអ្នកនាងរស់ រតនៈបានសិក្សាស្រាវជ្រាវបន្ថែម ព្រមទាំងចងក្រង និងសម្រេចចិត្តដាក់ចំណងជើងថ្មីថា សោយ ដើម្បីឧទ្ទិសស្នាដៃដល់ម្ចាស់ស្នាដៃដំបូង គឺព្រះរាជកន្និដ្ឋានរោត្តមរស្មីសោភណ្ឌ។ អ្នកនាង រតនៈធ្លាប់បានអះអាងថា នឹងធ្វើឱ្យប្រជាជនខ្មែរមានមោទកភាពចំពោះសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ដ្រនៃមុខម្ហូប និងក្លាយជាសម្បត្តិរួមមួយរបស់ប្រជាជនខ្មែរផងដែរ។  នេះបើផ្អែកតាមការផ្ដល់បទសម្ភាសន៍ពីអ្នកនាង រស់ រតនៈជាមួយវិទ្យុស្ដ្រី។

រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី រំលេចថា តាមរយៈភាពជោគជ័យរបស់លោកស្រី រស់ រតនៈ គឺផ្ដល់ភាពជាគំរូមួយដល់ស្ដ្រី និងកុមារី ដោយជាការជំរុញលើកទឹកចិត្ត និងបណ្ដុះឆន្ទៈឱ្យពួកគេហ៊ានពុះពារព្យាយាមជំនះនូវរាល់ឧបសគ្គ ដើម្បីឈានទៅសម្រេចក្ដីសុបិនរបស់ពួកគេ នាពេលអនាគត៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង