en     km
en     km

ពលរដ្ឋនៅស្រុកតាវែង ខេត្តរតនគិរី លើកបញ្ហាលំបាកដែលផ្លូវនៅខូចខាត មិនទាន់ជួសជុល

Share

 

ប្រជាជនមួយចំនួនក្នុងឃុំតាវែងក្រោម ទីរួមស្រុកតាវែង ខេត្តរតនគិរី បានរអ៊ូរទាំអំពីបញ្ហាលំបាកក្នុងការធ្វើដំណើរនៅលើផ្លូវ១ខ្សែពីភូមិតាង៉ាចទៅទីរួមស្រុកដែលមានប្រវែង២៤គីឡូម៉ែត្រកំពុងរងការខូចខាតយ៉ាងខ្លាំង។ ពួកគេចង់ឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាផ្លូវនេះ ដើម្បីផ្ដល់លទ្ធភាពងាយស្រួល ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ដើម្បីសម្រួលជីវភាពរបស់ប្រជាជនបានមួយផ្នែកធំ។ កញ្ញា ទៀ រតនា រាយការណ៍

 

ផ្លូវ១ខ្សែមានប្រវែង២៤គីឡូម៉ែត្រ ពីសាលាស្រុកតាវែង ទៅភូមិតាង៉ាច ឃុំតាវែងក្រោម កំពុងរងការខូចខាតជាខ្លាំងពិបាកក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋ បានរអ៊ូរទាំពីផលលំបាកនៅក្នុងសហគមន៍របស់ពួកគេ ដោយសារភក់ ជ្រាំ រអិល ផុងជ្រៅៗ ពិបាកក្នុងការដឹកជញ្ជូនកសិផលទៅទីផ្សារ ហើយសិស្សានុសិស្សពិបាកធ្វើដំណើរទៅសាលារៀន។

 

លោក ធា យ៉ុង តំណាងឲ្យសហគមន៍ទីនោះបានលើកឡើងប្រាប់វិទ្យុស្ត្រីថា បញ្ហាផ្លូវ១ខ្សែនេះរងការលំបាកក្នុងការធ្វើដំណើរជាច្រើនឆ្នាំមកហើយ មូលហេតុផ្លូវទីនោះមានសភាពយូរការជួសជុលក៏មិនបានដិតដល់ និងអាកាសធាតុប្រែប្រួលដែលបណ្តាលឲ្យផ្លូវមានភក់ជ្រាំខ្លាំងនៅរដូវវស្សា។

លោកនិយាយថា៖ «វាអាចរារាំងខ្លះដែរ ព្រោះអីអើ! ពេលផ្លូវស្រួលយើងធ្វើដំណើរលឿនតិចដល់ផ្លូវពិបាកឧទាហរណ៍យើងជិះពីសហគមន៍ទៅឃុំអញ្ចឹង ឬក៏ទៅស្រុកយើងជិះតែអើ!៣០នាទីទៅ៤០នាទីអីទៅ ប៉ុន្តែពេលផ្លូវខូចផ្លូវពិបាកយើងជិះដល់មួយម៉ោងអីហ្នឹង! ឬក៏១ម៉ោងជាងតាមដែលផ្លូវឆ្ងាយពិបាកភក់ ដល់ពេលឥលូវដីវាផុងព្រោះអីឥលូវវាអត់ភ្លៀងទេដីវាផុងវិញ បើដែលញុមដឹងគឺផ្លូវវាយូរបើថាឡានក៏មិនសូវមានឡានច្រើនទេ ក៏ប៉ុន្តែផ្លូវហ្នឹងវាយូរឆ្នាំចឺងទៅគេអត់ជួសជុលគេអត់ធ្វើចឹង ចឹងទៅវាកាន់តែយូរឆ្នាំទៅវាកាន់តែឡានធំជិះម្តង២ដងចាប់ផ្តើមផុងសម្រាប់ផ្លូវពិបាកតាំងពីយើងមិនទាន់មានផ្លូវតំបន់ដាច់ស្រយាលចឹងវាពិបាកដល់ណេះ ចឹងគេធ្វើម្តងគេមិនបានជួលជុលទៀតទេដូចជា៦ ៧ឆ្នាំជួសជុលម្តង បើតាំងពីគេធ្វើផ្លូវជួសជុលតែ២ដងទេតាំងពី២០១២ ២០១៣ចឹងគេធ្វើផ្លូវគេជួសជុលបានតែម្តងគត់ហ្នឹង»

 

កញ្ញា ពិន ស្រីនិច ជាសិស្សរៀននៅវិទ្យាល័យតាវែង បានរៀបរាប់ពីក្តីលំបាកការធ្វើដំណើរទៅសាលារៀនក្នុងការសិក្សារបស់គាត់ដែលធ្វើដំណើរដោយផ្លូវមានសភាព ភក់ ជ្រាំ រអិល  ពេលភ្លៀងម្តងៗចំណាយពេលវេលាយូរក្នុងការធ្វើដំណើរពីផ្ទះទៅកាន់សាលារៀន។

