en     km
en     km

អង្គការGADCជំរុញឱ្យUN ឈរជាមួយស្ដ្រី និងក្មេងស្រីក្នុងសន្និសីទប្រែប្រួលអាកាសធាតុឆ្នាំ២០២៣

Share

អង្គការសង្គមស៊ីវិលក្នុងតំបន់បានស្នើឱ្យ អង្គការសហប្រជាជាតិ ឈរជាមួយស្ដ្រី និងក្មេងស្រី ដើម្បីទប់ស្កាត់អំពើហិង្សាផ្អែកលើយែនឌ័រក្នុងសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៣ ខណៈផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបានធ្វើឱ្យកម្រិតនៃអំពើហិង្សាកាន់តែមានធ្ងន់ធ្ងរដល់ស្ត្រី។

សន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៣ បានរៀបចំឡើងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅដើមខែធ្នូ ឆ្នាំ២០២៣នេះ។ អង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) បានជំរុញឱ្យអង្គការសហប្រជាជាតិ (UN)ឈរនៅជាមួយស្ដ្រី និងក្មេងស្រី ក្នុងការលុបបំបាត់អំពើរហិង្សាផ្អែកលើយែនឌ័រ។

អង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញលិខិតចំហមួយទៅកាន់ប្រមុខរដ្ឋសមាជិកអង្គការសហប្រជាជាតិ ថា GADC រួមជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀតនៅក្នុងតំបន់ កំពុងភ្ជាប់វិបត្តិអាកាសធាតុទៅនឹងអំពើហិង្សាយេនឌ័រជាលក្ខណៈប្រព័ន្ធ និងអន្តរបុគ្គល ខណៈលិខិតចំហរនេះ មានគោលបំណងបង្ហាញ និងទប់ស្កាត់អំពើហិង្សាជាលក្ខណៈប្រព័ន្ធទៅស្រ្តី រួមទាំងស្ត្រីដែលប្តូរយេនឌ័រ ក្នុងអំឡុងពេល នៃយុទ្ធនាការ១៦ថ្ងៃ នៃសកម្មភាពប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ។

GADC បញ្ជាក់ទៅកាន់អង្គការសហប្រជាជាតិថា ទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍មកហើយក៏ដោយ គ្មានប្រទេសណាមួយក្នុងពិភពលោកបានលុបបំបាត់អំពើហឹង្សាផ្អែកលើយេនឌ័រនោះទេផ្ទុយទៅវិញ ស្ត្រីត្រូវបានរុញចូលទៅក្នុងលក្ខខណ្ឌមិនច្បាស់លាស់ និងហិង្សាបំផុត។

ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាសីតុណ្ហភាពកាន់តែខ្ពស់ របាយទឹកភ្លៀងដែលមិនអាចទាយទុកជាមុនបាន ការកើនឡើងនីវ៉ូទឹកសមុទ្រ គ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះ បានកំពុងពង្រឹងវិសមភាពយេនឌ័រ ធ្វើឱ្យកម្រិតនៃអំពើហិង្សាកាន់តែមានធ្ងន់ធ្ងរដល់ស្ត្រី។

ទាក់ទិននិងបញ្ហានេះ GADC បានអំពាវនាវឱ្យប្រមុខរដ្ឋសមាជិកអង្គការសហប្រជាជាតិធានាថា សំឡេងស្ត្រីនឹងត្រូវបានឮនៅក្នុងសន្និសីទ ពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៣ លើកទី២៨នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហារបស់ស្ដ្រីដែលកើតមានពីវិបត្តិអាកាសធាតុ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមក្នុងសន្និសីទនេះបានលើកឡើងក្នុងហ្វេសប៊ុកក្រសួងបរិស្ថានថា វិស័យអាទិភាព និងការវិនិយោគបៃតងនៅកម្ពុជា នឹងត្រូវបានលើកក្នុងសន្និសីទនេះ។ លោកបញ្ជាក់ថា កម្ពុជានឹងបង្កើនគម្របព្រៃឈើឱ្យបាន៦០% និងលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការដាំឬស្សី ព្រមទាំងជំរុញឱ្យកម្ពុជាស្អាត តាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក។ ក្រៅពីនេះ លោកបញ្ជាក់ប្រាប់សារព័ត៌មាន VOA កាលពីថ្ងៃទី១ ខែធ្នូ ថា កម្ពុជានឹងមានការប្ដេជ្ញាចិត្ត៧ចំណុច ក្នុងសន្និសីទលើកទី២៨នេះ ហើយកម្ពុជានឹងឡើងអានសុន្ទរកថា នៅថ្ងៃទី៩ ឬទី១០ ខែធ្នូខាងមុខ។ តែយ៉ាងណាការប្ដេជ្ញាចិត្តទាំង៧ចំណុចនេះ មិនបានឆ្លុះបញ្ចាំងពីបញ្ហារបស់ស្ដ្រីដែលដែលកើតឡើងការប្រែប្រួលអាកាសធាតុនោះទេ ភាគច្រើនផ្ដោតលើថាមពលអគ្គិសនី ការផលិតថាមពលស្អាត កាត់បន្ថយប្លាស្ទិច ដាំដើមឈើឡើងវិញ និងបញ្ឈប់ការសាងសង់វារីអគ្គិសនីឆ្លងកាត់ទន្លេ។

បែបនេះក្ដីលិខិតចំហពី GADC ថា​រដ្ឋាភិបាល ​នៃ​រដ្ឋ​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ គួរតែមានគោលនយោបាយច្បាស់លាស់ និងការប្តេជ្ញាចិត្តផ្លូវច្បាប់ ដើម្បីការពារសិទ្ធិស្ត្រី និងធានាថាស្ត្រី និងសហគមន៍ដែលរងផលប៉ះពាល់ មានលទ្ធភាពទទួលបានយន្តការបណ្តឹងសារទុក្ខ និងការទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងការទទួលខុសត្រូវ រួមទាំងតាមរយៈដំណោះស្រាយផ្នែកតុលាការ និងហិរញ្ញវត្ថុ។

បន្ថែមពីនេះ រដ្ឋជាសមាជិកត្រូវតែវិភាគ និងមានអត្ថន័យរួម ដោយបញ្ចូលហានិភ័យសន្តិសុខដែលទាក់ទងនឹងអាកាសធាតុ ទៅក្នុងការអនុវត្តដំណោះស្រាយរបស់អង្គការសហប្រជាជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងធានាបាននូវមូលនិធិដោយផ្ទាល់ ភាពបត់បែន និងរយៈពេលវែងសម្រាប់សហគមន៍មូលដ្ឋាន និងគំនិតផ្តួចផ្តើមអាកាសធាតុដែលដឹកនាំដោយស្ត្រីនៅក្នុងប្រទេសដែលងាយរងគ្រោះ និងមានជម្លោះផងដែរ។ ទន្ទឹមគ្នា រដ្ឋសមាជិកគួរតែផ្តល់ការគាំទ្រយ៉ាងច្រើនដល់ក្រសួងនានា ទាក់ទងនឹងសិទ្ធិស្ត្រី អង្គការស្ត្រី និងចំណុចបង្គោលយេនឌ័រ ដើម្បីសហការជាមួយមូលនិធិវិនិយោគអាកាសធាតុ មូលនិធិបន្សាំ មូលនិធិអាកាសធាតុបៃតង មធ្យោបាយបរិស្ថានសកល សម្រាប់ការអនុវត្តផែនការសកម្មភាពអាកាសធាតុជាតិ៕

Share

Image
Image
Image