en     km
en     km

ចិនដាក់បម្រាមលើការបង្រៀនឯកជនក្នុងគោលបំណងបន្ថយការចំណាយ

Share

ប្រទេសចិនបានផ្លាស់ប្តូរច្បាប់ស្តីពីការងារសាលា និងការបង្រៀនតាមបែបឯកជនភាព ក្នុងគោលបំណងដើម្បីឱ្យប្រទេសចិនមានតម្លាភាព និងបញ្ឈប់គម្លាតរវាងអ្នកមាននិងអ្នកមានជីវភាពលំបាក។

កញ្ញា សៃ ចន្ធី ជូននូវសេចក្ដីប្រែសម្រួល៖

ទាក់ទិននឹងច្បាប់ស្តីពីការងារសាលា និងការបង្រៀនឯកជននេះ គឺធ្វើឡើងក្នុងគោលបំណងបញ្ចប់គម្លាតរវាងអ្នកមាន និងអ្នកមានជីវភាពលំបាកនៅក្នុងប្រទេសចិន ក៏ប៉ុន្តែហាក់ដូចជាមានផលប៉ះពាល់ផ្ទុយគ្នាទៅវិញ។ ក្នុងនោះ ឪពុកម្ដាយសិស្សអ្នកមានជីវភាពធូរធារ នៅតែស្វែងរកសេវាបង្រៀនបន្ថែមទៀត ដែលធ្វើឱ្យប្រព័ន្ធអប់រំមានការប្រកួតប្រជែងខ្ពស់ ខណៈជំរុញឱ្យមានការចំណាយកាន់តែកើនឡើង។ នេះបើយោងតាមប្រភពសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០២៣។


ក្នុងរយៈពេលជាង ២ឆ្នាំនេះដែលរាប់ចាប់តាំងពីទីក្រុងប៉េកាំងប្រទេសចិនធ្វើឱ្យប្រព័ន្ធអប់រំមានភាពរង្គោះរង្គើជាមួយនឹងគោលនយោបាយ ពោលគឺការកាត់បន្ថយទ្វេដងនៃការដាក់កម្រិតយ៉ាងតឹងរឹងលើវិសាលភាព និងទំហំនៃការបង្រៀនតាមបែបឯកជនភាព ក្រៅសាលា ឬជួលសេវារៀនបន្ថែមនៅតាមផ្ទះជាដើម។ ឪពុកម្តាយ និងអ្នកស្រាវជ្រាវ បានរកឃើញពីគម្លាតកាន់តែទូលំទូលាយនៅក្នុងលទ្ធផលសិក្សារបស់សិស្ស ក្នុងចំណោមសិស្សដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នា។
យោងតាមលោក Huang Bin សាស្ត្រាចារ្យនៅវិទ្យាស្ថានអប់រំនៃសាកលវិទ្យាល័យ Nanjing បាននិយាយថា ឪពុកម្តាយមានជីវភាពមធ្យមឬលំបាកជាច្រើន មិនអាចស្វែងរកធនធានដើម្បីឱ្យកូនៗរបស់ពួកគេរៀនគួរបន្ថែមដូចកូនៗដែលមកពីគ្រួសារធូរធារនោះឡើយ។ លោក Huang Bin បញ្ជាក់ថា ជាលទ្ធផល គម្លាតពីការរៀនសូត្ររវាងសិស្សដែលមានជីវភាពខុសគ្នាទាំងនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ។


ដោយឡែក អ្នកស្រី Dai អ្នកគ្រប់គ្រងការិយាល័យ អះអាងថា ការជួលគ្រូមកបង្រៀននៅតាមផ្ទះ ឬតាមបែបឯកជន បានធ្វើឱ្យកូនស្រីរបស់អ្នកស្រីទទួលបានផ្លែផ្កាខ្លះ ហើយយ៉ាងហោចណាស់លទ្ធផលសិក្សារបស់កូនស្រីអ្នកស្រីក៏ល្អជាងមិត្តរួមថ្នាក់ផងដែរ។
ទោះបីជាយ៉ាងណា លោក Chu Zhaohui អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានជាតិអប់រំវិទ្យាសាស្ត្រដែលជាស្ថាប័នក្រោមក្រសួងអប់រំ បានឱ្យដឹងថា ដើម្បីជៀសវាងគម្លាតយ៉ាងខ្លាំងរវាងសិស្សមកពីគ្រួសារអ្នកមាន និងគ្រួសារអ្នកក្រីក្រ អាជ្ញាធរអប់រំគួរតែធ្វើកំណែទម្រង់ពីរបៀបដែលសិស្សត្រូវបានគេវាយតម្លៃ និងគួរតែពិចារណាពីសាវតារបស់សិស្ស។ លោកថា អាជ្ញាធរអាចសិក្សាថាតើពួកគេមកពីសាលាល្អនៅក្នុងទីក្រុងធំឬអ្នកក្រីក្រនៅតំបន់ជនបទ នៅពេលដែលដាក់ពិន្ទុឱ្យពួកគេក្នុងការប្រឡង ហើយការធ្វើបែបនេះនឹងរក្សាតម្លាភាពនៅក្នុងការដាក់ពិន្ទុ។


