សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាបានលើកយកបញ្ហាសមភាពច្បាប់អាពាហ៍ពិពាហ៍ ស្នើទៅរាជរដ្ឋាភិបាល ក្នុងទិវាសិទ្ធិមនុស្សអន្ដរជាតិខាងមុខ ដើម្បីធានានូវការមិនរើសអើង សមភាពពេញលេញរស់នៅក្នុងសង្គម។ ការលើកយកសមភាពច្បាប់អាពាហ៍ពិពាហ៍នៅឆ្នាំនេះ ខណៈប្រទេសលើសកលលោក៣៥ ហើយបានទទួលស្គាល់ច្បាប់អាពាហ័ពិពាហ៍ តែកម្ពុជាមិនទាន់ចេញច្បាប់នេះឡើយ។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅក្នុងឱកាសទិវាសិទ្ធិមនុស្សអន្ដរជាតិ ១០ធ្នូ ខាងមុខ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាបានលើកយកបញ្ហាអាពាហ៍ពិពាហ៍ សន្ទនាជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យច្បាប់ទទួលស្គាល់សមភាពអាពាហ៍ពិពាហ៍សម្រាប់គូស្រករអ្នកស្រលាញ់ភេទដូចគ្នា។
សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាបញ្ជាក់ថា ច្បាប់អាពាហ៍ពិពាហ៍ គឺជាអាទិភាពចម្បងដែលបានកំណត់ដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីធានានូវការមិនរើសអើង សមភាពពេញលេញ បរិយាប័ន្ន និងសុខដុមរមនាក្នុងសង្គមសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលថា “មិនទុកនរណាម្នាក់ចោល” ។
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សមាជិកសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាបានចែករំលែកពីរឿងរ៉ាវជីវិតរបស់ខ្លួនក្នុងការរស់នៅជាមួយដៃគូ និងលើកពីផលវិបាកនៃការមិនអាចចុះសំបុត្រអាពាហ៍ពិពាហ៍ និងសៀវភៅគ្រួសារបាន ខណៈអ្នកខ្លះបានស្មុំកូនដើម្បីយកមកចិញ្ចឹម។
អ្នកស្រី ពៅ ដាលីន សមាជិកនៃសហគមន៍ឥន្ទធនូបានលើកឡើងថា អ្នកស្រី និងដៃគូបានរស់នៅជាមួយគ្នា៨ឆ្នាំមកហើយ និងបានស្មុំកូនម្នាក់មកចិញ្ចឹម៥ឆ្នាំហើយ។ អ្នកស្រីមិនអាចុះសំបុត្រអាពាហ៍ពិពាហ៍ និងសៀវភៅគ្រួសារបញ្ជាក់ថា ជាឪពុកម្ដាយ និងកូនបានទេ។ តែអ្នកស្រីសង្ឃឹមថា នឹងអាចចុះសំបុត្រអាពាហ៍ពិពាហ៍បានក្នុងពេលឆាប់ៗខាងមុខនេះ និងទទួលបានសិទ្ធិស្មើគ្នាដោយច្បាប់ដូចប្រជាពលរដ្ឋខ្មែរដទៃ។ នេះបើផ្អែកតាមសហគន៍ឥន្ទធនូ(រ៉ក់)។
លោក ទុយ រស្មី បុគ្គលិកផ្នែកប្រពន្ធផ្សព្វផ្សាយ និងទំនាក់ទំនងនៃអង្គការសហគមន៍ឥន្ទធនូថា ប៉ុន្មានឆ្នាំនេះ លោកសង្កេតឃើញមានការកើនឡើងនូវការយល់ដឹង និងគាំទ្រសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូរស្រករអ្នកស្រលាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។ លោកអះអាងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រសួងមហាផ្ទៃ មានឆន្ទៈគាំទ្រសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាជារៀងរហូត។ លោកបង្ហាញគោលជំហរថា សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងសង្គមស៊ីវិល នឹងបន្ដធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា ទទួលបានសមភាពច្បាប់អាពាហ៍ពិពាហ៍។
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញ លោក កែវ រ៉េមី មេសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ទៅកាន់លោក វិទីត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថា កម្ពុជាមិនរឹតត្បិតឬដាក់ទោសដល់អ្នកស្រលាញ់ភេទដូចគ្នានោះទេ។ រាជរដ្ឋាភិបាលកម្ពុជាកាលពីអាណត្តិមុនធ្លាប់បានលើកឡើងដែរថា កុំឱ្យរើសអើងដល់អ្នកស្រលាញ់ភេទដូចគ្នាឡើយ។ យ៉ាងណាសម្ដេច ក៏ធ្លាប់បញ្ជាក់ថា កម្ពុជាមិនចេញច្បាប់ឱ្យអ្នកស្រលាញ់ភេទដូចគ្នារៀបអាពាហ៍ពិពាហ៍នោះទេ តែក៏មិនហាមឃាត់ការរៀបអាពាហ៍ពិពាហ៍របស់អ្នកស្រលាញ់ភេទដូចគ្នាដែរ។ ការមិនចេញច្បាប់បែបនេះ ដោយសម្ដេច សង្កត់ធ្ងន់លើបញ្ហាជំងឺអេដស៍បានបន្ដកើនឡើងនៅក្នុងឆ្នាំ២០២២ ខណៈរកឃើញច្រើនលើកក្រុមអ្នកស្រលាញ់ភេទដូចគ្នា។
គួរជម្រាបថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ មានប្រទេស និងដែនដីចំនួន៣៥ នៅលើសកលលោកបានទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នា។ សហគមន៍ឥន្ទធនូថា បទពិសោធន៍នៃបណ្ដាលប្រទេសដែលទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍មានផលវិជ្ជមានចំពោះការកសាងគ្រួសារ និងកាត់បន្ថយការរើសអើងប្រឆាំងអ្នកស្រលាញ់ភេទដូចគ្នា៕