ស្រីនិចបន្តថា៖ «ដោយសារតែខែវស្សា មេឃភ្លៀងពេលទៅស្រុកអីហ្នឹង! គឺវាមានផលលំបាកដោយសារទឹកច្រើន ហើយមានភក់ រអិល ជាឧបសគ្គដោយសារតែវាពិបាកក្នុងការទៅបើមេឃវាភ្លៀងអីហ្នឹង យើងចាំវាទាល់តែរាំងអីហ្នឹងទើបយើងទៅបាន វាឆ្ងាយដោយសារតំបន់ដាច់ស្រយាល មកពីកត្តាអាកាសធាតុ ណាមួយផ្លូវវាតូចចង្អៀត ដល់ពេលចឹងទៅរថយន្តធំៗដឹកអីវ៉ាន់ធ្ងន់ៗទៅលើស្ពានរងការខូចខាត»

ចំណែកលោក ម៉ែន ប៊ុនធឿន ជាមេឃុំតាវែងក្រោមបានលើកឡើងថា បច្ចុប្បន្ននេះផ្លូវនៅឃុំរបស់លោកមានការលំបាកខ្លាំងក្នុងការធ្វើដំណើរ។លោកបានបន្តថា ផ្លូវនេះធ្លាប់ត្រូវបានជួសជុលកាលពីឆ្នាំ២០២១ម្តងហើយ តែ២ឆ្នាំចុងក្រោយនេះវាខូចខ្លាំងជាងមុនដោយសារការ ចាក់ខ្សាច់ធ្វើផ្លូវដែលមិនមែនជាដីគ្រោះ ដែលដីខ្សាច់ងាយនឹងបណ្តាលឲ្យឆាប់ខូចបែបនេះ។

 

លោកថ្លែងបន្តថា៖ «បើយើងនិយាយចំផ្លូវហ្នឹងគឺវាខូចរយៈពេល២ឆ្នាំនេះហើយ ប៉ុន្តែឆ្នាំនេះវាខ្លាំងជាងមុនហ្នឹងណាស់ បាទ! តាំងពីស្រុករហូតដល់អារញ្ញព្រំប្រទល់ឃុំតាវែងក្រោម នៅដល់ភូមិកោះប៉ង់នួក! ផុតភូមិតាង៉ាច ប៉ុន្តែកាល២០២១យើងបានជួសជុល ដល់ពេលដល់២០២២ ២០២៣គឺចាប់ផ្តើមខូចហើយ បាទ! បើយើងគិតទៅ ពីស្រុកមកដល់ឃុំវាចូល៦គីឡូម៉ែត្រ ហើយពីឃុំទៅតាង៉ាចវាដល់ព្រំប្រទល់៩គីឡូម៉ែត្រទៀត អើ!ផ្លូវហ្នឹងវាខូចខាត វាមិនមែនខូចខាតមកពីមូលហេតុអីទេ ដោយសារយើងមានឡានរត់ទៅមក ដីហ្នឹង!យើងចាក់ដីវាមិនមែនជាដីគ្រោះវាដីខ្សាច់ធម្មតាចឹង!   ដល់ពេលឡានរត់ទៅរត់មកគឺវាខូច មិនមែនខូចមកពីអីទេ មកពីរថយន្តយើងធ្វើដំណើរក្មួយ! បាទ!»

 

លោកមេឃុំតាវែងក្រោមរូបនេះ បានបញ្ជាក់ថា ការសាង់សង់ជួសជុលឬក៏សាងសង់ឡើងវិញ មិនមានមានស្ថាប័នថ្នាក់លើណាដែលជួយនោះទេ ប៉ុន្តែមានតែគម្រោងវិនិយោគរបស់ឃុំផ្ទាល់ ជារៀងរាល់ឆ្នាំគឺចាប់តាំងពីអាណត្តិទី២ ទី៣ មកម្លេះ។ លោកអះអាងថា កន្លងមកគឺមានតែថវិកាកញ្ចប់របស់ឃុំក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលឃុំជាអ្នកលើកគម្រោងដើម្បីជួសជុលឬក៏ឈូសឆាយជួសជុលផ្លូវថ្មី មិនធ្លាប់មានការអន្តរាគមន៍ពីថ្នាក់ស្រុកឬអង្គភាពណាមួយនោះឡើយ។

 

លោកមេឃុំ សំណូមពរ ឱ្យមានអង្គភាពណាមួយជួយរឿងបញ្ហាការជួសជុលផ្លូវនេះ យ៉ាងណាឱ្យបាន ក្នុងឆ្នាំ២០២៤ខាងមុខនេះ ដ្បិតលោកអះអាងថា ថវិកាដែរដែលឃុំកំពុងមានគឺសម្រាប់តែកសាងផ្លូវថ្មីផ្សេងៗក្នុងឃុំ ចំណែកផ្លូវចាស់គឺមិនទាន់មានថវិកាសម្រាប់ជួសជុលនៅឡើយ៕

 

អត្ថបទខ្លីសរសេរដោយ កញ្ញា ទៀ រតនា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image
Image
Image