ដោយសារកត្តាយានយន្ដនៅតែជាឧបសគ្គមួយដែលនាំឱ្យមានអ្នកស្លាប់ពីករណី គ្រោះថ្នាក់ចរាចរណ៍, សង្គមស៊ីវិលបានជំរុញឱ្យមានការផ្លាស់ប្ដូររថយន្ដដឹកម្មករ កម្មការិនី ដែលមានសុវត្ថិភាពជាងមុន ខណៈរាជរដ្ឋាភិបាលថា នឹងធ្វើឱ្យប្រសើរឡើងនៅត្រឹមឆ្នាំ២០២៧។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ដោយសារកត្តាយានយន្ដនៅតែជាឧបសគ្គមួយដែលនាំឱ្យមានអ្នកស្លាប់ពីករណី គ្រោះថ្នាក់ចរាចរណ៍, សង្គមស៊ីវិលបានជំរុញឱ្យមានការផ្លាស់ប្ដូររថយន្ដដឹកម្មករ កម្មការិនី ដែលមានសុវត្ថិភាពជាងមុន
អង្គការមូនិធិបង្ការស្នាមរបួសអាស៊ី (AIPF) បានជំរុញឱ្យមានមានការផ្លាស់ប្ដូររថយន្ដដឹកកម្មករ កម្មការិនីរោងចក្រ ដែលមានសុវត្ថិភាព និងប្រសើរជាងមុន ខណៈនៅតាមបណ្ដោរោងចក្រមួយចំនួនធំបានផ្លាស់ប្ដូររបៀបរបបដឹកកម្មករតាមការបញ្ច្រៀតគ្នា មកជារៀបចំបានត្រឹមត្រូវវិញ តែនៅមានរោងចក្រមួយចំនួនតូចបន្ដធ្វើសកម្មភាពដាក់កម្មករបញ្ច្រៀតគ្នាដដែល។
ការជំរុញរបស់សង្គមស៊ីវិលបែបនេះ ធ្វើឡើងក្នុងពេលរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងការអនុវត្តល្អស្ដីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ។ ជាមួយគ្នា ភាគីរាជរដ្ឋាភិបាលបានឱ្យដឹងថា ក្នុងផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ ដែលបានប្រកាសផ្សព្វផ្សាយនៅថ្ងៃម្សិលមិញ ក៏បានដាក់បញ្ជូនការគិតគូរដល់ការដឹកកម្មករកម្មការិនីឱ្យប្រសើរឡើងដែរ នៅត្រឹមឆ្នាំ២០២៧។ នេះជាកាបញ្ជាក់ពីលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជា្ជជីវៈ។
ផ្អែកតាមក្រសួងមហាផ្ទៃ នៅឆ្នាំ២០២២ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកធៀបនឹងចំនួនប្រជាជន ១០០. ០០០នាក់ អ្នកស្លាប់មានចំនួន១០,១នាក់។ ចំនួននេះថយថុះ បើធៀបឆ្នាំ២០២០ ដែលមានដល់១០,៩នាក់។ ក្រសួងបញ្ជាក់ថា នេះមកពីអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១ ឆ្នាំ២០១១- ២០២០ រយៈពេល១០ឆ្នាំមុន ទើបមានអត្រាអ្នកស្លាប់បានថយថុះ។ តែក្នុងចំណោមការស្លាប់ទាំងនេះ ក្រសួងអះអាងថា មានកត្តាយានយន្ដ ២.៨% កត្តាមនុស្ស៩៦.៨% និងកត្តាផ្លូវ០.៦%។
ដោយកត្តាយានយន្ដនៅតែមានភាពខ្ពស់ដែរ សង្គមស៊ីវិលថាកម្មករបានគាំទ្រឱ្យមានការផ្លាស់ប្ដូររថយន្ដសម្រាប់ធ្វើដំណើរទៅនិងមក ទោះបីជាត្រូវចំណាយច្រើនជាមុនក្ដី តែដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ លោក គឹម បញ្ញា ប្រធានអង្គការមូនិធិបង្ការស្នាមរបួសអាស៊ី បានលើកឡើងពីចំណុចនេះ។
គួរជម្រាបថា ក្នុងការជម្រុញឱ្យមានការផ្លាស់ប្ដូររថយន្ដសម្រាប់ដឹកជញ្ជូន កម្មករ កម្មការិនីរោងចក្រ អង្គការមូនិធិបង្ការស្នាមរបួសអាស៊ី ថាកំពុងរៀបចំផែនការមួយជាមួយភាគីពាក់ព័ន្ធ មានទាំងភាគីរដ្ឋាភិបាលផងដែរ ដើម្បីជំរុញឱ្យការផ្លាស់ប្ដូរនេះអនុវត្តបានទាំងគ្រប់ភាគីទាំងអស់។
ដោយយោងតាមការសិក្សារបស់មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវបានប៉ាន់ស្មានពីការខាតបង់សេដ្ឋកិច្ច ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានចំនួន ប្រមាណ ៣៧៩,២លានដុល្លារអាមេរិក៕