en     km
en     km

មនុស្សស្លាប់កើនដល់១៣នាក់ជុំវិញគ្រោះបន្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី

Share

មកទល់នឹងពេលនេះ ក្រុមអ្នកសង្គ្រោះឥណ្ឌូនេស៊ីបានរកឃើញសាកសពអ្នកឡើងភ្នំសរុបចំនួន ១៣នាក់ដែលក្នុងនោះមនុស្សស្លាប់ចំនួន ១១នាក់ ខណៈបានរកឃើញដំបូងគេ កាលពីថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ចំណែកសាកសពចំនួន ២នាក់ទៀតទើបរកឃើញនៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន CNA។


ក្នុងចំណោមអ្នកស្លាប់ទាំងនេះ សាកសពចំនួន៨នាក់បានស្គាល់អត្តសញ្ញាណ និងកំពុងរៀបចំសពរក្សាទុកឱ្យបានត្រឹមត្រូវដើម្បីឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ រីឯសាកសព៥នាក់ផ្សេងទៀត ត្រូវក្រុមសង្រ្គោះនាំចុះពីលើភ្នំដើម្បីយកមកកំណត់អត្តសញ្ញាណ។ ឯជនរងគ្រោះផ្សេងទៀតដែលនៅរស់កំពុងជម្លៀសពីលើភ្នំ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជួយសង្គ្រោះថ្មើរជើង ក៏ប៉ុន្តែអាកាសធាតុបានបង្កជាផលលំបាក និងរារាំងការធ្វើដំណើរឥតឈប់ឈរ។


ក្រុមមន្ត្រីសង្គ្រោះបាននិយាយថា អ្នកឡើងភ្នំទាំងនោះបានចុះឈ្មោះតាមរយៈការកក់សំបុត្រតាមអនឡាញ និងអ្នកឡើងភ្នំខ្លះទៀតបានធ្វើដំណើរតាមផ្លូវភ្នំដោយខុសច្បាប់។ នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីរាប់រយនាក់ កំពុងរួសរាន់ និងធ្វើការញ៉ាប់ដៃញ៉ាប់ជើង ដើម្បីស្វែងរកអ្នកឡើងភ្នំចំនួន ១០នាក់ទៀត ដែលបានបាត់ខ្លួនបន្ទាប់ពីការផ្ទុះភ្នំភ្លើង។


ទន្ទឹមគ្នានេះ សាច់ញាតិជនរងគ្រោះកំពុងរង់ចាំដំណឹងនៅមជ្ឈមណ្ឌលព័ត៌មាននៅជើងភ្នំ។ ក្រុមគ្រួសាររបស់ Febrina បានប្រាប់សារព័ត៌មាន AFP ថា ខ្លួនពិតជាសប្បាយរីករាយជាខ្លាំងបន្ទាប់ពីដឹងដំណឹងថាកូនរបស់ពួកគេនៅមានជីវិតតាមប្រព័ន្ធផ្សព្វផ្សាយ Tik Tok។ ឥឡូវនេះ ជនរងគ្រោះ Febrina កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យក្បែរនោះដើម្បីសម្រាកព្យាបាល បន្ទាប់ពីជាប់នៅលើភ្នំក្នុងដំណើរដើរលេងកម្សាន្តជាមួយមិត្តភក្តិរូមសាលាចំនួន ១៨នាក់។
ជាមួយគ្នានេះ លោក Dasman ជាឪពុករបស់អ្នកឡើងភ្នំដែលបាត់ខ្លួនឈ្នោះ Zakir Habibi បានធ្វើដំណើរពីរម៉ោងពីទីក្រុង Padang ទៅជើងភ្នំកាលពីយប់ថ្ងៃកើតហេតុ។ ក្នុងនោះ លោកបាននិយាយកាលពីថ្ងៃចន្ទថា «ខ្ញុំនៅតែសង្ឃឹមថាកូនប្រុសរបស់ខ្ញុំនៅរស់»។


គួរបញ្ជាក់ថាអ្នកឡើងភ្នំសរុបចំនួន ៧៥នាក់ បានរាយបញ្ជីដោយក្រុមមន្ត្រីថាជាអ្នកឡើងភ្នំចាប់តាំងពីថ្ងៃសៅរ៍ ដោយក្នុងនោះមាន ៤៩នាក់ដំបូងមានការរលាក និងបាក់ឆ្អឹងមួយចំនួន។ ក្រុមមន្ត្រីជួយសង្គ្រោះបានបញ្ជាក់ថា ការស្វែងរកនឹងបន្តរយៈពេលប្រាំពីរថ្ងៃ។ ប្រទេសឥណ្ឌូនេស៊ីជួបប្រទះនឹងការរញ្ជួយដី និងបន្ទុះភ្នំភ្លើងញឹកញាប់ ដោយសារតែទីតាំងនៅទីនោះនៅលើមហាសមុទ្រប៉ាស៊ីហ្វិកដែលមានភ្នំភ្លើងសកម្មឬ “Ring of Fire”៕

Share

Image
Image
Image