en     km
en     km

កីឡាការិនីស្រួង ភាវី៖ ជាទូតសុឆន្ទៈអង្គការទាហានសម្រាប់ជួយសង្គ្រោះ អ្នកនាងហ៊ានពលីជីវិតខ្លួនឯង

Share

ទូតសុច្ឆន្ទៈអង្គការ “កងទ័ពសង្គ្រោះ”របស់ប្រទេសកូរ៉េខាងត្បូង អ្នកនាង ស្រួង ភាវី បាននិយាយថា ខ្លួនជាស្ដ្រីមួយរូបមកពីប្រទេសកម្ពុជាហ៊ានពលីទាំងជីវិត សម្រាប់ចូលរួមចំណែកជួយសង្គ្រោះដល់មនុស្សក្នុងពិភពលោក ដោយពុំមានការរាថយឡើយ។ ការនិយាយរបស់អ្នកនាង ខណៈចូលរួម ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ របស់អង្គការកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ថ្លែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ របស់អង្គការ “កងទ័ពសង្គ្រោះ” ឬហៅថាទាហានសម្រាប់ជួយសង្គ្រោះ ក្នុងនាមជាទូតសុច្ឆន្ទៈអ្នកនាង ស្រួង ភាវី បានលើកឡើងថា ខ្លួនជាស្ដ្រីមួយរូបមកពីប្រទេសកម្ពុជា បានដាក់កាយ ដាក់ចិត្ត បេះដូង និងហ៊ានពលីទាំងជីវិត ក្នុងការចូលរួមចំណែកជួយសង្គ្រោះដល់មនុស្សក្នុងពិភពលោកយើងនេះ ដោយពុំមានការរាថយឡើយ។

បន្ទាប់ពីថ្លែងដូចនេះ អង្គពិធីទាំងមូល ដែលមានការចូលរួមពីលោកប្រធានាធិបតីរបស់ប្រទេសកូរ៉េ និងរដ្ឋមន្ត្រីធំៗ បណ្ដាអ្នកអង្កការនានា អ្នកជំនួញធំៗ សិល្បករ សិល្បការិនីល្បីៗលំដាប់ប្រទេស បានបន្លឺស្នូរទះដៃអបអរសាទរ និងផ្ដល់កម្លាំងចិត្តដល់រូបអ្នកនាងយ៉ាងខ្លាំង។ នេះបើយោងតាមហ្វេសប៊ុករបស់អ្នកនាងស្រួង ភាវី។

អ្នកនាងត្រូវបានជ្រើសរើសជាទូតសុឆន្ទៈតំណាងឱ្យអង្គការអន្ដរជាតិនេះ កាលពីខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីជោគជ័យលើវិស័យកីឡាប៊ីយ៉ែការ៉ុម និងស្នូកឃ័រ និងមានភាពល្បីល្បាញពេញទឹកដីប្រទេរសកូរ៉េខាងត្បូង។ អ្នកនាងធ្លាប់បានបង្ហើបថា នេះជាកិត្តិយសសម្រាប់រូបអ្នកនាងផ្ទាល់ ក៏ដូចជាកូនខ្មែរទាំងអស់ ដែលខ្លួនជាជនបរទេសសោះ ហើយរស់នៅក្នុងទឹកដីប្រទេសកូរ៉េ តែត្រូវបានអង្គការពិភពលោកដ៏ធំ និងមានស្នាក់ការនៅប្រទេសកូរ៉េ ជ្រើសរើសឱ្យធ្វើជាទូតសុច្ឆន្ទៈ។


គួរជម្រាបថា អង្គការ “កងទ័ពសង្គ្រោះ” ឬហៅថាទាហានសម្រាប់ជួយសង្គ្រោះ ជាអង្គការដ៏ធំលំដាប់ពិភពលោកមួយ ដែលមានទីស្នាក់ការដល់ទៅ១៣៤ប្រទេសក្នុងពិភពលោក៕

Share

ព័ត៌មានទាក់ទង

Image