អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបើកការស៊ើបអង្កេតលើមន្ដ្រីម្នាក់ ដែលបម្រើការងារនៅកន្លែងធ្វើលិខិតឆ្លងដែន បានយកលុយប្រជាពលរដ្ឋ តែមិនចេញលិខិតឆ្លងដែនឱ្យ។ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក សាយ ម៉េងឈាង បានឱ្យដឹងលើទំព័រហ្វេសប៊ុកលោកកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ថា ក្រុមការងារជំនាញកំពុងតែស្រាវជ្រាវក្នុងរឿងវ៉ាវនេះ ករណីរកឃើញថាមន្ត្រីម្នាក់នោះមានកំហុសមែន គឺអនុវត្តតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយមិនលើកលែងឱ្យឡើយ។
ករណីនេះ កើតឡើងបន្ទាប់មានការផ្សព្វផ្សាយព័ត៌មានមួយចំនួនអំពីករណីមន្ត្រីម្នាក់ឈ្មោះ ប៉ាន់ ម៉ាលីស ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តកំហុស ដោយយកលុយប្រជាពលរដ្ឋ ហើយមិនព្រមផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានអះអាងថា បើប្រជាពលរដ្ឋណា ដែលទទួលរងនូវការខាតបង់ដោយករណីយកលុយហើយ តែមិនបានលិខិតឆ្លងដែននោះ សូមទៅកាន់នាយកដ្ឋានលិខិតឆ្លងដែន រៀងរាល់ម៉ោងធ្វើការ ដើម្បីបញ្ជាក់អំពីករណីរបស់ខ្លួន និងទទួលយកនូវដំណោះស្រាយមួយសមស្រប។ បើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋាន គឺស្ថានប័នមួយនេះនឹងទទួលរ៉ាប់រងដោះស្រាយជូនទាំងស្រុង។
តម្លៃលិខិតឆ្លងដែនដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់តម្លៃ១០០ដុល្លា សម្រាប់រយៈពេលធ្វើ ១៥ថ្ងៃ អាចទទួលបានលិខិតឆ្លងដែនបាន។ ប្រសិនបើប្រជាពលរដ្ឋត្រូវការលឿន សេវាកម្មរហ័សមធ្យមមានតម្លៃ១៥០ដុល្លា រយៈពេល៧ថ្ងៃ និងសេវាកម្មរហ័សតម្លៃ២០០ដុល្លា រយៈពេល១ថ្ងៃប៉ុណ្ណោះ អាចទទួលយកលិខិតបានហើយ។ នេះសម្រាប់មនុស្សចាប់ពីអាយុ៦ឆ្នាំឡើង។ ចំណែកអាយុក្រោម៦ឆ្នាំ មានសុពលភាព៥ឆ្នាំ សេវាធម្មតា តម្លៃ ៨០ដុល្លា មានរយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១២០ដុល្លា រយៈពេល៧ថ្ងៃ ចំណែកសេវាឆាប់រហ័ស តម្លៃ ១៦០ដុល្លា រយៈពេល១ថ្ងៃ នៃថ្ងៃធ្វើការដូចគ្នា ។
គួរជម្រាបថា ពលរដ្ឋដែលរងគ្រោះពីការធ្វើលិខិតឆ្លងដែននោះមានគ្នាចំនួន៤នាក់ និងបានទៅធ្វើលិខិតឆ្លងដែននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយចំណាយថវិកា៤៣០ដុល្លា។ តែមន្ដ្រីឈ្មោះ ប៉ាន់ ម៉ាលីស តែងតែលើកថ្ងៃឱ្យប្រជាពលរដ្ឋទៅទទួលលិខិតឆ្លងដែន រហូត ដោយសំអាងថាធ្វើមិនទាន់ហើយទេ។ ដោយរងចាំទាំងគ្មានលទ្ធភាពទទួលបាន ក៏ដាក់ពាក្យបណ្ដឹងទៅកាន់អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីស្នើសុំអន្ដរាគមន៍ យ៉ាងណានៅតែមិនទទួលបានដំណោះស្រាយដដែល។ នេះបើយោងតាមហ្វេសប៊ុក លោក ផែង វណ្ណៈ។
បែបនេះក្ដីនៅថ្ងៃនេះ លោកសាយ ម៉េងឈាង អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រាប់វិទ្យុស្ដ្រីថា ប្រជាពលរដ្ឋទាំង៤នាក់នោះបានទទួលដំណោះស្រាយហើយ នឹងទទួលបានលិខិតឆ្លងដែននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។
ចំណែករឿងមន្ដ្រីនៃអគ្គនាយកដ្ឋាននោះនៅតែបន្ដតាមដានតទៅទៀត ប្រសិនបើរកឃើញថាបានប្រព្រឹត្តកំហុសពិតមែន នោះនឹងទទួលវិន័យកងកម្លាំងនគរបាលជាតិ ផ្អែកលើកម្រិតកំហុសរបស់បុគ្គល តាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ៕