ស្ដ្រីជនជាតិដើមភាគតិចពូនងកម្ពុជាដំបូងមានឈ្មោះថា គ្រឿង ណាវី ត្រូវបានជ្រើសរើសជាវាគ្មិនក្នុងសន្និសិទ ស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ដើម្បីបង្ហាញអំពីអត្ថប្រយោជន៍ពិតប្រាកដ នៃ ហិរញ្ញប្បទានកាបូន ក្នុងការអភិរក្សព្រៃឈើ។
អ្នកស្រី គ្រឿង ណាវី ជាប្រធានសហគមន៍ស្ដ្រីតំណាងឱ្យជនជាតិដើមភាគតិចព្នងក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា នាខេត្តមណ្ឌលគិរី។ អ្នកស្រី គ្រឿង ណាវី ត្រូវបានគេចាត់ទុកថា ជាអ្នកបើកប្រវត្តិសាស្ដ្រថ្មីមួយក្នុងនាមជាវាគ្មិនជនជាតិដើមភាគតិចដំបូងគេបង្អស់ ដែលបានចូលរួមក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិបែបនេះ។ លោកស្រីទៅទីនោះ ដើម្បីពាំនាំសារពីភូមិឋានដែលដាច់ស្រយាលក្នុងព្រៃ នៃខេត្តមណ្ឌលគិរី ទៅកាន់ថ្នាក់ដឹកនាំកំពូលៗនៅលើពិភពលោក។
ផ្អែកតាមAKP អ្នកស្រី គ្រឿង ណាវី និយាយថា អ្នកស្រីពិតជាមានសេចក្ដីរំភើបក្នុងចិត្ត ជាមួយក្ដីកត្តញូ។ អ្នកស្រីពិតជាមានកិត្តិយាសណាស់ ដែលបានទៅដល់ទីនោះ ដោយចេញពីភូមិតូចមួយនៃប្រទេសកម្ពុជា និងនិយាយទៅកាន់ថ្នាក់ដឹកនាំកំពូលៗនៃពិភពលោក។
សុន្ទរកថារបស់ស្ដ្រីជនជាតិដើមភាគតិចព្នងរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមសន្និសីទ ដោយអ្នកស្រីលើកពីហិរញ្ញប្បទានកាបូន ក្នុងការពង្រឹងសិទ្ធិអំណាចសហគមន៍ជនជាតិដើមភាគតិច។ ខ្លឹមសារដែលអ្នកស្រី គ្រឿង ណាវី លើកឡើងគឺស្របគ្នាទៅនឹងប្រធានបទដែលសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុ(COP28)។ ក្នុងនោះមានការយកចិត្តទុកដាក់ក្នុងការពន្លឿនសកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងសំខាន់នៃការអនុវត្តយន្ដការហិរញ្ញប្បទាន ដូចជាគម្រោងរេដបូក ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។
ក្នុងលិខិតដែលAKPបានបញ្ជាក់ថា មតិរបស់អ្នកស្រី ត្រូវបានផ្សព្វផ្សាយខ្ទរខ្ទារក្នុងសន្និសីទ COP28 ហើយចាប់អារម្មណ៍ឱ្យអ្នករាល់គ្នាដឹងថា វឌ្ឍនភាពនៃហិរញ្ញាប្បទានអាកាសធាតុ គឺជាគន្លឹះនៃការផ្លាស់ប្ដូរដ៏ត្រឹមត្រូវមួយ និងចូលរួមកាត់បន្ថយការបំភាយឧស្ម័ននៅទូទាំងពិភពលោក។
សូមជម្រាបថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ អ្នកស្រី គ្រឿង ណាវី នឹងចូលរួមជាវាគ្មិនក្នុងកម្មវិធីមួយទៀតក្រោមប្រធានបទ តើហិរញ្ញាប្បទានកាបូនបង្កើតឱកាសដល់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានយ៉ាងដូចម្ដេច? កម្មវិធីនោះទៀតសោត នឹងរៀបចំឡើងនៅវិមានជនជាតិដើមភាគតិចដែលរៀបចំដោយអង្គការក្រុមប្រឹក្សាសុចរិតភាព សម្រាប់ទីផ្សារកាបូនស្មគ្រចិត្ត អង្គការធម្មជាតិដើម្បីអាកាសធាតុ និងមូលនិធិការពារបរិស្ថាន៕