សមាជិកក្រុមចលនាមាតាធម្មជាតិដែលទៅទទួលពានរង្វាន់ Right Livelihood នៅប្រទេសស៊ុយអែតបានកាន់ពានអន្តរជាតិនេះក្នុងដៃហើយ កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា។ យ៉ាងណាពួកគេត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅចូលសនកាផងដែរ តែត្រូវពន្យាពេល ដោយសមាជិកទាំងអស់មិននៅជុំគ្នា។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅវេលាយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សកម្មជន៣រូប នៃចលនាមាតាធម្មជាតិ មានកញ្ញា ស៊ុន រដ្ឋា កញ្ញា មាន លីលា និងលោក លី ចាន់ដារ៉ាវុធ បានទទួលពានរង្វាន់ អន្ដរជាតិ Right Liveloihoodហើយ នៅប្រទេសស៊ុយអែត។ តែយ៉ាងណានៅថ្ងៃនេះ ជាថ្ងៃដែលសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅមេធាវីការពារក្ដីឱ្យសកម្មជនមាតាធម្មជាតិចូលសវនាការផងដែរ តាមលិខិតអញ្ចើញចេញកាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
មេធាវី លោក សំ ចំរើន ដែលការពារក្ដីឱ្យសកម្មជនមាតាធម្មជាតិ បានបញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា លោកបានដាក់ពាក្យស្នើសុំពន្យាពេលឡើងសវនការកាលពីសប្ដាហ៍មុនហើយ។ ដូច្នេះថ្ងៃនេះលោក មិនបានចូលខ្លួនតាមលិខិតអញ្ជើញពីលោក សេង ហៀង ព្រះរាជអាជ្ញាធររងអមសាលាដំបូងរាជធានីភ្នំពេញនោះទេ។
កាលពីសប្ដាហ៍មុន សកម្មជន ៣រូបផ្សេងទៀតដែលមិនបានទៅទទួលពានរង្វាន់ Right Livelihood មានលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា បានដាក់ពាក្យស្នើសុំពន្យាពេលឡើងសវការ ក្រោមហេតុផលមានសមាជិកខ្លួនផ្សេងទៀតជាប់ទៅទទួលពានអន្ដរជាតិមួយនេះ និងមេធាវីមានភារកិច្ចរវល់។
ថ្លែងពីសកម្មជនទាំង៣រូប ដែលបានកាន់ពានរង្វាន់ Right Livelihood ផ្ទាល់នៅទីក្រុងស្ដុកហូម បានប្រាប់អង្គវេទិកាពីការរិតត្បិតសេរីភាព និងដាក់សម្ពាធមកលើក្រុមខ្លួនយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលលើផ្នែកបរិស្ថាន។ បែបនេះក្ដី ពួកគេបានផ្ញើពានរង្វាន់នេះដល់សកម្មជនដទៃទៀត ដែលខិតខំប្រឹងប្រែង ទោះបីជាប្រឈមនឹងការគំរាមកំហែងយ៉ាងណា។
ក្រោយពេលទទួលបានពានរង្វាន់ លោក សាន់ ម៉ាឡា សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន បានលើកឡើងថា ពិភពលោកឱ្យពាន ខ្មែរគ្នាឯងឱ្យខ្នោះ។ ការថ្លែងរបស់លោក ដូច្នេះ បន្ទាប់ពីសកម្មជនបរិស្ថានទាំងនេះទើបត្រូវបានដោះលែងពីពន្ធធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២១ប៉ុណ្ណោះ ពីបទប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។
ក្រោយពីតុលាការបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាស្នន ក្រុមយុវជនចលនាមាតាធម្មជាតិ បានទទួលពានរង្វាន់៣ហើយ។ ទី១ គឺជាពានរង្វាន់អ្នកការពារសិទ្ធិមនុស្សឆ្នើមប្រចាំឆ្នាំ២០២១ ពីបណ្ដាញអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា។ ពានរង្វាន់ទី២ គឺជាពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការ Front Line Defenders ចំពោះភាពក្លាហាន និងការហ៊ានប្រថុយប្រថានគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាននៅកម្ពុជា។ ចំណែកពានរង្វាន់ទី៣នេះ គឺពានរង្វាន់កម្រិតអន្តរជាតិ ឆ្នាំ២០២៣ ពីប្រទេសស៊ុយអែត(Sweden) ចំពោះភាពក្លាហាន និងការច្នៃប្រឌិតក្នុងការតស៊ូមតិរបស់ចលនាមាតាធម្មជាតិ នៅក្នុងបរិបទប្រទេសដែលមានលំហប្រជាធិបតេយ្យត្រូវបានរឹតត្បិតក្នុងកម្រិតធ្ងន់៕