en     km
en     km

CCHR៖យុទ្ធនាការ១៦ថ្ងៃឆ្នាំ២០២៣ នឹងអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការជាក់លាក់ បញ្ឈប់ហិង្សាទាក់ទងយែនឌ័រ

Share

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ជាយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយែនឌ័រ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំយុទ្ធនាការនេះ ដើម្បីស្នើរាជរដ្ឋាភិបាលចាត់វិធានការជាក់លាក់ និងជាបន្ទាន់ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយែនឌ័រ ព្រមទាំងលើកម្ពស់សមភាពយែនឌ័រនៅក្នុងកម្ពុជា។ តែរាជរដ្ឋាភិបាលថា  ខ្លួនបានលើកកម្ពស់សិទ្ធិស្ដ្រី និងលើកម្ពស់សមភាពយែនឌ័រតាំងពីអាពត្តិមុន នឹងបន្ដនៅក្នុងអាណត្តិនេះទៀត។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានប្រកាសថា ក្នុងឱកាសយុទ្ធនាការ១៦ថ្ងៃ ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សនឹងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិស្ដ្រី និងផលប៉ះពាល់ដែលបង្កឡើងពីអំពើហិង្សាទាក់ទងនឹងយែនឌ័រនៅក្នុងសហគមន៍។ ក្រៅពីនេះស្ថាប័នធ្វើការរឿងសិទ្ធិមនុស្ស CCHR នឹងអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា​ចាត់វិធានការជាក់លាក់ និងជាបន្ទាន់ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយែនឌ័រ ព្រមទាំងលើកម្ពស់សមភាពយែនឌ័រនៅក្នុងប្រទេសកម្ពុជា។

ការប្រកាសរបស់ CCHR ធ្វើឡើង ខណៈដែលនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ជាថ្ងៃចាប់ផ្ដើមយុទ្ធនាការ១៦ថ្ងៃប្រចាំឆ្នាំ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយែនឌ័រ។ CCHR បញ្ជាក់ថា អំពើហិង្សាលើស្ដ្រី នៅតែជាការរំលោភបំពានសិទ្ធិមនុស្សដែលកើតមានឡើង និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរក្នុងចំណោមការរំលោភបំពានសិទ្ធិមនុស្សនានាលើពិភពលោក។

ផ្អែកតាមការប៉ាណប្រមាណពី CCHR ដដែល ស្ដ្រីកម្ពុជាច្រើនជាងម្នាក់ក្នុងចំណោម៥នាក់ ធ្លាប់បានរងគ្រោះពីសំណាក់ដៃគូរបស់ខ្លួន និងជឿថាតួលេខនេះបានកើនឡើងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។

លោក ប៉ែន បូណា មន្ដ្រីនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលបានលើកកម្ពស់សិទ្ធិស្ដ្រី និងលើកម្ពស់សមភាពយែនឌ័រ តាមរយៈការពង្រឹងតួនាទីរបស់ស្ដ្រីក្នុងជួររដ្ឋាភិបាល នយោបាយ សេដ្ឋកិច្ច និងក្នុងសង្គមជាដើម។ លោកបញ្ជាក់ថា ការលើកកម្ពស់យែនឌ័រនេះ ធ្វើឡើងតាំងពីរាជរដ្ឋាភិបាលអាណត្តិមុន និងបន្ដធ្វើនៅក្នុងអាណត្តិនេះផងដែរ។

យ៉ាងណាកន្លងមក គេសង្កេតឃើញថា អំពើហិង្សានៅតែកើតមាននៅក្នុងសង្គម ជាពិសេសលើកូដករជាស្ដ្រី ដែលតវ៉ារកយុត្តិធម៌សម្រាប់ខ្លួនឯង។ តែលោក ប៉ែន បូណា ថា កូដកម្ម មិនមែនជារឿងយែនឌ័រនោះទេ បើការតវ៉ារបស់កូដករបង្កឱ្យខូចសណ្ដាប់ធ្នាប់សារធារណៈ នោះនឹងអនុវត្តវិធានការតាមផ្លូវច្បាប់ដើម្បីរក្សាសណ្ដាប់ធ្នាប់។

គួរជម្រាបថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយែនឌ័រ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ទិវាសិទ្ធិមនុស្សអន្ដរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៣  ដែលជាទិវាសំខាន់ក្នុងការប្រារព្ធខួបនៃសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស ជាឯកសារគាំទ្រក្របខណ្ឌសិទ្ធិមនុស្សអន្ដរជាតិ និងមានបញ្ចូលជាលើកដំបូងនូវសិទ្ធិមនុស្សជាមូលដ្ឋានសម្រាប់មនុស្សគ្រប់រូប៕

Share

ព័ត៌មានទាក់ទង

Image