en     km
en     km

ប៉ូលិសថៃឆ្មក់ចូលទូកដឹកអ្នករត់ពន្ធខុសច្បាប់ និងចាប់បានថ្នាំញៀនគ្រីស្តាល់រាប់តោន

Share

ប៉ូលិសថៃបានឆ្មក់ចូលទូកធំមួយដែលមានដឹកអ្នករត់ពន្ធថ្នាំញៀនខុសច្បាប់ និងរឹបអូសបានថ្នាំញៀនប្រភេទ មេតំហ្វេតាមីនប្រភេទគ្រីស្តាល់ទម្ងន់ ២តោន។ ជាងនេះ ប៉ូលិសថៃចាប់ខ្លួនបានជនសង្ស័យចំនួន ១៣នាក់ទៀត ដែលកំពុងព្យាយាមរត់គេចខ្លួនកាលពីយប់ថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
កញ្ញា សៃ ចន្ធី ជូននូវសេចក្ដីប្រែសម្រួល៖

យោងតាមកម្លាំងនគរបាលប្រឆាំងបទល្មើសសមុទ្រ និងប្រឆាំងគ្រឿងញៀនរបស់ប្រទេសថៃ បានចុះឆែកឆេរទូកនេសាទ Srimongkolsap នៅត្រង់ចំណុចកំពង់ផែ TNS Bangpakong ក្នុងស្រុក Bang Pakong ខេត្ត Chachoengsao ប្រទេសថៃ នៅវេលាម៉ោងប្រហែល ៩និង៣០នាទីយប់ កាលពីថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។


គួរបញ្ជាក់ផងដែរថា នៅពេលប៉ូលិសចុះទៅដល់ទូកជនសង្ស័យ ជនសង្ស័យខ្លះបានលោតចុះពីលើទូកចូលទៅក្នុងទឹកទន្លេ ហើយព្យាយាមរត់គេចខ្លួន។ ក៏ប៉ុន្តែប៉ូលិសថៃបានស្ទាក់ ហើយចាប់បានជនសង្ស័យចំនួន១៣នាក់ ដែលសុទ្ធតែជាជនជាតិថៃទាំងអស់។ បើយោងតាមការសន្និដ្ឋានរបស់ប៉ូលិស ថ្នាំនេះត្រូវបានគេជឿថាមានទិសដៅសម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីន និងប្រទេសអូស្ត្រាលី។


ទន្ទឹមនឹងនេះ ក្រុមអ្នករុករកបានរកឃើញប្រអប់ក្រដាសកាតុងចំនួន៩០កេស ដែលមានផ្ទុកនូវសារធាតុញៀនប្រភេទគ្រីស្តាល់ចំនួន ២០០០គីឡូក្រាមនៅក្នុងកាប៊ីនខាងក្រោមទូក។ បើយោងតាមឧត្តមសេនីយ៍ទោ លោក ផារិទ្ធិផុង មេបញ្ជាការរងនគរបាលសមុទ្ររបស់ថៃ បានឱ្យដឹងថា ថ្នាំញៀនទាំងនេះលាក់ក្នុងថង់ផ្លែឈើក្រៀម ដើម្បីបិទបាំងក្លិន។


យ៉ាងណាមិញ លោកឧត្តមសេនីយ៍ទោ ផារិទ្ធិផុងបាននិយាយទៀតថា ក្រុមអ្នកស៊ើបអង្កេតបានដឹងពីអ្នករត់ពន្ធដែលមានគម្រោងដឹកជញ្ជូនគ្រឿងញៀនទៅកាន់កប៉ាល់ផ្សេងទៀត នៅពេលដែលទូកនេះស្ថិតនៅក្នុងដែនទឹកអន្តរជាតិ។ ថ្នាំញៀនទាំងអស់ ត្រូវបានកំណត់គោលដៅសម្រាប់ជួញដូរក្នុងប្រទេសហ្វីលីពីន អូស្ត្រាលី និងប្រទេសផ្សេងទៀត។


នាយឧត្តមសេនីយ៍ Samran Nuanma ជំនួយការអគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ Somboon Thiankhao នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ប.ស.ស. បានចុះត្រួតពិនិត្យរឹបអូសបានថ្នាំញៀននៅផែ និងបានបញ្ជូនជនសង្ស័យដែលសន្មតថាជាប់ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន និងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់។
សូមជម្រាបថា ការស៊ើបអង្កេតរបស់ក្រុមអ្នករុករក និងកម្លាំងនគរបាលប្រឆាំងបទល្មើសសមុទ្រ និងប្រឆាំងគ្រឿងញៀនលើក្មេងទំនើង និងអ្នករត់ពន្ធគ្រឿងញៀនខុសច្បាប់ នៅតែបន្តធ្វើប្រតិបត្តិការតាមចាប់ជនល្មើសយកមកដាក់ទោសតាមផ្លូវច្បាប់៕

Share

Image
Image
Image