ដោយឡែក លោក Huang សាស្ត្រាចារ្យ Nanjing បាននិយាយថា សាលារៀននៅតាមជនបទនៃប្រទេសចិនបានកែលម្អបរិក្ខារ និងឧបករណ៍ជាច្រើន ប៉ុន្តែនៅតែខ្វះខាតគ្រូបង្រៀនដែលមានសមត្ថភាពនិងមានវិជ្ជាជីវៈជំនាញ។ ក័ប៉ុន្តែវិស័យអប់រំនៅតែមានការប្រកួតប្រជែងជាមួយវិស័យសាធារណៈ និងឯកជនផ្សេងទៀតសម្រាប់គុណភាពការងារ។ លោកយល់ថា លុះត្រាតែមានការតម្លើងប្រាក់បៀវត្សខ្ពស់ទើបអាចទាក់ទាញកម្លាំងពលកម្មរបស់គ្រូបង្រៀននៅតាមជនបទ និងតំបន់ដាច់ស្រយាលដែលមានគុណភាពខ្ពស់ទៅកាន់សាលាមូលដ្ឋានបាន។


សូមជម្រាបថា លោក Huang សង្កេតឃើញថា រដ្ឋាភិបាលខិតខំប្រឹងប្រែងកែប្រែប្រព័ន្ធអប់រំនេះ ក្នុងគោលបំណងកាត់បន្ថយកម្រិតស្ត្រេនៃភាពតានតឹង និងការចំណាយពេលវេលារបស់សិស្ស ដើម្បីធ្វើឱ្យមានវិសមភាពផ្នែកអប់រំនៅក្នុងប្រទេសចិន។
សូមបញ្ជាក់ថា អាជ្ញាធរចិនបានចេញសេចក្តីណែនាំមួយចំនួន ដើម្បីកាត់បន្ថយបន្ទុកការងារសិក្សារបស់កុមារដែលចាប់ផ្តើមនៅទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែការអនុវត្តគោលនយោបាយទាំងនេះ ត្រូវបានពង្រឹងតែនៅក្នុងឆ្នាំមុនៗប៉ុណ្ណោះ។
សូមរំលឹកថា ការធ្វើតេស្តលើគ្រួសារជិត ១៥០០០គ្រួសារមកពី ២៥ខេត្តក្រុង ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ អ្នកស្រាវជ្រាវសាកលវិទ្យាល័យ Peking បានរកឃើញថា កុមារមកពីគ្រួសារដែលមានប្រាក់ចំណូលទាបគឺមានចំនួន ៩ចុច៣ភាគរយ ទំនងជាមិនបន្តការសិក្សានៅថ្នាក់វិទ្យាល័យឡើយ បន្ទាប់ពីមានការផ្លាស់ប្តូរគោលនយោបាយ។ ផ្ទុយទៅវិញ អ្នកដែលមកពីគ្រួសារអ្នកមាននិងមានពិន្ទុខ្ពស់ មានចំនួន ៥,៣ភាគរយ ទំនងជាទទួលបានការសិក្សានៅថ្នាក់វិទ្យាល័យ។ នេះបើយោងតាមឯកសារស្រាវជ្រាវ។ ការរកឃើញនេះ ត្រូវបានចុះផ្សាយនៅក្នុងការបោះពុម្ពផ្សាយនៅខែឧសភាលើគេហទំព័រ China Economic Quarterly។
គួរកត់សម្គាល់ថា មាតាបិតាសិស្សជាងមួយភាគបួនក៏បានសម្តែងក្តីសង្ឃឹមថា សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលនឹងមានលទ្ធភាពទទួលបានធនធានអប់រំកាន់តែប្រសើរឡើង៕

Share

Image
Image
Image